ពលរដ្ឋប្រមាណ ៧០០ នាក់ នៅទីក្រុង Zurich បានចុះឈ្មោះធ្វើជាអ្នកទោស ក្នុងការសាកល្បងជាប់ឃុំ ៤ ថ្ងៃ នៅក្នុងពន្ធនាគារដែលទើបត្រូវបានសាងសង់រួច មុនពេលដាក់ឱ្យប្រើប្រាស់ផ្លូវការ។
សារព័ត៌មាន Le Temps របស់ ស្វ៊ីស កាលពីចុងសប្ដាហ៍កន្លង បានឱ្យដឹងថា អាជ្ញាធរទីក្រុង Zurich ប្រកាសជ្រើសរើសអ្នកស្ម័គ្រចិត្តជាប់ឃុំ ៤ ថ្ងៃ នៅក្នុងមន្ទីរឃុំឃាំងដែលទើបសាងសង់រួចរាល់។ បេក្ខភាពស្ម័គ្រចិត្តត្រូវមានអាយុចាប់ពី ១៨ ឆ្នាំ និងត្រូវយល់ព្រមចូលរួមក្នុងការពិនិត្យប្រវត្តិរូប និងស្ម័គ្រចិត្តប្រគល់ខ្លួនឱ្យប៉ូលិសតាមដានសន្តិសុខ។
ក្នុងរយៈពេលសាកល្បងជាប់ពន្ធនាគារចាប់ពីថ្ងៃទី ២៤ មីនា ដល់ ២៧ មីនា អ្នកស្ម័គ្រចិត្តនឹងត្រូវឆ្លងកាត់ជីវភាពដែលដូចទៅនឹងទណ្ឌិតពិតប្រាកដនៅក្នុងមន្ទីរឃុំឃាំង Zurich ខាងលិច។ ពួកគេនឹងត្រូវបានត្រួតពិនិត្យ មុនពេលចូលបន្ទប់ឃុំខ្លួន ប៉ុន្តែ មានសិទ្ធិបដិសេធប្រការនេះ។
អ្នកស្ម័គ្រចិត្តនឹងទទួលបានអាហារជម្រុះ ៣ ពេលក្នុង ១ ថ្ងៃ និងមានជម្រើសសម្រាប់អ្នកតមសាច់ ព្រមទាំងមានអាហារសម្រាប់អ៊ីស្លាមសាសនិកផងដែរ។
បើសិនជាមានការស្ដាយក្រោយ អ្នកស្ម័គ្រចិត្តអាចចាកចេញនៅពេលចង់ នេះបើតាមក្រុមមន្ត្រីពន្ធនាគារ។ ចំនួនមនុស្សដែលបានចុះឈ្មោះចូលរួមការពិសោធនេះ មានប្រហែល ៧០០ នាក់ ច្រើនជាងជិត ៣ ដង ធៀបនឹងចំនួនទណ្ឌិត ២៤១ នាក់ ដែលពន្ធនាគារនេះអាចទទួលបាន។
Marc Eierman ប្រធានមន្ទីរឃុំឃាំង Zurich ខាងលិច ឱ្យដឹងថា គម្រោងសាកល្បងជាប់ពន្ធនាគារនេះ ដើម្បីអាចធានាបាននូវសកម្មភាពប្រចាំថ្ងៃ និងអនុញ្ញាតឱ្យក្រុមមន្ត្រីគ្រប់គ្រង និងអប់រំអ្នកទោស ឆាប់បានស្គាល់ស្ថានភាពរបស់ពន្ធនាគារថ្មី ដែលគ្រោងនឹងដាក់ឱ្យប្រើប្រាស់ចាប់ពីខែមេសាខាងមុខ។
«នៅពេលបានចូលរួមសាកល្បងជាប់ពន្ធនាគារ អ្នកអាចដឹងអំពីបរិស្ថានសុវត្ថិភាពដូចទៅនឹងអ្នកទោសពិតប្រាកដ។ គ្រប់គ្នាអាចប្រៀបធៀបរវាងប្រការដែលពួកគេបានឃើញទណ្ឌិតនៅក្នុងខ្សែភាពយន្ត និងភាពជាក់ស្ដែងនៅ ប្រទេសស្វ៊ីស» Eierman បញ្ជាក់ដូច្នេះ៕