Skip to content

ករណី​ក្មេង​អាយុ ៥ ឆ្នាំ ជាប់​ក្នុង​កូន​​អណ្ដូង​​ជម្រៅ​​ជាង​ ៣០ ម៉ែត្រ មេ​ដឹក​នាំ​​បារាំង​​ចូល​រួម​​រំលែក​​ទុក្ខ​ ខណៈ​​​​​សង្ឃ​រាជ ​Francis​ កោត​សរសើរ​​ដល់​​ក្រុម​​សង្គ្រោះ

សម្ដេច​សង្ឃរាជ Francis កាលពី​ម្សិលមិញ បាន​ថ្លែង​កោតសរសើរ​ប្រជាជន​ម៉ា​រ៉ុ​ក ដែល​បាន​សាមគ្គី​គ្នា​នៅក្នុង​ការជួយ​សង្គ្រោះ​កុមារ Rayan ដែល​បាន​ធ្លាក់ចូល​ជាប់​ក្នុង​កូន​អណ្ដូង​ជម្រៅ ៣២ ម៉ែត្រ បើទោះជា​លទ្ធផល​មិន​សម​តាម​បំណង។

«គ្រប់គ្នា​បាន​រួមដៃគ្នា​ជួយសង្គ្រោះ Rayan» សម្ដេច​សង្ឃ Francis មាន​សង្ឃដីកា​ដូច្នេះ​នៅក្នុង​ពិធីបួងសួង​ប្រចាំ​សប្ដាហ៍​នៅឯ​ទីលាន Peter នៃ បុរី​វ៉ា​ទី​កង់។ «ក្រុម​បុគ្គលិក​ជួយ​សង្គ្រោះបាន​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ ប៉ុន្តែ គួរឱ្យ​សោកស្ដាយ ពួកគេ​មិន​ទទួលបាន​ជោគជ័យ។ យ៉ាងណាក៏ដោយ នេះ​គឺជា​គំរូ​ល្អ​មួយ»។

Rayan ជា​ក្មេងប្រុស​អាយុ ៥ ឆ្នាំ បាន​ធ្លាក់ចូល​ជាប់​ក្នុង​អណ្ដូង​គោក ជម្រៅ​រហូតដល់ ៣២ ម៉ែត្រ ក្នុងភូមិ​ដាច់ស្រយាល Ighrane ក្នុង​ខេត្ត Chefchaouen ភាគ​ខាងជើង​ប្រទេស​ម៉ា​រ៉ុ​ក ស្ថិតក្នុង​តំបន់ អាហ្វ្រិក​ខាងជើង ចាប់ពី​រសៀល​ថ្ងៃទី ១ កុម្ភៈ និង​ជាប់​ក្នុង​អណ្ដូង​នេះ​រហូតដល់​ក្រុម​អ្នក​សង្គ្រោះបាន​រកឃើញ។

មាត់​អណ្ដូង​មាន​អង្កត់ផ្ចិត ៤៥ ស.ម ប៉ុណ្ណោះ ដូច្នេះ បុគ្គលិក​សង្គ្រោះ​ពិតជា​ពិបាក​ក្នុង​ការចុះទៅ​ជួយ​ដល់​ផ្ទាល់។ ការកាយ​ពង្រីក​មាត់​អណ្ដូង​ឱ្យ​ធំ ក៏មាន​ហានិភ័យ​ខ្ពស់ ទើប​កម្លាំង​សង្គ្រោះ​សម្រេចចិត្ត​ប្រើប្រាស់​អាត្រា​ក់កាយ​ដី​តាម​ជើងភ្នំ​ទន្ទឹមនឹង​អណ្ដូង​ដើម្បី​ស្វែងរក​វិធី​សង្គ្រោះ​ក្មេង​នេះ។

ក្រុម​វេជ្ជបណ្ឌិត​បាននាំគ្នា​រង់​ចាំ​ពិនិត្យ និង​ព្យាបាល​កុមារ​នេះ នៅពេល​ត្រូវបាន​នាំ​ឡើង​មកលើ។ ឧ​ត្ថ​ម្ភា​គ​ចក្រ ១ គ្រឿង​ក៏​កំពុង​ត្រៀម​ក្បែរ​នោះ ដើម្បី​ដឹក Rayan ទៅកាន់​មន្ទីរពេទ្យ។

ប្រជាជន​អ៊ីតាលី បាននាំគ្នា​តាមដាន​ហេតុការណ៍​នេះ​យ៉ាង​យកចិត្តទុកដាក់ ព្រោះថា វា​ស្រដៀង​នឹង​ហេតុការណ៍​មួយ​កាលពី​ឆ្នាំ ១៩៨១ នៅពេល​បុគ្គលិក​សង្គ្រោះ​រាប់សិប​នាក់ ព្យាយាម​ជួយសង្គ្រោះ Alfredino Rampi ជា​ក្មេងប្រុស​អាយុ ៦ ឆ្នាំ ដែល​ជាប់​ក្នុង​អណ្ដូង​រយៈពេល ៣ ថ្ងៃ។ ប៉ុន្តែ ក្មេង​នេះ​បាន​បាត់​បង់ជីវិត មុនពេល​ក្រុម​សង្គ្រោះបាន​ចូលដល់។

ក្នុងករណី Rayan មុន​សង្ឃដីកា​របស់​ស​ម្ដេច Francis ប្រធានាធិបតី​បារាំង Emmanuel Macron ក៏បាន​ផ្ញើ​សារ​ចូលរួម​រំលែក​ទុក្ខ​នៃ​ក្រុមគ្រួសារ​ក្មេងប្រុស​នេះ​ផងដែរ។

អ្នកលេង​បណ្ដាញ​សង្គម Twitter ក៏បាន​សម្ដែង​ការគោរព​ចំពោះ​បុគ្គលិក​សង្គ្រោះ​ម្នាក់​ឈ្មោះ Ali Sahrawi ដែលជា​អ្នកជំនាញ​ផ្នែក​ជីក​អណ្ដូង បាន​ចំណាយពេល​រាប់​ម៉ោង​ដើម្បី​ជីក​កកាយ​ដី​ដោយ​ដៃទទេ៕

Leave a Reply

Your email address will not be published. Required fields are marked *