Skip to content

ភរិយា​របស់ មេដឹកនាំ​កូរ៉េខាងជើង បង្ហាញខ្លួន​ជា​លើកដំបូង បន្ទាប់ពី​អវត្តមាន​ច្រើន​ខែ

ភរិយា​របស់ មេដឹកនាំ​កូរ៉េខាងជើង បានបង្ហាញ​ខ្លួន​នៅក្នុង​ពិធី​សម្ដែង​សិល្បៈ​អំណរ​ចូលឆ្នាំថ្មី ក្រោយ​បាត់​ខ្លួន​ពី​សាធារណៈ​ជិត ៥ ខែ។

សារព័ត៌មាន​ជាតិ​កូរ៉េខាងជើង KCNA បានឱ្យដឹងថា មេដឹកនាំ Kim Jong-un និង​ភរិយា Ri Sol-ju បាន​ចូលរួម​ក្នុង​ពិធី​សម្ដែង​សិល្បៈ​ដើម្បី​ទទួល​អំណរ​ឆ្នាំ​ថ្មី​នៅឯ​សាល​មហោស្រព​សិល្បៈ Mansudae នៅ រដ្ឋធានី​ព្យុងយ៉ាង កាលពី​ម្សិលមិញ។ នេះ​គឺជា​លើកដំបូង​ដែល​លោកស្រី Ri បង្ហាញខ្លួន​ជា​សាធារណៈ រាប់​ចាប់ពី​ថ្ងៃទី ៩ កញ្ញា ២០២១ អំឡុងពេល​លោក Kim Jong-un និង​លោកស្រី ធ្វើ​ទស្សនកិច្ច​រាជវាំង​ព្រះអាទិត្យ Kumsusan នាឱកាស​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ។

KCNA សរសេរថា លោក Kim Jong-un និង​ភរិយា បាន​ឡើងលើ​ឆាក ក្រោយ​ពិធី​សម្ដែង ដើម្បី​ចាប់ដៃ និង​ថតរូប​ជាមួយ​ក្រុម​អ្នកសិល្បៈ។ ក៏ប៉ុន្តែ សារព័ត៌មាន​ជាតិ​កូរ៉េខាងជើង នេះ មិនទាន់​បញ្ចេញ​រូបថត​ស្ដីពី​ព្រឹត្តិការណ៍​នេះ​នៅឡើយ។

លោកស្រី Ri Sol-il កាលពី​ឆ្នាំ​ ២០១៨

លោកស្រី Ri ធ្លាប់​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​សាធារណៈ​ជនជាតិ និង​អន្តរជាតិ​នាពេល​កន្លង នៅពេល​លោកស្រី និង​ស្វាមី បង្ហាញ​វត្តមាន​ក្នុង​ព្រឹត្តិការណ៍ធំៗជាច្រើន​របស់​ប្រទេសជាតិ ខុសពី​អ្វីដែល​អតីត​មេដឹកនាំ Kim Jong-il ធ្លាប់​បានធ្វើ។ លោកស្រី Ri Sol-il ធ្លាប់បាន​បាត់​ខ្លួន​ប្រហែល ១ ឆ្នាំ ក្នុងអំឡុង ២០២០-២០២១ ធ្វើឱ្យ​សាធារណមតិ​យល់ថា លោកស្រី​ប្រហែល​ជាមាន​បញ្ហា​សុខភាព ឬ​មា​នគ​ភ៍។

ទីភ្នាក់ងារ​ស៊ើប​ការសម្ងាត់​របស់ កូរ៉េខាងត្បូង បានឱ្យដឹងថា អវត្តមាន​រយៈពេល ៥ ខែ​កន្លងទៅថ្មីៗនេះ របស់ លោកស្រី Ri ទំនងជា​ដោយសារ​ខ្លាច​ឆ្លង វីរុស​កូ​វីដ-១។ លោក Kim Jong-un និង​ភរិយា មាន​បុត្រ​ជាមួយគ្នា​ចំនួន ៣ នាក់ ប៉ុន្តែ មិនមាន​ព័ត៌មាន​ច្រើន​ដែល​ត្រូវបាន​បញ្ចេញ​ជា​សាធារណៈ​ស្ដីពីកូនៗរបស់​មេដឹកនាំ​រូបនេះ​ឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *