មេដឹកនាំនៃវិទ្យាស្ថាន Robert Koch (RKI) លោក Lothar Wieler ប្រកាសថា ប្រទេសអាល្លឺម៉ង់ នឹងឆ្លងផុតរលករាតត្បាតកូវីដ-១៩ ដែលបង្កឡើងដោយ អូមីក្រុង ក្នុងពេលឆាប់ៗខាងមុខ ហើយអាចទទួលអំណរបុណ្យអ៊ីស្ទើរ (Easter) ជាមួយនឹងការបន្ធូរបន្ថយវិធានការទប់ស្កាត់ការឆ្លងរាលដាល។
ក្នុងសន្និសីទជាមួយនឹងរដ្ឋមន្ត្រីក្រសួងសុខាភិបាល Karl Lauterbach កាលពីថ្ងៃទី ៨ កុម្ភៈ មេដឹកនាំអាជ្ញាធរគ្រប់គ្រង និងទប់ស្កាត់ជំងឺឆ្លងរបស់ អាល្លឺម៉ង់ លោក Lothar Wieler បានឱ្យអះអាងថា៖ «យើងកំពុងឈរនៅចំពោះមុខរបត់ថ្មីមួយ ហើយខ្ញុំមានជំនឿថា យើងនឹងឆ្លងផុតរលកនៃការរាតត្បាតដែលបង្កឡើងដោយ អូមីក្រុង។ មកដល់បច្ចុប្បន្ន យើងបានឆ្លងកាត់វិបត្តិជំងឺឆ្លងនេះ បានយ៉ាងល្អ»។
លោក Wieler ឱ្យដឹងថា អត្រានៃអ្នកជំងឺ កូវីដ-១៩ ប្រភេទ អូមីក្រុង បានវិវត្តទៅជាធ្ងន់ធ្ងរ មានកម្រិតទាបជាងឆ្ងាយ ធៀបនឹង វ៉ារ្យ៉ង់ ដេលតា។ ដូច្នេះ អាល្លឺម៉ង់ នឹងអាចឆ្លងផុតពីរលកនៃការឆ្លងក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខ ហើយប្រជាជនអាចទទួលអំណរបុណ្យអ៊ីស្ទើរ ប្រកបដោយសេរីភាពជាងមុន។
ទោះជាយ៉ាងណាក៏ដោយ មេដឹកនាំ RKI នៅតែអំពាវនាវឱ្យប្រជាជនគោរព និងអនុវត្តតាមវិធានការដែលបានដាក់ចេញ ព្រោះថា នៅមានកត្តាជាច្រើនដែលធ្វើឱ្យ កូវីដ-១៩ ងើបឡើងវិញយ៉ាងឆាប់រហ័ស ក្នុងនោះមានដូចជា កត្តាមនុស្សវ័យលើសពី ៦០ មិនទាន់បានចាក់វ៉ាក់សាំង នៅមានច្រើន ខណៈដែលអត្រានៃការឆ្លង អូមីក្រុង ភាគច្រើនកើតឡើងលើមនុស្សវ័យចំណាស់។
ដោយឡែក រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Lauterbach បានថ្លែងថា ការឆ្លង កូវីដ-១៩ នៅ អាល្លឺម៉ង់ អាចឡើងដល់កម្រិតកំពូលនៅពាក់កណ្ដាលខែកុម្ភៈ ឬយូរជាងនេះ។
លោក Lauterbach បញ្ជាក់ថា ក្រសួងសុខាភិបាលនឹងគ្រាន់តែបន្ធូរបន្ថយការរឹតបន្តឹងវិធានការទប់ស្កាត់នៅមុនរដូវបុណ្យអ៊ីស្ទើរ នៅខែមេសា តែប៉ុណ្ណោះ៕