កាលពីថ្ងៃទី ១១ កុម្ភៈ ប្រធានាធិបតីអាម៉េរិក លោក ចូ បៃដិន បានចុះហត្ថលេខាលើបទបញ្ជាមួយដើម្បីបញ្ចេញខ្ទង់ថវិកាចំនួន ៧ ពាន់លានដុល្លារ របស់រដ្ឋាភិបាលចាស់នៅ អាហ្វហ្គានីស្ថាន។
ខ្ទង់ប្រាក់នេះ ក្រោយមកនឹងត្រូវបានប្រើប្រាស់ដើម្បីផ្ដល់ជាជំនួយផ្នែកមនុស្សធម៌ ដល់ប្រជាជាអាហ្វហ្គានីស្ថាន ក៏ដូចជាផ្ដល់ជាសំណងដល់ជនរងគ្រោះនៃករណីភេរវកម្មសំដៅលើ សហរដ្ឋអាម៉េរិក កាលពីថ្ងៃទី ១១ កញ្ញា ២០០១។
ជាក់ស្ដែង ខ្ទង់ថវិកា ៧ ពាន់លានដុល្លារខាងលើ ត្រូវបានបង្កកនៅក្នុងធនាគារកណ្ដាលរបស់អាម៉េរិក (FED) បន្ទាប់ពីរដ្ឋាភិបាលចាស់នៅ កាប៊ុល បានដួលរលំ ហើយកម្លាំងតាលីបង់ បានត្រលប់មកកាន់អំណាចនៅ អាហ្វហ្គានីស្ថាន កាលពីពាក់កណ្ដាលឆ្នាំ ២០២១។
មន្ត្រីជាន់ខ្ពស់មួយរូបរបស់ សហរដ្ឋអាម៉េរិក បានឱ្យដឹងថា ប្រធានាធិបតី ចូ បៃដិន គ្រោងនឹងប្រើប្រាស់ថវិកា ៣.៥ ពាន់លានដុល្លារនៅក្នុងខ្ទង់ប្រាក់ខាងលើ ដើម្បីបង្កើតមូលនិធិមួយសម្រាប់ផ្ដល់ជំនួយមនុស្សធម៌ដល់ អាហ្វហ្គានីស្ថាន «ដើម្បីផលប្រយោជន៍របស់ប្រជាជន និងអនាគតរបស់ប្រទេសនេះ»។
រដ្ឋាភិបាលបច្ចុប្បន្ននៅ អាហ្វហ្គានីស្ថាន នឹងមិនមានសិទ្ធិគ្រប់គ្រងមូលនិធិខាងលើ។ ចំណែក ៣.៥ ពាន់លានដុល្លារទៀត នឹងត្រូវបានប្រើប្រាស់សម្រាប់ជាសំណងដល់ជនរងគ្រោះនៅក្នុងអំពើភេរវកម្មថ្ងៃទី ១១ កញ្ញា ២០០១ បើសិនសំណើរបស់ជនរងគ្រោះត្រូវបានតុលាការអាម៉េរិក យល់ស្រប៕