Skip to content

«ឱសថទិព» របស់​អ្នក​វិទ្យាសាស្ត្រ​ អាច​បណ្ដុះ​ជើង​ដែល​បាន​កាត់​ផ្ដាច់​របស់​កង្កែប​ ឱ្យ​ដុះ​ឡើង​វិញ

នៅក្នុង​ជំហាន​ដ៏​អស្ចារ្យ​នៃ​វេជ្ជសាស្ត្រ​ក្នុងការ​បង្កើត​អវយវៈ​ឡើងវិញ កង្កែប​មួយ​ក្បាល​បាន​ដុះ​ជើង​ដែល​បាន​ដាច់​ទាំងស្រុង​របស់​វា​ឡើងវិញ នៅពេល​អ្នកវិទ្យាសាស្ត្រ​ព្យាបាល​ដោយ​ឱសថ​ពិសេស។

សារព័ត៌មាន Guardian បាន​ចុះផ្សាយ​ថា ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​ប្រើប្រាស់​ពេលវេលា ២៤ ម៉ោង ក្នុងការ​ព្យាបាល​កង្កែប​អាហ្វ្រិក ដែលជា​ធម្មតា​មិនអាច​ដុះ​អវយវៈ​ដែល​ដាច់​ឡើងវិញ​បាន។ ជា​លទ្ធផល ជើង​ដែល​បាន​ដាច់​របស់​វា​បាន​ដុះ​ឡើងវិញ​ក្រោយ​រយៈពេល ១៨ ខែ បន្ទាប់ពី​បាន​ព្យាបាល។

ជោគជ័យ​នេះ​នាំមក​នូវ​ក្ដីសង្ឃឹម​ដែលថា អនាគត ក្រុម​វេជ្ជបណ្ឌិត​អាច​ប្រើប្រាស់​វិធីសាស្ត្រ​នេះ​នៅលើ​មនុស្ស។

លោក Nirosha Murugan នៃ​សាកលវិទ្យាល័យ Tufts (សហរដ្ឋ​អាម៉េរិក) ដែលជា​អ្នកស្រាវជ្រាវ​របស់​ក្រុម​ខាងលើ ឱ្យដឹងថា៖ «ដោយ​គ្រាន់តែ​ព្យាបាល​ក្នុង​រយៈពេល​ខ្លី ដើម្បី​ចាប់ផ្ដើម​ដំណើរការ​អូសបន្លាយ​ច្រើន​ខែ យើង​អាច​ជំរុញ​សមត្ថភាព​បង្កើត​ឡើងវិញ​របស់​ក​ង្កែ​ប ហើយ​ទំនងជា​អាចធ្វើ​បាន​នៅលើ​សត្វ​មួយចំនួន​ផ្សេងទៀត»។

នៅក្នុង​ការពិសោធ​ថ្មី​បំផុត​ដែល​ត្រូវបាន​ចុះផ្សាយ​លើ​ទស្សនាវដ្ដី​វិទ្យាសាស្ត្រ Science Advances នេះ ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​កាត់​ជើង​ខាងក្រោយ​របស់​កង្កែប​មួយ​ក្បាល និង​រុំ​របួស​ក្នុង​ថង់ silicon ដែល​ផ្ទុក​ថ្នាំ​ព្យាបាល​ពិសេស​ដែលមាន ៥ សមាសធាតុ។ សមាសធាតុ​និមួយៗ មាន​គោលដៅ​ដោយឡែក ដូចជា កាត់បន្ថយ​ការ​រលាក ឆ្លង​រោគ និង​ផលិត collagen ដើម្បី​ទប់ស្កាត់​បញ្ហា​ស្លាកស្នាម​រីក​ធំ និង​សារធាតុ​ជួយ​ជំរុញ​ការរីកលូតលាស់​របស់​សរសៃវិញ្ញាណ សរសៃឈាម និង​សាច់ដុំ​ថ្មី​ផងដែរ។

ការពិសោធ​នេះ​ត្រូវបានធ្វើ​ឡើងវិញ​នៅលើ​កង្កែប​រាប់សិប​ក្បាល ហើយ​ជា​លទ្ធផល កង្កែប​ជាច្រើន​ក្បាល បាន​ដុះ​អវយវៈ​មកវិញ។

លោក Bob Lanza ប្រធាន​អង្គការ​វេជ្ជសាស្ត្រ Astellas បាន​រៀបរាប់ថា របកគំហើញ​ខាងលើនេះ​គឺជា​ការរីកចម្រើន​ដ៏​អស្ចារ្យ និង​ជា​សមិទ្ធិផល​ដ៏​គួរឱ្យភ្ញាក់ផ្អើល៕

Leave a Reply

Your email address will not be published. Required fields are marked *