Skip to content

WHO ថា អឺរ៉ុប​ កំពុង «មាន​បទ​ឈប់​បាញ់» ជាមួយ កូ​វីដ-១៩

អង្គការ​សុខភាព​ពិភពលោក (WHO) បាន​និយាយថា ទ្វីបអឺរ៉ុប កំពុងស្ថិត​ក្នុងដំណាក់កាល «អនុវត្ត​បទ​ឈប់​បាញ់» ជាមួយនឹង កូ​វីដ-១៩ នៅពេល​មាន​សមត្ថភាព​ការពារ​ខ្លួន​ខ្ពស់ បើកផ្លូវ​ឱ្យមាន​ក្ដីសង្ឃឹម​អំពី «យុគសម័យ​ស្ងប់ស្ងាត់​យូរអង្វែង»។

«ចាប់តាំងពី​មាន​ជំងឺ​រាតត្បាត​សកល​រហូតដល់​បច្ចុប្បន្ន យើង​មិន​ធ្លាប់បាន​ឆ្លងកាត់​ស្ថានការណ៍​ដូច​ពេលនេះ ជាហេតុ​ធ្វើឱ្យ​មានឱកាស​ក្នុងការ​សង្ឃឹម​អំពី​សម័យ​កាល​ស្ងប់ស្ងាត់​យូរអង្វែង» Hans Kluge ប្រធាន​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​តំបន់​អឺរ៉ុប បានឱ្យដឹង​ដូច្នេះ​កាលពី​ម្សិលមិញ ដោយ​យល់ថា តំបន់​នេះ​កំពុងមាន​ភាពស៊ាំ​ក្នុង​សហគមន៍​ខ្ពស់ ព្រោះតែ​បាន​ចាក់​វ៉ាក់សាំង​យ៉ាង​ទូលំទូលាយ និង​ប្រជាជន​មួយ​ភាគ​ធំ​ធ្លាប់បាន​ឆ្លង​វីរុស ខណៈដែល អូ​មី​ក្រុង បង្ក​អាការ​ស្រាល​ជាង វ៉ា​រ្យ៉​ង់ ដទៃ ហើយ​រដូវរងា​ក៏​ជិត​ដាច់​ទៅវិញ។

យោងតាម Kluge មូលហេតុ​ទាំងឡាយ​ខាងលើ​នឹង​នាំមក​ឱ្យ អឺរ៉ុប នូវ​សមត្ថភាព​ទប់ទល់​នឹង កូ​វីដ-១៩ បាន​ប្រសើរ​ជាង​មុន សូម្បីតែ​នៅពេល​មាន កូ​វីដ-១៩ ប្រភេទ​ថ្មី ដែល​សាហាវ​ជាង អូ​មី​ក្រុង។

មន្ត្រី WHO រូបនេះ​សង្កត់ធ្ងន់ថា ប្រការនេះ «មិនមែន​មានន័យថា ជំងឺ​រាតត្បាត​សកល​ត្រូវ​បានបញ្ចប់​នោះទេ» ប៉ុន្តែ «មានឱកាស​ដើម្បី​គ្រប់គ្រង​បាន​នូវ​ការឆ្លង​រាលដាល»។

លោក Kluge ព្រមាន​ថា ស្ថានការណ៍​ដែល WHO ព្យាករ នឹងមិន​កើតឡើង​ឡើយ បើសិន​បណ្ដា​ប្រទេស​មិន​បន្ត​យុទ្ធនា​ការចាក់​វ៉ាក់សាំង និង​បង្កើន​ការតាមដាន​ដើម្បី​ស្វែងរក វីរុស​បំប្លែង​ខ្លួន​ថ្មី រួម​នឹង​ការអនុវត្ត​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល។

យោងតាម WHO អ្នក​វិជ្ជមាន​នឹង កូ​វីដ-១៩ ប្រហែល ១២ លាន​នាក់ ត្រូវបាន​រកឃើញ​នៅ អឺរ៉ុប កាលពី​សប្ដាហ៍​មុន ដែល​នេះ​គឺជា​តួលេខ​ខ្ពស់បំផុត រាប់​ចាប់ពី កូ​វីដ-១៩ បាន​ផ្ទុះឡើង។ ក៏ប៉ុន្តែ ដោយសារតែ​អ្នកជំងឺ​ត្រូវ​ចូល​ពេទ្យ​មាន​អត្រា​ទាប ទើប​បណ្ដា​ប្រទេស​ដូចជា បារាំង អៀរ​ឡង់ និង អង់គ្លេស ជាដើម បានប្រកាស​ដក ឬ​កាត់បន្ថយ​វិធានការ​ទប់ស្កាត់​នានា។ ដា​ណឺ​ម៉ាក កាលពី​ថ្ងៃទី ១ កុម្ភៈ បាន​ក្លាយជា​ប្រទេស​ដំបូង​គេ​នៅក្នុង​សហភាព​អឺរ៉ុប ដែល​បាន​ដក​វិធានការ​ទប់ស្កាត់​ទាំងស្រុង​នៅ​ប្រទេស​នេះ៕

Leave a Reply

Your email address will not be published. Required fields are marked *