Skip to content

(វីដេអូ)-រន្ធត់! ស្ត្រី​ម្នាក់​ទម្លាក់​កូន​អាយុ ៣ ឆ្នាំ ចូលក្នុង​ទ្រុងខ្លា​ឃ្មុំ

មនុស្សម្នា​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង នៅពេល​ស្ត្រី​ម្នាក់​ទម្លាក់​កូនស្រី​តូច ចូលទៅក្នុង​ទ្រុង​របស់​ខ្លាឃ្មុំ ពី​កម្ពស់ ៥ ម៉ែត្រ។

យោងតាម​ទំព័រ RT (រុស្ស៊ី) ហេតុការណ៍​ដ៏​គួរឱ្យ​រន្ធត់​នេះ​ត្រូវបាន​កាមេរ៉ា​សុវត្ថិភាព​ថត​បាន​នៅឯ​សួនសត្វ​មួយ​ក្នុង រដ្ឋធានី​តា​ស្កិ​ន (Tashken) របស់ ប្រទេស​អ៊ូ​ស​បេ​គី​ស្ថាន (Uzbekistan) កាលពី​ថ្ងៃទី ២៩ មករា។

សកម្មភាព​ដែល​ថត​បាន​ដោយ​កាមេរ៉ា​សុវត្ថិភាព​បង្ហាញថា ស្ត្រី​ម្នាក់​លើក​កូន​ឡើង​ដាក់​លើ​របង​របស់​ទ្រុងខ្លា​ឃ្មុំ ហើយ​ក្រោយមក​ក៏​រុញ​ក្មេងស្រី​នេះ​ឱ្យ​ធ្លាក់​ទៅក្នុង​ប្រឡាយទឹក​កម្ពស់ ៥ ម៉ែត្រ។

ខ្លាឃ្មុំ Zuzu ហាក់​មានការ​ភ្ញាក់ផ្អើល​ខ្លាំង និង​បាន​ប្រញាប់​ចុះទៅ​ពិនិត្យមើល​កូនក្មេង​នោះ។ ពេល​ចូល​ទៅដល់ ខ្លាឃ្មុំ​បាន​ហិតក្លិន រួច​ក៏​ចាក​ចេញទៅ។

https://www.youtube.com/watch?v=aSemK3xLWnU

នៅ​ចំពោះមុខ​ហេតុការណ៍​នេះ មនុស្សម្នា​នៅ​ជុំវិញ​នាំគ្នា​ស្រែក​ឱ្យជួយ ភ្លាមនោះ​បុគ្គលិក​សួនសត្វ​ក៏​មកដល់​កន្លែងកើតហេតុ ហើយ​នាំ​ខ្លាឃ្មុំ​ទៅ​ឆ្ងាយ និង​លើក​បី​ក្មេង​នេះ​ចេញពី​កន្លែង​គ្រោះថ្នាក់។

ក្មេងស្រី​មិនត្រូវ​បាន​ខ្លាឃ្មុំ​វាយប្រហារ​ក៏ពិតមែន ប៉ុន្តែ ក៏ត្រូវ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ព្រោះតែ​រងរបួស​ដោយសា​រ​ធ្លាក់​ពី​ទី​ខ្ពស់។

រដ្ឋអាជ្ញា​នៃ​តុលាការ​របស់ ប្រទេស​អ៊ូ​ស​បេ​គី​ស្ថាន បាន​បើក​ការស៊ើបអង្កេត​លើ​ករណីនេះ ដោយ​សង្ស័យថា ស្ត្រី​នេះ​មាន​ចេតនា​សម្លាក់​មនុស្ស​ម្នាក់​ដែល​មិនមាន​លទ្ធភាព​ទប់ទល់។ ប្រសិនបើ​ត្រូវបាន​កាត់ទោស ស្ត្រី​រូបនេះ​អាច​ត្រូវ​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ ១៥ ឆ្នាំ។

សមត្ថកិច្ច​បានឱ្យដឹង​ថា ស្ត្រី​វ័យ ៣០ ឆ្នាំ​រូបនេះ មាន​បញ្ហា​ផ្លូវចិត្ត ព្រោះតែ​បែកបាក់​គ្រួសារ។ ស្វាមី​របស់គាត់ បាន​ទៅធ្វើ​ការ​នៅ ប្រទេស​រុស្ស៊ី៕

Leave a Reply

Your email address will not be published. Required fields are marked *