ក្រសួងការពារជាតិឥណ្ឌូណេស៊ី បានចុះកិច្ចព្រមព្រៀងទិញយន្តហោះចម្បាំង Rafale ចំនួន ៤២ គ្រឿង របស់ ប្រទេសបារាំង ក្រោយពីបានលុបចោលកិច្ចសន្យាទិញយន្តហោះចម្បាំង Su-៣៥ របស់ រុស្ស៊ី។
«យើងបានយល់ព្រមទិញយន្តហោះចម្បាំង Rafale ចំនួន ៤២ គ្រឿង។ កិច្ចព្រមព្រៀងទិញនៅថ្ងៃនេះរួមមាន ៦ គ្រឿងដំបូង ហើយក្រោយមក ៣៦ គ្រឿងទៀត» រដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ី លោក Prabowo Subianto ថ្ងៃនេះ បានឱ្យដឹងដូច្នេះ។
យន្តហោះចម្បាំង Rafale ដែលទិញពី បារាំង នឹងជួយឱ្យ ឥណ្ឌូណេស៊ី ធ្វើទំនើបកម្មទ័ពអាកាសរបស់ខ្លួន។ បច្ចុប្បន្ន ប្រទេសនេះមានយន្តហោះចម្បាំង F-១៦ របស់ អាម៉េរិក ចំនួន ៣៣ គ្រឿង និងយន្តហោះចម្បាំង ទិញពី រុស្ស៊ី ចំនួន ១៦ គ្រឿង រួមមាន Su-២៧ ចំនួន ៥ គ្រឿង និង Su-៣០ ចំនួន ១១ គ្រឿង។
ការបញ្ជាទិញខាងលើនេះត្រូវបានចុះហត្ថលេខាជិត ២ ខែ បន្ទាប់ពី ឥណ្ឌូណេស៊ី បានប្រកាសបោះបង់កិច្ចសន្យាទិញយន្តហោះចម្បាំង Su-៣៥S របស់ រុស្ស៊ី ដែលមានតម្លៃជាង ១.១ ពាន់លានដុល្លារ ដោយមិនបានបញ្ជាក់អំពីមូលហេតុ។ ប៉ុន្តែ មុននោះ ក្រុមមន្ត្រីអាម៉េរិក បានព្រមានជាច្រើនលើកថា ឥណ្ឌូណេស៊ី នឹងប្រឈមមុខនឹងការដាក់ទណ្ឌកម្ម បើសិនទិញអាវុធពី រុស្ស៊ី៕