Skip to content

(វីដេអូ)-ក្មេង​អាយុ ៥ ឆ្នាំ ធ្លាក់​ចូលក្នុង​អណ្ដូង​ជម្រៅជាង​ ៣០ ម៉ែត្រ

(ម៉ា​រ៉ុ​ក) Rayan ជា​ក្មេងប្រុស​អាយុ ៥ ឆ្នាំ ធ្លាក់​ចូល​ និង​ជាប់​ក្នុង​​អណ្ដូង​តូច​មួយ​ដែលមាន​ជម្រៅ​រហូតដល់ ៣២ ម៉ែត្រ នៅក្នុង​ខេត្ត Chefchaouen អស់​រយៈពេល ៤ យប់ ខណៈដែល​អាជ្ញាធរ​កំពុង​ប្រឹងប្រែង​ជួយសង្គ្រោះ។

Rayan បាន​ធ្លាក់​ចូលក្នុង​អណ្ដូង​គោក​ក្នុងភូមិ​ដាច់ស្រយាល Ighrane ភាគ​ខាង​ជើងប្រទេស​ម៉ា​រ៉ុ​ក ស្ថិតក្នុង​តំបន់​ អាហ្វ្រិក​ខាងជើង ចាប់ពី​រសៀល​ថ្ងៃទី ១ កុម្ភៈ និង​ជាប់​ក្នុង​អណ្ដូង​នេះ​រហូតដល់​បច្ចុប្បន្ន។

មាត់​អណ្ដូង​មាន​អង្កត់ផ្ចិត ៤៥ ស.ម ប៉ុណ្ណោះ ដូច្នេះ បុគ្គលិក​សង្គ្រោះ​ពិតជា​ពិបាក​ក្នុង​ការចុះទៅ​ជួយ​ដល់​ផ្ទាល់។ ការកាយ​ពង្រីក​មាត់​អណ្ដូង​ឱ្យ​ធំ ក៏មាន​ហានិភ័យ​ខ្ពស់ ទើប​កម្លាំង​សង្គ្រោះ​សម្រេចចិត្ត​ប្រើប្រាស់​អាត្រា​ក់កាយ​ដី​តាម​ជើងភ្នំ​ទន្ទឹមនឹង​អណ្ដូង​ដើម្បី​ស្វែងរក​វិធី​សង្គ្រោះ​ក្មេង​នេះ។

ការជួយ​សង្គ្រោះ មានការ​លំបាក​ខ្លាំង ដោយសារតែ​តំបន់​នេះ​ភាគច្រើន​ជា​ដី​លាយ​ខ្សាច់ និង​មាន​ថ្ម​ច្រើន អាច​នាំឱ្យមាន​ការ​​បាក់ស្រុត។

ក្រុម​សង្គ្រោះ​រក​វិធី​បញ្ជូន​ទឹក និង​អុកស៊ីសែន ទៅឱ្យ Rayan កាលពី​ថ្ងៃទី ៣ កុម្ភៈ ប៉ុន្តែ តាំងពី​ពេលនោះ​មក ពួកគេ​មិនបាន​បង្ហើប​ឱ្យ​ដឹង​អំពី​ស្ថានភាព​របស់​ក្មេងរងគ្រោះ​នេះ។

Rayan មាន​អាយុទើប​តែ​ ៥ ឆ្នាំ​ប៉ុណ្ណោះ

មនុស្ស​រាប់ពាន់នាក់​ប្រមូលផ្ដុំ​គ្នា​នៅ​ជុំវិញ​អណ្ដូង ជួនកាល​ពួកគេ​នាំគ្នា​ទះដៃ ស្រែក​ហ៊ោ​ដើម្បី​លើកទឹកចិត្ត​ដល់​ក្រុម​សង្គ្រោះ។

នៅ​ព្រលប់​ថ្ងៃទី ៤ កុម្ភៈ កម្លាំង​សង្គ្រោះ​ចាប់ផ្ដើម​ធ្វើការ​ក្រោម​ពន្លឺភ្លើង​ហ្វា​នៅក្នុង​ដំណាក់កាល​ចុងក្រោយ​នៃ​បេសកកម្ម។ ពួកគេ​កំពុង​ប្រើប្រាស់​ចបជីក ដើម្បី​ជីក​កាយ​រូង​ប្រវែង ៣ ម៉ែត្រ ឆ្ពោះ​ចូលទៅ​កាន់​កន្លែង​ក្មេង​នេះកំពុង​ជាប់។

ម្ដាយ​របស់​កុមារ​រងគ្រោះ​និយាយថា កូនប្រុស​របស់គាត់​កំពុង​លេង​ក្បែរ​អណ្ដូង ក៏​ស្រាប់តែ​បាន​បាត់​ខ្លួន​កាលពី​រសៀល​ថ្ងៃទី ១ កុម្ភៈ។ «ខ្ញុំ​នៅតែ​សង្ឃឹមថា កូនប្រុស​ខ្ញុំ​នៅមាន​ជីវិត និង​ត្រូវបាន​សង្គ្រោះ​ចេញ​មក​ក្រៅ»។

ក្រុម​វេជ្ជបណ្ឌិត កំពុង​រង់ចាំ​ពិនិត្យ និង​ព្យាបាល​កុមារ​នេះ នៅពេល​ត្រូវបាន​នាំ​ឡើង​មកលើ។ ឧ​ត្ថ​ម្ភា​គ​ចក្រ ១ គ្រឿង​ក៏​កំពុង​ត្រៀម​ក្បែរ​នោះ ដើម្បី​ដឹក Rayan ទៅកាន់​មន្ទីរពេទ្យ៕

Leave a Reply

Your email address will not be published. Required fields are marked *