Skip to content

អាម៉េរិក កម្ទេច​ឧ​ត្ថ​ម្ភា​គ​ចក្រ​ដែល​ជួប​បញ្ហា​នៅក្នុង​បេសកកម្ម​វាយឆ្មក់​លើ​មេដឹកនាំ IS

អង្គភាព​ពិសេស និង​យន្តហោះ​ចម្បាំង F-១៦ របស់ សហរដ្ឋ​អាម៉េរិក បាន​កម្ទេច​ឧទ្ធម្ភាគចក្រ MH-៦០ មួយគ្រឿង​ដែល​បាន​ជួប​បញ្ហា​នៅក្នុង​បេសកកម្ម​វាយឆ្មក់​លើ​មេដឹកនាំ​អង្គការ​រដ្ឋ​អ៊ីស្លាម (IS) al-Qurashi នៅ ប្រទេស​ស៊ី​រី (ISIS)។

មន្ទីរ​បញ្ច​កោណ កាលពី​ថ្ងៃទី ៣ កុម្ភៈ ឱ្យដឹងថា ឧទ្ធម្ភាគចក្រ MH-៦០ Jayhawk បាន​ជួប​បញ្ហា​នៅពេល​ចូលរួម​បេសកកម្ម​វាយឆ្មក់​លើ​ទីតាំង​ស្នាក់នៅ​របស់​មេដឹកនាំ​អង្គការ​រដ្ឋ​អ៊ីស្លាម (IS) ឈ្មោះ Abu Ibrahim al-Hashimi al-Qurashi នៅ​តំបន់ Atmeh ភាគ​ខាងលិច​នៃ ប្រទេស​ស៊ី​រី។ ឧទ្ធម្ភាគចក្រ MH-៦០ Jayhawk ត្រូវ​ចុះចត​បន្ទាន់ ហើយក៏​ត្រូវ​កម្ទេចចោល​ដោយ​គ្រាប់បែក និង​ការបាញ់​កម្ទេច​ពី F-១៦ របស់ សហរដ្ឋ​អាម៉េរិក។

មូលហេតុ​នៃ​ការកម្ទេច​ឧទ្ធម្ភាគចក្រ MH-៦០ Jayhawk នេះ ត្រូវបាន​ឧ​ត្ត​ម​សេនីយ៍ Frank McKenzie មេបញ្ជាការ​នៃ​អគ្គបញ្ជាការដ្ឋាន​កងទ័ព​អាមេរិក លើកឡើងថា គឺ​ដើម្បី​កុំឱ្យ​ឧបករណ៍សំខាន់ៗ នៅសល់​លើទឹក​ដី​ស៊ី​រី។ ចំពោះ​មូលហេតុ​ដែលនាំឱ្យ MH-៦០ Jayhawk ជួប​បញ្ហា​វិញ មិនទាន់​ត្រូវបាន​គេ​ឱ្យដឹង​នៅឡើយ។

ទីជម្រក​របស់​មេដឹកនាំ​ IS ត្រូវ​បាន​កម្ទេច

ប្រធានាធិបតី​អាម៉េរិក លោក ចូ បៃ​ដិ​ន កាលពី​ថ្ងៃទី ៣ កុម្ភៈ ប្រកាសថា «ប្រភព​គំរាមកំហែង​ភេរវកម្ម​សកល​ត្រូវបាន​កម្ចាត់​ចោល» បន្ទាប់ពី al-Qurashi បាន​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅក្នុង​បេសកកម្ម​វាយឆ្មក់​របស់​អង្គភាព​ពិសេស​អាម៉េរិក។ ការស្លាប់​របស់ al-Qurashi គឺជា​ការខាតបង់​ធំ​បំផុត​សម្រាប់ IS ក្រោយពី​មេដឹកនាំ​មុន​គឺ Abu Bakr al-Baghdadi បាន​ស្លាប់​ក្នុងការ​វាយឆ្មក់​កាលពី​ឆ្នាំ ២០១៩។

ការ​វាយឆ្មក់​ថ្មី​នេះ​គឺជា​បេសកកម្ម​ជោគជ័យ​ប្រឆាំងនឹង​ភេរវកម្ម ហើយ សហរដ្ឋ​អាម៉េរិក ពុំមាន​ទាហាន​ណា​ម្នាក់​ត្រូវ​រងរបួស។ ឧទ្ធម្ភាគចក្រ MH-៦០ Jayhawk ដែល​ដឹក​ក្រុម​ទាហាន​ពិសេស​អាម៉េរិក បានចេញ​ដំណើរ​ពី​មូលដ្ឋានទ័ព​នៅ ទីក្រុង​កូ​បា​នី (Kobani) របស់ ប្រទេស​ស៊ី​រី ជាទី​ដែល​កងកម្លាំង​ជនជាតិ Kurd កំពុង​គ្រប់គ្រង។

បំណែកនៃឧទ្ធម្ភាគចក្រ MH-៦០ Jayhawk

ចាប់តាំងពី​បាត់បង់​មូលដ្ឋាន​ចុងក្រោយ​នៅ​ភាគខាងត្បូង​ប្រទេស​ស៊ី​រី កាលពី​ខែមីនា ២០១៩ ក្រុម​ប្រដាប់អាវុធ IS បានរ​ត់ទៅ​ជ្រក​ក្នុង​តំបន់​សមុទ្រ​ខ្សាច់ ហើយ​ធ្វើការ​វាយឆ្មក់​ម្ដងម្កាល ទៅលើ​កងកម្លាំង​ជនជាតិ Kurd និង​អាជ្ញាធរ​ស៊ី​រី។

សហរដ្ឋ​អាម៉េរិក រក្សា​កម្លាំង​តិចតួច​នៅ ស៊ី​រី ដើម្បី​ជួយ​ដល់​យុទ្ធនា​ការប្រឆាំង IS និង​ការពារ​ទីតាំង​ទាញយក​រ៉ែ​ប្រេង ដែល​គ្រប់គ្រង​ដោយ​ជនជាតិ Kurd។ ទាហាន​អាម៉េរិក ប្រមាណ ៧០០ នាក់ កំពុង​បោះ​មូលដ្ឋាន​នៅ​ភាគ​ខាងជើង​នៃ ប្រទេស​ស៊ី​រី ខណៈដែល ២០០ នាក់​ផ្សេងទៀត ឈរជើង​នៅក្បែរ​ព្រំដែន​ស៊ី​រី-ហ្ស៊​កដា​នី៕

Leave a Reply

Your email address will not be published. Required fields are marked *