Skip to content

​អាម៉េរិក បាន​បង្កើន​ចំនួន​យន្តហោះ​ចម្បាំង F-១៥ ឡើង​ដល់​​ទ្វេដង នៅ​ ​ប្រទេស​ប៉ូឡូញ ក្បែរ អ៊ុយក្រែន

រដ្ឋមន្ត្រី​ការពារជាតិ​នៃ ប្រទេស​ប៉ូឡូញ ប្រកាសថា សហរដ្ឋ​អាម៉េរិក បញ្ជូន​យន្តហោះ​ចម្បាំង​ចំនួន ៨ គ្រឿង​ទៀត ទៅកាន់​មូលដ្ឋានទ័ព Lask ទន្ទឹមនឹង ៨ គ្រឿង​ដែល​បានមក​ដល់ទី​នេះ​កាលពី​សប្ដាហ៍​មុន។

«៨ គ្រឿង​នេះ​នឹងចូលរួម​ក្នុង​ក្រុម ៨ គ្រឿង​ផ្សេងទៀត ដែល​បាន​មកដល់ ប៉ូឡូញ កាលពី​សប្ដាហ៍​កន្លង» រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ប៉ូឡូញ លោក Mariusz Blaszczak ឱ្យដឹង​ដូច្នេះ​កាលពី​ម្សិលមិញ។

ទីបញ្ជាការ​ប្រចាំ​តំបន់​អឺរ៉ុប របស់ កងទ័ព​សហរដ្ឋ​អាម៉េរិក មិនទាន់មាន​ការអធិប្បាយ​អ្វី​ទាក់ទិន​នឹង​ព័ត៌មាន​ខាងលើ​នៅឡើយ។

កងទ័ពអាកាស​អាម៉េរិក កាលពី​សប្ដាហ៍​កន្លង បានប្រកាសថា យន្តហោះ​ចម្បាំង F-១៥C/D ចំនួន ៨ គ្រឿង​របស់ខ្លួន បាន​ចុះចត​នៅ​មូលដ្ឋាន Lask ស្ថិតក្នុង​ភាគ​កណ្ដាល​របស់ ប៉ូឡូញ ដែលជា​ប្រទេស​នៅ​ជាយ​ខាងកើត​របស់ ណា​តូ (NATO) ជាប់​នឹង​ព្រំដែន អ៊ុយ​ក្រែ​ន បេឡា​រូស និង​ដែនដី​ឯនាយសមុទ្រ Kaliningrad របស់ រុស្ស៊ី។

ប្រទេស​ប៉ូឡូញ

សហរដ្ឋ​អាម៉េរិក កំពុង​បន្ថែម​កម្លាំង និង​ផ្លាស់ប្ដូរ​ទីតាំង​បោះទ័ព​របស់​ទាហាន ៦,០០០ នាក់ នៅ ប៉ូឡូញ រ៉ូ​ម៉ា​នី និង អាល្លឺម៉ង់ ក្នុង​គ្រា​ដែល សហរដ្ឋ​អាម៉េរិក និង​សម្ព័ន្ធមិត្ត​នៅ អឺរ៉ុប ចោទប្រកាន់ រុស្ស៊ី ថា មាន​ផែនការ​វាយប្រហារ អ៊ុយ​ក្រែ​ន បន្ទាប់ពី រុស្ស៊ី បាន​បញ្ជូនទាហាន​ជាង ១០០,០០០ នាក់ រួម​នឹង​សព្វាវុធទំនើបៗ ចូលទៅ​ក្បែរ​ព្រំដែន​ប្រទេសជិតខាង ប៉ុន្តែ រុស្ស៊ី បាន​បដិសេធ​ការចោទប្រកាន់​នេះ។

មុន​ការ​ចល័ត​ទ័ព​របស់ រុស្ស៊ី សហរដ្ឋ​អាម៉េរិក បាន​បញ្ជូន​នាវាចម្បាំង និង​យន្តហោះ​ទម្លាក់​គ្រាប់បែក B-១B ទៅ​ចូលរួម «សមយុទ្ធ​ក្រៅ​គម្រោង» របស់ ណា​តូ នៅ សមុទ្រ​ខ្មៅ ជាមួយនឹង​សមាជិក​ចំនួន ២ គឺ តួ​ក​គី និង រ៉ូ​ម៉ា​នី រួម​នឹង អ៊ុយ​ក្រែ​ន ផងដែរ។

ការ​ចល័ត​ទ័ព​របស់ រុស្ស៊ី សហរដ្ឋ​អាម៉េរិក ក៏ដូចជា​កម្លាំង​ដទៃ​ក្នុង​តំបន់ បាន និង​កំពុង​ធ្វើឱ្យ​ស្ថានការណ៍​នៃ​ជម្លោះ​ប្រដាប់អាវុធ​រវាង កងទ័ព​អ៊ុយ​ក្រែ​ន និង​ក្រុម​ផ្ដាច់ខ្លួន​នៅ​ភាគ​ខាងកើត ផ្ទុះឡើង​ជាថ្មី បន្ទាប់ពី​ស្ងប់ស្ងាត់​បាន​មួយរយៈ​ពេល៕

 

Leave a Reply

Your email address will not be published. Required fields are marked *