Skip to content

អាម៉េរិក ច្រានចោល​ព័ត៌មាន​ដែលថា «ចូ បៃ​ដិ​ន ព្រមាន​ថា រុស្ស៊ី ជិត​បើក​ការវាយប្រហារ អ៊ុយ​ក្រែ​ន»

សេត​វិមាន​អះអាងថា ព័ត៌មាន​របស់ CNN ដែល​ផ្សាយ​ថា «ប្រធានាធិបតី បៃ​ដិ​ន ព្រមាន​ថា រុស្ស៊ី ហាក់​ប្រាកដជា​បើក​ការវាយប្រហារ​លើ ប្រទេស​អ៊ុយ​ក្រែ​ន» នៅក្នុង​ខែកុម្ភៈ គឺជា «ព័ត៌មាន​មិន​ពិត»។

សារព័ត៌មាន CNN ថ្ងៃនេះ បាន​ដកស្រង់​សម្ដី​របស់​មន្ត្រីជាន់ខ្ពស់ អ៊ុយ​ក្រែ​ន សុំ​មិន​បញ្ចេញ​ឈ្មោះ ឱ្យដឹងថា ប្រធានាធិបតី​អាម៉េរិក លោក ចូ បៃ​ដិ​ន កាលពី​ថ្ងៃទី ២៧ មករា បាន​ពិភាក្សា​តាម​ទូរស័ព្ទ​ជាមួយ​សម​ភាគី​អ៊ុយ​ក្រែ​ន គឺ​លោក វ៉ូឡូឌីមារ ហ្សេឡែនស្គី (Volodymyr Zelensky)។ មន្ត្រី​រូបនេះ​ថ្លែងថា លោក បៃ​ដិ​ន បាន​ព្រមាន​ទៅ​លោក វ៉ូឡូឌីមារ ហ្សេឡែនស្គី ថា រុស្ស៊ី អាច «ជិត​បើក​ការវាយប្រហារ» ហើយ​សេណា​រី​យ៉ោ​នេះ ហាក់​ប្រាកដជា​នឹង​កើតឡើង​នៅក្នុង​ខែកុម្ភៈ។

មន្ត្រី​ខាងលើ​បន្តថា លោក បៃ​ដិ​ន ថ្លែងថា ទីក្រុង Kiev នឹងត្រូវ «ពេញ​ដោយ» កងកម្លាំង​រុស្ស៊ី ព្រោះថា កងទ័ព​រុស្ស៊ី «អាច​ស្វែងរក​វិធី​ចូលកាន់​កាប់​ទឹកដី» របស់ អ៊ុយ​ក្រែ​ន។

ទោះជា​យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​នៃ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​អាម៉េរិក អេមីលី ហ័ន (Emily Horne) បាន​ច្រានចោល​ការចុះផ្សាយ​របស់ CNN។ «ប្រភពព័ត៌មាន​មិន​បញ្ចេញ​ឈ្មោះ​នានា​កំពុង «ធ្វើឱ្យ​បែកធ្លាយ» ព័ត៌មាន​មិន​ពិត» លោកស្រី អេមីលី ហ័ន បញ្ជាក់​ដូច្នេះ។

ចំណែក សឺជី នីគីហ្វរ៉ូវ (Sergii Nykyforov) ដែលជា​អ្នកនាំពាក្យ​របស់​ប្រធានាធិបតី វ៉ូឡូឌីមារ ហ្សេឡែនស្គី វិញ ក៏បាន​ហៅ​ព័ត៌មាន​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​នោះ​ថា «សុទ្ធតែ​មិនមែនជា​ការពិត»។

នៅក្នុង​កិច្ចពិភាក្សា​ជាមួយ​ប្រធានាធិបតី​អាម៉េរិក កាលពី​ម្សិលមិញ ប្រធានាធិបតី វ៉ូឡូឌីមារ ហ្សេឡែនស្គី បាន​អះអាង​ជាថ្មី​ថា ការគំរាមកំហែង​ពី រុស្ស៊ី គឺជា «គ្រោះថ្នាក់ ប៉ុន្តែ ជាការ​ស្រមើស្រមៃ» ហើយ​ថា អ៊ុយ​ក្រែ​ន ក៏​មិន​ប្រាកដថា ការវាយប្រហារ​នឹង​កើតឡើង ឬ​អត់​នោះដែរ ខណៈដែល​លោក បៃ​ដិ​ន បញ្ជាក់ថា សហរដ្ឋ​អាម៉េរិក ត្រៀមខ្លួន​រួចរាល់​ហើយ​ក្នុង​ការរួម​ដៃ​ជាមួយ​សម្ព័ន្ធមិត្ត និង​ដៃគូ​សហការ ដើម្បី «ប្រតិកម្ម​ដាច់ខាត បើសិន រុស្ស៊ី បើក​ការវាយប្រហារ​លើ អ៊ុយ​ក្រែ​ន»។

សហរដ្ឋ​អាម៉េរិក និង​បណ្ដា​ប្រទេស​លោកខាងលិច បាន​ចោទប្រកាន់ថា ទាហាន​ជាង ១០០,០០០ នាក់ របស់ រុស្ស៊ី ដែល​កំពុង​ធ្វើ​សមយុទ្ធ​ក្បែរ​ព្រំដែន​ជាប់ ទឹកដី​អ៊ុយ​ក្រែ​ន បានធ្វើឱ្យ អាជ្ញាធរ​អ៊ុយ​ក្រែ​ន និង NATO មានការ​បារម្ភ​ថា រុស្ស៊ី កំពុង​រៀប​ផែនការ​បើក​ការវាយប្រហារ​ប្រទេសជិតខាង​នេះ។ រុស្ស៊ី ជា​ញឹកញាប់ បាន​ច្រានចោល​ការចោទប្រកាន់រ​បស់ សហរដ្ឋ​អាម៉េរិក និង​ក្រុម​ប្រទេស​លោកខាងលិច៕

Leave a Reply

Your email address will not be published. Required fields are marked *