Skip to content

ជម្រក​របស់​មេដឹកនាំ IS រំលំ​រលាយ បន្ទាប់ពី​ការ​វាយឆ្មក់​របស់​កម្លាំង​ពិសេស​អាម៉េរិក

ជាន់​ទី ៣ របស់​អគារ​ដែល​ជាទី​លាក់ខ្លួន​របស់​មេដឹកនាំ​អង្គការ​រដ្ឋ​អ៊ីស្លាម (IS) al-Quraishi នៅ ប្រទេស​ស៊ី​រី ហាក់ដូច​នៅសល់តែ​គំនរ​បាក់បែក ក្រោយពី​មេ​ភេរវ​ករ​នេះ​បាន​បំផ្ទុះ​គ្រាប់បែក​អត្តឃាត។

មេដឹកនាំ​អង្គការ​រដ្ឋ​អ៊ីស្លាម Abu Ibrahim al-Hashimi al-Quraishi កាលពី​ថ្ងៃទី ៣ កុម្ភៈ ត្រូវបាន​កម្ចាត់​ចោល​នៅ​កន្លែង​លាក់ខ្លួន​ក្នុង​ទីរួមស្រុក Atmeh ភាគ​ខាងជើង​ប្រទេស​ស៊ី​រី ក្នុង​បេសកកម្ម​វាយឆ្មក់​របស់ អាម៉េរិក។

ក្នុង​រូបថត​ខាងលើ​គឺជា​ស្ថានភាព​បាក់បែក​នៅ​ជាន់​ទី ៣ របស់​អគារ​មួយ​ដែល al-Quraishi លាក់ខ្លួន។ Muhammad Sheikh ដែលជា​ម្ចាស់ផ្ទះ និយាយថា អ្នកបើកបរ​រថយន្ត​ជនជាតិ​ស៊ី​រី​ម្នាក់ បាន​ជួល​ផ្ទះ​នេះ​តាំងពី ១១ ខែ​មុន​ក្នុងតម្លៃ ១៣០ ដុល្លារ/ខែ។

អ្នកបើកបរ​នេះ​ត្រូវបាន​គេ​ស៊ើប​ដឹងថា​ជា​ថ្នាក់ក្រោម​របស់ al-Quraishi ដែល​ធ្វើ​កិច្ចការ​ជា​អ្នក​បញ្ជូន​សារ។

នៅពេល​ត្រូវបាន​ឡោមព័ទ្ធ​ដោយ​កងកម្លាំង​ពិសេស​អាម៉េរិក al-Quraishi បាន​បំផ្ទុះ​គ្រាប់បែក​អត្តឃាត ធ្វើឱ្យ​ជាន់​ទី ៣ របស់​អគារ​ត្រូវ​ខ្ទេចខ្ទី ហើយ​សមាជិក​ទាំងអស់​របស់​គ្រួសារ​ជននេះ​ក៏បាន​ស្លាប់ ក្នុងនោះ​មាន​ស្ត្រី និង​កុមារ​ផងដែរ។

ក្នុង​ការរៀប​ផែនការ ក្រុមមន្ត្រី​ស៊ើបការណ៍​អាម៉េរិក បានធ្វើ​ការវិភាគ​ព័ត៌មានផ្សេងៗជាច្រើន​ដើម្បី​កំណត់​ទីតាំង​របស់ al-Quraishi និង​ស្វែងយល់​អំពី​សកម្មភាព​របស់​ជ​ន​នេះ។ ពួកគេ​បានដឹងថា al-Quraishi កម្រ​ចេញពី​ជម្រក​នៅ​ជា​ន់ទី ៣ លើកលែងតែ​ពេល​ងូតទឹក ឬ​បួងសួង​នៅលើ​ដំបូលផ្ទះ។

ដោយ​យល់ថា al-Quraishi ប្រាកដជា​អាច​បំផ្ទុះ​គ្រាប់បែក​អត្តឃាត បើសិន​កម្លាំង​អាម៉េរិក សម្រុក​ចូលមក​ក្បែរ​ជញ្ជាំង​អគារ ក្រុមមន្ត្រី​អាម៉េរិក ក៏បាន​ចេញ​បញ្ជា​ឱ្យ​ស្រាវជ្រាវ​អំពី​លក្ខណៈ​បច្ចេកទេស​របស់​អគារ​ដែលមាន ៣ ជាន់​នេះ ដើម្បី​ឱ្យដឹងថា វា​អាច​បាក់ស្រុត​រំលំ ឬទេ នៅក្នុង​ករណីនេះ។ ចុងក្រោយ ពួកគេ​កំណត់​ច្បាស់​ថា ផ្ទះ​នេះ​រឹងមាំ​គ្រប់គ្រាន់ អាច​ទប់ទល់​បាន។

Al-Quraishi ដែលមាន​ឈ្មោះ​ពិត​ថា Amir Mohammed Said Abd al-Mawla បាន​ឡើងកាន់តំណែង​ជា​មេដឹកនាំ​តាំងពី ២ ឆ្នាំមុន បន្ទាប់ពី Abu Bakr al-Baghdadi ដែលជា​អ្នកបង្កើត​អង្គការ​រដ្ឋ​អ៊ីស្លាម បាន​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅក្នុង​បេសកកម្ម​វាយឆ្មក់​របស់​កម្លាំង​ពិសេស​អាម៉េរិក កាលពី​ខែតុលា ២០១៩។

បើទោះជា​មិនមាន​ភាពលេច​ធ្លោ​ដូច​ទៅនឹង​មេដឹកនាំ​មុន​របស់ខ្លួន ប៉ុន្តែ al-Quraishi ត្រូវបាន​គេ​ស្គាល់​ថា​ជា​មនុស្ស​ឆ្លាត​វៃ អាចបង្កើត​យុទ្ធសាស្ត្រ​ប្រយុទ្ធ នេះ​បើតាម Colin P. Clarke អ្នកវិភាគ​ផ្នែក​ភេរវកម្ម​របស់ Soufan Group ដែលជា​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​ផ្នែក​សន្តិសុខ​នៅ នី​វ​យ៉​ក សហរដ្ឋ​អាម៉េរិក។

មន្ត្រី​អាម៉េរិក បង្ហើប​ឱ្យដឹងថា កងកម្លាំង​ពិសេស​អាម៉េរិក បាន​ហាត់​សមវាយ​ឆ្មក់​រាប់សិប​ដ​ង មុននឹង​ចាប់ផ្ដើម​បេសកកម្ម​ផ្លូវការ។ ការហោះហើរ​ពី​មូលដ្ឋានទ័ព​ទៅកាន់​គោលដៅ ត្រូវ​ចំណាយពេល​ប្រហែល ២ ម៉ោង។ នៅពេល​ទៅដល់​គោលដៅ កងកម្លាំង​ពិសេស​អាម៉េរិក បាន​ស្រែក​តាម​ឧបករណ៍​បំពង​សំឡេង ស្នើឱ្យ​ពលរដ្ឋ​ស៊ីវិល ចាក​ចេញពី​គោលដៅ។

ជាន់​ទី ២ គឺជា​កន្លែង​ស្នាក់នៅ​របស់​អ្នកបើកបរ​រថយន្ត​ដែលជា​ថ្នាក់ក្រោម​របស់ al-Quraishi និង​គ្រួសារ​របស់គេ។ ក្រុម​របស់​ជននេះ​បាន​ប្រយុទ្ធ​ជាមួយ​កងកម្លាំង​ពិសេស​អាម៉េរិក ប៉ុន្តែ ត្រូវបាន​សម្លាប់។

ជាន់​ទី ១ គឺជា​កន្លែង​រស់នៅ​រប​ស់​គ្រួសារ​មួយ​ដែល​មិន​ជាប់ទាក់ទង​នឹង IS និង​មិន​បានដឹង​អ្វី​អំពី al-Quraishi។

Al-Quraishi មាន​ឈ្មោះ​ពិត​ថា Amir Mohammed Said Abd al-Mawla

ក្រុម​អ្នកជំនាញ​បាន​ហៅ​ការស្លាប់​របស់ al-Quraishi ថា​ជា «ជំហាន​ថយក្រោយ​ដ៏​ធំ​សម្រាប់ IS» នៅពេល​បាន​បាត់បង់​មេដឹកនាំ​ទី ។ ប៉ុន្តែ IS ត្រូវបាន​គេ​យល់ថា បានរៀបចំ​រួចហើយ​សម្រាប់​សេណា​រី​យ៉ោ​ស្ដីពី​មេដឹកនាំ​ត្រូវគេ​កម្ចាត់ ដោយបាន​ត្រៀម​អ្នក​ស្នង​តំណែង​ថ្មី។

«បេសកកម្ម​នេះ ជា​សារ​ដ៏​ខ្លាំងក្លា ផ្ញើ​ទៅកាន់​ក្រុម​ភេរ​វករ​នៅ​ទូទាំង​ពិភពលោក៖ យើង​នឹង​តាមរក ហើយ​ក្របួច​ក​ក្រុម​អ្នកឯង» លោក បៃ​ដិ​ន បាន​ថ្លែង​ដូច្នេះ​នៅពេល​ប្រកាស​លទ្ធផល​នៃ​ការ​វាយឆ្មក់​របស់​កងកម្លាំង​ពិសេស​អាម៉េរិក៕

Leave a Reply

Your email address will not be published. Required fields are marked *