ទីក្រុងជាច្រើននៅភាគខាងកើតនៃ ទឹកដីសហរដ្ឋអាម៉េរិក កំពុងស្ថិតក្រោមព្រឹលយ៉ាងក្រាស់ ដោយសារតែព្យុះព្រឹលនារដូវរងាធំបំផុតក្នុងអំឡុងច្រើនឆ្នាំមកនេះ។
តំបន់ភាគខាងកើតរបស់ សហរដ្ឋអាម៉េរិក កាលពីថ្ងៃទី ២៩ មករា បានរងការវាយប្រហារពីព្យុះព្រឹលយ៉ាងធំមួយ ធ្វើឱ្យដាច់ចរន្តអគ្គិសនី បណ្ដាលឱ្យចរាចរណ៍មានភាពច្របូកច្របល់។
នៅក្នុងរូបថតខាងលើគឺជាគ្រឿងចក្រកំពុងឈូសព្រឹល ដើម្បីសម្អាតផ្លូវថ្នើរជើងនៅក្នុងតំបន់ ម៉ែនហាធិន (Manhattan) ក្នុងទីក្រុងនីវយ៉ក កាលពីថ្ងៃទី ២៩ មករា។
ក្រុមបុគ្គលិកកំពុងតែឈូសព្រឹលចេញពីរថយន្តនៅ ប្រូវីដិន (Providence) ដែលជាទីក្រុងរដ្ឋបាលរបស់រដ្ឋ រ៉ូដ អៃឡែន (Rhode Island) កាលពីថ្ងៃទី ២៩ មករា នៅពេលព្យុះព្រឹលវាយប្រហារ។
បុគ្គលិកសណ្ឋាគារ XV Beacon នៅទីក្រុង ប៊ូស្តុន (Boston) រដ្ឋ ម៉ាស្សាជូសេត (Massachusetts) កំពុងសម្អាតព្រឹលនៅខាងមុខអគារ។
អាជ្ញាធរគ្រប់គ្រងអាកាសធាតុជាតិ (NWS) របស់ សហរដ្ឋអាម៉េរិក បានឱ្យដឹងថា ព្យុះព្រឹលនេះមានកម្លាំងខ្លាំងបំផុតក្នុងអំឡុងច្រើនឆ្នាំកន្លងមកនេះ បណ្ដាលឱ្យប្រជាជនប្រហែល ៧០ លាននាក់រងផលប៉ះពាល់ ពិសេសគឺនៅក្នុងបណ្ដាទីក្រុងដូចជា នីវយ៉ក និង ប៊ូស្តុន ជាដើម។
(រូបខាងលើ) ស្ត្រីម្នាក់កំពុងដឹកសុនកដើរលេងក្នុងឧទ្យាន សែនត្រល់ផាក់ (Central Park) របស់ ទីក្រុងនីវយ៉ក បន្ទាប់ពីព្យុះព្រឹលបានវាយប្រហារ។
តំបន់ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតនៅក្នុង រដ្ឋនីវយ៉ក និង ម៉ាស្សាជូសេត មានព្រឹលកម្រាស់ ៦១ ស.ម។ ផ្ទះជាង ៩៥,០០០ ខ្នង នៅ ម៉ាស្សាជូសេត ត្រូវដាច់ចរន្តអគ្គិសនី។
ប្រជាជននៅក្នុងបណ្ដាទីក្រុងភាគខាងកើតរបស់ សហរដ្ឋអាម៉េរិក ត្រូវបានណែនាំឱ្យចៀសវាងការធ្វើដំណើរដែលមិនចាំបាច់ ព្រោះតែអាកាសធាតុមិនអំណោយ។ នៅ ឡង់ អៃឡែន (Long Island) នៃ រដ្ឋនីវយ៉ក មានករណីស្ត្រីម្នាក់ស្លាប់ក្នុងរថយន្តដោយសារអាកាសធាតុត្រជាក់ពេក។
ព្យុះព្រឹលខាងលើក៏បានបណ្ដាលឱ្យជើងហោះហើរទៅមករវាង សហរដ្ឋអាម៉េរិក និងបណ្ដាប្រទេស ត្រូវលុបចោលក្នុងថ្ងៃទី ២៩ មករា និង ៣០ មករា។
អាជ្ញាធរនៅ នីវយ៉ក (New York), នីវជឺស៊ី (New Jersey), វឺជីនា (Virginia), ម៉ារីឡែន (Maryland) និង ដេឡាវ៉ែ (Delaware) ប្រកាសអាសន្នដើម្បីឱ្យមានការប្រុងប្រយ័ត្នខ្ពស់។
បន្ទាប់ពីបានវាយប្រហាររដ្ឋចំនួន ១០ នៅ សហរដ្ឋអាម៉េរិក ព្យុះព្រឹលនេះកំពុងធ្វើដំណើរទៅទិសខាងជើង ឆ្ពោះចូលទឹកដី កាណាដា៕