Skip to content

ចិន ព្រមាន​អំពី​ហានិភ័យ​ផ្ទុះ​ជម្លោះ​ប្រដាប់អាវុធ​ជាមួយ អាម៉េរិក ដោយសារតែ កោះ​តៃវ៉ាន់

ឯកអគ្គរដ្ឋទូត​ចិន បាន​ចោទប្រកាន់ សហរដ្ឋ​អាម៉េរិក ថា កំពុង​ញុះញង់ កោះ​តៃវ៉ាន់ ឱ្យ​ទាមទារ​ឯករាជ្យ និង​បាន​ព្រមាន​ថា ឥរិយាបថ​នេះ​ធ្វើឱ្យ​ហានិភ័យ​ផ្ទុះ​ជម្លោះ​ប្រដាប់អាវុធ​កាន់តែ​ខ្ពស់។

«បញ្ហា កោះ​តៃវ៉ាន់ គឺជា​ចំណុចក្ដៅ​សំខាន់បំផុត​រវាង ចិន និង អាម៉េរិក។ បើសិនជា អាជ្ញាធរ​កោះ​តៃវ៉ាន់ ក្រោម​ការ​ញុះញង់​របស់ អាម៉េរិក បន្ត​តាមរក​ឯករាជ្យ នោះ​ជម្លោះ​ប្រដាប់អាវុធ​រវាង​មហាអំណាច​ចិន និង អាម៉េរិក នឹងមាន​ហានិភ័យ​កាន់តែ​ខ្ពស់» ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ សហរដ្ឋ​អាម៉េរិក លោក Qin Gang បាន​ប្រាប់​អ្នកសារព័ត៌មាន​ដូច្នេះ កាលពី​ថ្ងៃទី ២៨ មករា។

មតិ​របស់លោក Gang ត្រូវ​បានលើកឡើង​បន្ទាប់ពី ទីក្រុង​តៃប៉ិ និង វ៉ា​ស៊ី​ង​តោន បង្ហាញ​ឥរិយាបថ​ស្និទ្ធស្នាល​មួយចំនួន។ អនុ​ប្រធានាធិបតី​តៃវ៉ាន់ លោក Lai Ching-te កាលពី​ថ្ងៃទី ២៥ មករា បាន​ឆៀង​ចូលជួប​ពិភាក្សា​ជាមួយ តំណាងរាស្ត្រ​អាម៉េរិក យ៉ាងតិច ១៧ រូប ក្នុង​គ្រា​ដែល​លោក​ឆ្លងកាត់​ប្រទេស​នេះ ឆ្ព​ស់​ទៅកាន់ ហុង​ឌូ​រ៉ា​ស បើទោះជា​មុន​នោះ​មានការ​ព្រមាន​ពី​សំណាក់ ទីក្រុង​ប៉េកាំង។

ពីរ​ថ្ងៃ​ក្រោយមក អនុ​ប្រធានាធិបតី​អាម៉េរិក លោកស្រី Kamala Harris បានឱ្យដឹងថា លោកស្រី​បាន​ពិភាក្សា​ជាមួយ​លោក Lai «អំពី​ចំណាប់អារម្មណ៍​រួម​ក្នុង​តំបន់»។ សម​ភាគី​ទាំងពីរ​សុទ្ធតែ​ទៅកាន់ ហុង​ឌូ​រ៉ា​ស ដើម្បី​ចូលរួម​ពិធី​ស្បថ​ចូលកាន់​តំណែង​របស់​ប្រធានាធិបតី​ថ្មី លោកស្រី Xiomara Castro

ចាប់ពី​ឆ្នាំ ២០២១ មាន​អតីតមន្ត្រី និង​មន្ត្រីជាន់ខ្ពស់ រួម​នឹង​តំណាងរាស្ត្រ​របស់ សហរដ្ឋ​អាម៉េរិក ជាច្រើន​ក្រុម បាន​ទៅកាន់​ទឹកដី​នៃ កោះ​តៃវ៉ាន់ និង​ជួបពិភាក្សា​ជាមួយ​ប្រធានាធិបតី Tsai Ing-wen និង​ក្រុមមន្ត្រី​របស់ កោះ​នេះ ធ្វើឱ្យ​អាជ្ញាធរ​ចិនដីគោក មាន​ការខឹង​យ៉ាងខ្លាំង និង​ព្រមាន​ជា​បន្តបន្ទាប់​ទៅលើ​ទំនាក់ទំនង​នេះ។

សហរដ្ឋ​អាម៉េរិក ទទួលស្គាល់​គោលនយោបាយ «ចិន​តែមួយ» ខណៈដែល ចិនដីគោក ចាត់ទុក កោះ​តៃវ៉ាន់ ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់ខ្លួន​ដែល​រង់ចាំតែ​ការបង្រួបបង្រួម​ប៉ុណ្ណោះ។ ប៉ុន្តែ ទីក្រុង​វ៉ា​ស៊ី​ង​តោន នៅតែ​សន្យា​ជួយ កោះ​តៃវ៉ាន់ ក្នុងការ​រក្សា​សិទ្ធិ​ម្ចាស់ការ ដោយយោង​តាមច្បាប់​ទំនាក់​ទំនង​ជាមួយ តៃវ៉ាន់ ឆ្នាំ ១៩៧៩ និង​ជា​អ្នកផ្គត់ផ្គង់​អាវុធ​ធំជាងគេ​របស់ កោះ​នេះ៕

 

Leave a Reply

Your email address will not be published. Required fields are marked *