ព្រះអង្គម្ចាស់ Charles មានបន្ទូលថា មានមោទកភាពយ៉ាងជ្រាលជ្រៅចំពោះបំណងតែងតាំងព្រះនាង Camilla ជាអគ្គមហេសីនៃចក្រភពអង់គ្លេស។
«ក្នុងទិវាប្រវត្តិសាស្ត្រនេះ ខ្ញុំ និងមហេសី កំពុងថ្វាយព្រះពរមហាក្សត្រី ដែលទ្រង់បានគ្រប់គ្រងប្រទេស និងចក្រភពអង់គ្លេស (បណ្ដាប្រទេសជាសមាជិករបស់ខំមិនវែល (Commonwealth) អស់រយៈពេល ៧០ ឆ្នាំកន្លង។ យើងមានមនសិការយ៉ាងជ្រាលជ្រៅចំពោះមោទកភាពដែលត្រូវបានបង្ហាញតាមរយៈបំណងរបស់ព្រះមាតា។ នៅពេលយើងរួមដៃគ្នាបម្រើមហាក្សត្រី និងប្រជាជន មហេសីជាទីស្រលាញ់របស់ខ្ញុំ នៅតែជាទីពឹងដ៏រឹងមាំរបស់ខ្ញុំក្នុងរយៈពេលកន្លង» ព្រះអង្គម្ចាស់ Charles បានប្រកាសដូច្នេះកាលពីថ្ងៃទី ៦ កុម្ភៈ។
ប្រកាសរបស់ព្រះអង្គម្ចាស់ Charles ត្រូវបានលើកឡើងមួយថ្ងៃបន្ទាប់ពីមហាក្សត្រីអង់គ្លេស Elizabeth II សម្ដែងអំពីបំណងចង់ឱ្យរាជបុត្រីសុណិសា (បុត្រីប្រសា) Camilla ត្រូវបានតែងតាំងជាអគ្គមហេសី ជាឋានៈខ្ពស់បំផុតសម្រាប់មហេសីរបស់ស្ដេច នៅពេលព្រះអង្គម្ចាស់ Charles ឡើងគ្រងរាជសម្បត្តិ។
ព្រះអង្គម្ចាស់ Charles និងមហេសី Camilla បានរៀបអភិសេកកាលពីឆ្នាំ ២០០៥ បន្ទាប់ពីក្សត្រទាំងពីរអង្គនេះសុទ្ធតែធ្លាប់បានឆ្លងកាត់អាពាហ៍ពិពាហ៍បែកបាក់។ ព្រះអង្គម្ចាស់ Charles បានផ្ដាច់ចំណងអាពាហ៍ពិពាហ៍ជាមួយព្រះនាង Diana កាលពីឆ្នាំ ១៩៩៦ មួយឆ្នាំមុនពេលព្រះនាងបានចូលទិវង្គតដោយសារគ្រោះថ្នាក់ចរាចរណ៍នៅ ទីក្រុងបារីស។
យោងតាមច្បាប់ នៅពេលព្រះអង្គម្ចាស់ Charles ឡើងគ្រងរាជ ព្រះនាង Camilla នឹងត្រូវបានតែងតាំងជាអគ្គមហេសី ដែលជាតំណែងខ្ពស់បំផុតសម្រាប់មហេសីរបស់មហាក្សត្រ ប៉ុន្តែ រាជវាំងអង់គ្លេស នៅមានការរារែកអំពីប្រតិកម្មរបស់សាធារណមតិ ដូច្នេះមានដំណឹងចរាចាមអារ៉ាមថា ព្រះនាង Camilla នឹងត្រូវបានតែងតាំងជា មហេសី ប៉ុណ្ណោះ ពោលគឺមិនមែន អគ្គមហេសី នោះទេ។
ប៉ុន្តែ ប្រកាសរបស់មហាក្សត្រីអង់គ្លេស បានត្រួសត្រាយផ្លូវដើម្បីឱ្យព្រះនាង Camilla ក្លាយជា «អគ្គមហេស៊ី» ក្នុងពេលអនាគត។ មហាក្សត្រីអង់គ្លេស បច្ចុប្បន្នមានព្រះជន្មាយុ ៩៥ វស្សា ក៏មានសិទ្ធិតែងតាំងឋានៈជាអគ្គមហេសី ដល់បុត្រីសុណិសា នៅពេលរាជបុត្រា Charles របស់ទ្រង់ បានឡើងគ្រងរាជ។
មហាក្សត្រីអង់គ្លេស Elizabeth II កំពុងប្រារព្ធមហាទិវាអនុស្សាវរីយ៍នៃការឡើងសោយរាជសម្បត្តិរយៈពេល ៧០ ឆ្នាំ។ មហាក្សត្រីអង្គនេះ គឺជាក្សត្រដំបូងគេបង្អស់ដែលគ្រងរាជបាន ៧០ ឆ្នាំ ហើយក៏ជាក្សត្រដែលសោយរាជបានយូរជាងគេក្នុងពិភពលោកផងដែរ៕