កាលពីថ្ងៃទី ៩ កុម្ភៈ ក្រុមមន្ត្រីសុខាភិបាលនៃ ប្រទេសស៊ុយអែត បានប្រកាសថា ជំងឺរាតត្បាតដែលបង្កឡើងដោយ វីរុស SARS-CoV-2 (កូវីដ-១៩) បានបញ្ចប់នៅក្នុងប្រទេសអឺរ៉ុបខាងជើងនេះ បើទោះជាមានការព្រមានអំពីហានិភ័យឆ្លងរាលដាល។
សារព័ត៌មាន AP បានឱ្យដឹងថា ឆ្លើយតបនឹងសំណួររបស់សារព័ត៌មាន Dagens Nyheter កាលពីថ្ងៃទី ៩ កុម្ភៈ រដ្ឋមន្ត្រីក្រសួងសុខាភិបាលស៊ុយអែត Lena Hallengren បានលើកឡើងថា៖ «ជាមួយនឹងអ្វីដែលយើងបានដឹងអំពីជំងឺរាតត្បាតសកល ខ្ញុំនិយាយថា វាបានកន្លងផុតទៅហើយ…។ បើទោះជាមិនទាន់បញ្ចប់ជាស្ថាពរ ប៉ុន្តែយើងឃើញថា មានការផ្លាស់ប្ដូរយ៉ាងឆាប់រហ័ស។ កូវីដ-១៩ ពេលនេះ លែងត្រូវបានចាត់ទុកថាជាការគំរាមកំហែងដល់សង្គមទៀតហើយ»។
ក្នុងថ្ងៃដដែល ប្រធានអាជ្ញាធរសុខាភិបាលសាធារណៈរបស់ ស៊ុយអែត លោកស្រី Karin Tegmark Wisell ក៏បានវាយតម្លៃថា «ប្រាក់ចំណាយ និងភាពចាំបាច់នៃការធ្វើតេស្តកូវីដ-១៩ លែងសមស្របទៀតហើយនៅ ស៊ុយអែត។ បើសិនជាធ្វើតេស្តសំណាកទូទៅលើមនុស្សគ្រប់គ្នាដែលបានឆ្លង កូវីដ-១៩ នោះមានន័យថា យើងនឹងត្រូវចំណាយកន្លះពាន់លាន ក្រូណូរ/សប្ដាហ៍ (ប្រហែល ៥៥ លានដុល្លារអាម៉េរិក) និង ២ ពាន់លានក្រូណូរ/ខែ (២២០ លានដុល្លារអាម៉េរិក)»។
ចាប់ពីថ្ងៃទី ៩ កុម្ភៈ ស៊ុយអែត បានបញ្ចប់ស្ទើរតែទាំងស្រុងនូវវិធានការរឹតបន្តឹងនានា ដើម្បីទប់ស្កាត់ការឆ្លង កូវីដ-១៩ ដោយបានផ្អាកការធ្វើតេស្តសំណាកស្ទើរតែទាំងអស់។ បណ្ដាភោជនីយដ្ឋាន និងក្លឹបរាត្រីជាដើម ត្រូវបានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញរហូតដល់ក្រោយម៉ោង ២៣ ជារៀងរាល់យប់ ហើយក៏មិនមានការកំណត់ចំនួនភ្ញៀវដែលចូលទទួលសេវាកម្ម។ ចំណែកកម្មវិធីធំៗដែលធ្វើនៅឯផ្ទះ ក៏អាចធ្វើឡើងដោយសេរី ខណៈដែលប័ណ្ណបញ្ជាក់អំពីការចាក់វ៉ាក់សាំង ក៏អាចលែងជារបស់ចាំបាច់ទៀតដែរ។
យោងតាមការអនុវត្តថ្មី ការធ្វើតេស្ត PCR ដោយមិនគិតថ្លៃ នឹងត្រូវបានធ្វើឡើងចំពោះតែបុគ្គលិកសុខាភិបាល និងអ្នកថែទាំមនុស្សចាស់ និងអ្នកដែលមានហានិភ័យរងផលប៉ះពាល់ប៉ុណ្ណោះ នៅពេលពួកគេមានរោគសញ្ញា។ ប្រជាជនស៊ុយអែត នឹងគ្រាន់តែត្រូវស្នើឱ្យនៅផ្ទះ បើសិនពួកគេមានរោគសញ្ញាដែលសង្ស័យថា បានឆ្លង កូវីដ-១។
កាលពីពាក់កណ្ដាលខែមករា រដ្ឋាភិបាលស៊ុយអែត ក៏លែងស្នើឱ្យអ្នកទេសចរណ៍បង្ហាញលិខិតបញ្ជាក់ការធ្វើតេស្តអវិជ្ជមាននឹង កូវីដ-១៩ ទៀតដែរ នៅពេលពួកគេចូលមកលេងប្រទេសនេះ។
ទោះជាយ៉ាងណាក៏ដោយ ក៏នៅតែមានការព្រួយបារម្ភ។ បច្ចុប្បន្ន មន្ទីរពេទ្យនានានៅ ស៊ុយអែត នៅតែមានអារម្មណ៍តានតឹង ដោយសារតែមានអ្នកជំងឺកូវីដ-១៩ ប្រហែល ២,២០០ នាក់ទៀត កំពុងត្រូវការការថែទាំនៅមន្ទីរពេទ្យ ប្រហាក់ប្រហែលនឹងរលកនៃការឆ្លងទី ២ កាលពីរដូវផ្ការីក ២០២។
ដោយសារតែស្ថាប័ននានារបស់ ក្រសួងសុខាភិបាល បានផ្អាកការធ្វើតេស្តដោយឥតគិតថ្លៃ ដូច្នេះ ពុំមានអ្នកណាម្នាក់បានដឹងច្បាស់ថា មានករណីឆ្លងថ្មីចំនួនប៉ុន្មាននាក់នោះឡើយ។
ចាប់តាំងពី កូវីដ-១៩ បានផ្ទុះឆ្លងរាលដាលរហូតដល់បច្ចុប្បន្ន ប្រទេសស៊ុយអែត មានអ្នកឆ្លងជំងឺនេះសរុបជាង ២.៤ លាននាក់ ក្នុងនោះមានជាង ១៦,០០០ នាក់ បានបាត់បង់ជីវិត និងជាង ១ លាននាក់ បានជាសះស្បើយ៕