កាលពីថ្ងៃទី ២៥ មករា អង់គ្លេស ប្រកាសជ្រើសរើសមនុស្សបន្ថែមចំនួន ៦,០០០ នាក់ ឱ្យចូលរួមក្នុងការពិសោធអំពីប្រសិទ្ធភាពក្នុងការព្យាបាលជំងឺកូវីដ-១៩ របស់ថ្នាំ molnupiravir ដែលផលិតដោយក្រុមហ៊ុន Merck។
អាជ្ញាធរគ្រប់គ្រងឪសថ និងផលិតផលថែរក្សាសុខភាពរបស់ អង់គ្លេស (MHRA) បានអនុញ្ញាតឱ្យប្រើប្រាស់ថ្នាំខាងលើចាប់ពីខែវិច្ឆិកា ២០២១។
រដ្ឋាភិបាលក្រុងឡុងដ៍ បន្តធ្វើការស្រាវជ្រាវទូទាំងប្រទេស ដើម្បីស្វែងរកវិធីសាស្ត្រព្យាបាលល្អបំផុតនៅពេលអនុវត្តជាក់ស្ដែង។ ក្រសួងសុខាភិបាលអង់គ្លេស ឱ្យដឹងថា បច្ចុប្បន្ន មានមនុស្សចំនួន ៤,៥០០ នាក់ បានចុះឈ្មោះចូលរួមការពិសោធ ប៉ុន្តែ ត្រូវការជ្រើសរើសមនុស្ស ៦,០០០ នាក់ទៀត ដើម្បីអាចប្រមូលទិន្នន័យបានគ្រប់ជ្រុងជ្រោយ។
កម្មវិធីស្រាវជ្រាវខាងលើមានឈ្មោះថា Panoramic។ កម្មវិធីនេះត្រូវបានបង្កើតឡើងដោយយោងទៅលើភាពជាក់ស្ដែង ក្នុងនោះ Merck នឹងប្រើប្រាស់ថ្នាំ molnupiravir នៅក្នុងប្រទេសមួយដែលមានអត្រានៃការចាក់វ៉ាក់សាំងខ្ពស់។
ទិន្នន័យរបស់ Merck នាពេលកន្លងគឺយោងទៅតាមតែការស្រាវជ្រាវលើមនុស្សដែលមិនទាន់បានចាក់វ៉ាក់សាំងប៉ុណ្ណោះ។ ដូច្នេះគេត្រូវការទិន្នន័យពីការស្រាវជ្រាវលើមនុស្សដែលបានចាក់វ៉ាក់សាំងរួចរាល់វិញម្ដង។ ទិន្នន័យដែល Merck ប្រមូលបានកន្លងមកបង្ហាញថា ថ្នាំ molnupiravir កាត់បន្ថយបាន ៣០% នៃហានិភ័យត្រូវចូលពេទ្យ និងស្លាប់ ចំពោះមនុស្សវ័យចំណាស់ បើសិនជាអ្នកជំងឺឆាប់លេបថ្នាំ៕