កាលពីថ្ងៃទី ២៧ មករា លោកស្រី Xiaomara Castro បានធ្វើសច្ចាប្រណិធានចូលកាន់តំណែង ក្លាយជាស្ត្រីដំបូងគេដែលកាន់កាប់កៅអីប្រធានាធិបតីនៅ ប្រទេសហុងឌូរ៉ាស។
ក្នុងពិធីស្បថចូលកាន់តំណែង លោកស្រីប្រធានាធិបតីថ្មី (ភរិយារបស់អតីតប្រធានាធិបតី Manuel Zelaya) បានសន្យាថា នឹងយកបញ្ហាបំណុលធំរបស់ប្រទេសជាតិជាគោលដៅអាទិភាពនៃលោកស្រីត្រូវដោះស្រាយ។
ក្នុងពិធីស្បថចូលកាន់តំណែងនេះក៏មានវត្តមានរបស់ អនុប្រធានាធិបតីអាម៉េរិក លោកស្រី Kamala Harris ផងដែរ។ លោកស្រី Harris ថ្លែងថា សហរដ្ឋអាម៉េរិក គាំទ្រ ហុងឌូរ៉ាស ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងការដោះស្រាយបញ្ហាជនចំណាកស្រុក។
កត្តាសេដ្ឋកិច្ចគឺជាបញ្ហាស្នូលដែលបានជួយឱ្យលោកស្រី Castro ជាប់ឆ្នោតនៅក្នុងការបោះឆ្នោតកាលពីខែវិច្ឆិកា ២០២១។ លោកស្រីអះអាងថា មិនអាចទូទាត់ខ្ទង់បំណុលសាធារណៈ ១៥.៥ ពាន់លានដុល្លារអាម៉េរិក (៦០% នៃ GDP) នាបច្ចុប្បន្នបានឡើយ បើសិនជាមិនបង្កើតរចនាសម្ព័ន្ធដឹកនាំថ្មី។
ប្រធានាធិបតីថ្មីរបស់ ហុងឌូរ៉ាស ក៏បានសន្យា ប្រឆាំងនឹងអំពើពុករលួយ ភាពក្រីក្រ និងអំពើហិង្សា រួមនឹងបញ្ហាជាច្រើនផ្សេងទៀតដែលរួមចំណែកនាំឱ្យមានបញ្ហាពលរដ្ឋចំណាកស្រុកនៅឯព្រំដែនជាប់ ទឹកដីអាម៉េរិក៕