Skip to content

(វីដេអូ)-ផ្ទុះ​ភ្នំភ្លើង​នៅ អឺរ៉ុប​ខាងត្បូង បង្ក​ឱ្យ​មាន​​ព្យុះ​រន្ទះ​គួរឱ្យខ្លាច

(អ៊ីតាលី)-ភ្នំភ្លើង Etna បាន​ផ្ទុះ​យ៉ាងខ្លាំង​ក្លាភ្លាមៗកាលពី​សប្ដាហ៍​កន្លង បណ្ដាលឱ្យមាន​ព្យុះ​រន្ទះ​នៅលើ​មេឃ​ភាគខាងត្បូង​របស់​កោះ Sicily។

យោងតាម​វិទ្យាស្ថាន​ជាតិ​ភូគព្ភសាស្ត្រ និង​ភ្នំភ្លើង របស់ អ៊ីតាលី (INGV) ភ្នំភ្លើង​នេះ​បាន​ផ្ទុះឡើង​កាលពី​ពាក់​​ជិត​​កណ្ដាល​យប់​នៃ​​ថ្ងៃទី ១០ កុម្ភៈ និង​មិនបាន​បង្កឱ្យមាន​ការខូចខាត​ណាមួយ​ឡើយ។ ក៏ប៉ុន្តែ វា​បានធ្វើ​ឱ្យមាន​ផេះ​កម្ពស់​រហូតដល់ ១០ គីឡូម៉ែត្រ។

Etna គឺជា​ភ្នំភ្លើង​មួយ​ដែលមាន​សកម្មភាព​ខ្លាំង​ក្លា​បំផុត​នៅ អឺរ៉ុប ប៉ុន្តែ វា​កម្រ​នឹងមាន​ការផ្ទុះ​ខ្លាំង​ដូច​លើក​នេះ។ ប៉ុន្តែ កាលពី​ឆ្នាំ ២០១៥ និង ២០២១ ភ្នំភ្លើង Etna មានការ​ផ្ទុះ​ស្រដៀង​គ្នា​នេះដែរ។

រន្ទះ​ក្នុង​ប​ន្ទុះ​ភ្នំភ្លើង និង​រន្ទះ​ក្នុង​ភ្លៀង​សុទ្ធតែ​កើតឡើង​ដោយសារ​ការប៉ះទង្គិច​គ្នា​រវាង​គ្រាប់​ល្អិត​នានា ប៉ុន្តែ ជំនួស​ឱ្យ​ការបង្កើតឡើង​ដោយ​គ្រាប់​ទឹកកក​ក្នុង​ភ្លៀង​ធម្មតា រន្ទះ​នៅក្នុង​ប​ន្ទុះ​ភ្នំភ្លើង​គឺ​កើតឡើង​ដោយសារ​គ្រាប់​នៃ​កំ​អែរ​ម៉ាក់​ម៉ា។ នេះ​បើតាម Adam Varbel អ្នកស្រាវជ្រាវ​អំពី​ព្យុះ​នៅឯ​បន្ទប់ពិសោធន៍​ជាតិ ប៉ាស៊ីហ្វិក​ភាគ​ពាយព្យ។

https://www.youtube.com/watch?v=fXQfL77Om8U

ភ្នំភ្លើង Etna ស្ថិតនៅលើ​ឆ្នេរសមុទ្រ​ភាគ​ខាងកើត​នៃ​កោះ Sicily ដែល​នៅក្នុង​តំបន់​កណ្ដាល​នៃ​សមុទ្រ មេ​ឌី​ទែ​រ៉ា​ណេ។ ដោយមាន​កម្ពស់ ៣,៣៥៧ ម៉ែត្រ និង​ទំហំ ១,១៩០ គីឡូម៉ែត្រ​ក្រឡា នេះ​គឺជា​ភ្នំភ្លើង​សកម្ម​ធំ​បំផុត​នៅ អ៊ីតាលី៕

Leave a Reply

Your email address will not be published. Required fields are marked *