Skip to content

១០ ថ្ងៃ​នៃ​ពិធី​រៀប​អភិសេក​របស់​ព្រះ​នាង​នៃ​រាជវង្ស​របស់​ប្រទេស​ព្រុយ​ណេ

ព្រះ​នាង Fadzilah រួម​នឹង​ស្វាមី Al-Hashimi បាន​រៀប​អភិសេក​ជាមួយគ្នា​ដោយ​ប្រើពេល ១០ ថ្ងៃ ក្នុងនោះ​មាន​រាជពិធី​តាម​ប្រពៃណី​ជាច្រើន​ត្រូវបាន​ប្រារព្ធ​ឡើង។

ព្រះ​នាង​របស់​រាជវង្ស​ព្រុយ​ណេ Fadzilah Lubabul Bolkiah ព្រះជន្ម ៣៦ វស្សា រួម​នឹង​ស្វាមី Abdullah Nabil Mahmoud Al-Hashimi ថ្ងៃនេះ​បានបញ្ចប់​ពិធី​អភិសេក​ដែល​អូស​បន្លាយពេល ១០ ថ្ងៃ ដោយ​ចាប់ផ្ដើម​ពីថ្ងៃ​ទី ១៦ មករា។

ក្នុង​រូបថត​ខាងលើ គឺជា​ក្រុម​អ្នក​កំដរ​របស់​កូនកំលោះ នាំ​បណ្ណាការ​មកកាន់​រាជវាំង Nurul Iman កាលពី​ថ្ងៃទី ១៨ មករា។ បណ្ណាការ​ដែល​បាន​នាំយក​ពី​គ្រួសារ​ខាង​ប្រុស​រួមមាន​ដូចជា​ក្រណាត់​ប្រណិត គ្រឿងអលង្ការ និង​វត្ថុ​មានតម្លៃ​ដទៃទៀត។

កាំភ្លើង​ធំ​ចំនួន ១៧ គ្រាប់​ត្រូវបាន​បាញ់​ដើម្បី​បង្ហាញថា រាជវាំង​ព្រុយ​ណេ​បាន​ទទួលយក​បណ្ណាការ​ពី​គ្រួសារ​កូនកំលោះ​រួចហើយ។

ស្វាមី​របស់​ព្រះ​នាង Fadzilah គឺ​លោក Al-Hashhimi ក៏​ស្លៀក​ឈុត​ប្រពៃណី និង​ទទួល​ពរជ័យ​ពី​សំណាក់​រាជវាំង។

ក្នុង​ពិធី​មួយ​នៅ​ថ្ងៃទី ១៨ មករា ព្រះ​នាង Fadzilah គ្រង​ឈុត​ប្រពៃណី​ពណ៌​ក្រហម និង​ទ្រង់​គ្រឿងអលង្ការ​ជាច្រើន​ធ្វើ​អំពី​មាស។ ព្រះ​នាង​លា​ព្រះហស្ត​ទាំងពីរ​លើ​ខ្នើយ ទទួលយក​ពរជ័យ​ពី​សមាជិក​រាជវង្ស។

ថ្ងៃទី ២៣ មករា ព្រះ​នាង Fadzilah និង​ស្វាមី គោរព​ធ្វើតាម​ពិធី Istiadat Bersanding Diraja ដែលជា​ព្រឹត្តិការណ៍​សំខាន់​នៅក្នុង​ពិធី​អភិសេក។

ព្រះ​នាង និង​ស្វាមី គ្រង​ឈុត​ប្រពៃណី​ពណ៌​ស នៅក្នុង​ពិធី Istiadat Bersanding Diraja។

ព្រះ​នាង និង​ស្វាមី ឱនលំទោន​កាយ​គោរព​ដល់​មហាក្សត្រី Duli Raja Isteri ជា​អគ្គមហេសី​របស់​ព្រះបាទ Darussalam Haji Hassanal Bolkiah។ មាតា​របស់​ព្រះ​នាង Fadzilah ព្រះនាម Mariam Abdul Aziz ជា​មហេសី​ទី​ពីរ​របស់​មហាក្សត្រ​ព្រុយ​ណេ។

ថ្ងៃទី ២៥ មករា ដែលជា​ថ្ងៃ​ចុងក្រោយ​នៃ​ពិធី​រៀប​អភិសេក ព្រះ​នាង Fadzilah និង​ស្វាមី​បាន​ចូលរួម​ពិធីជប់លៀង​របស់​រាជ​វាំង ដើម្បី​ជា​កិច្ច​បង្ហើយ​ពិធី​អភិសេក​រយៈពេល ១០ថ្ងៃ។

ព្រះ​នាង Fadzilah និង​ស្វាមី ថតរូប​ជាមួយ​សមាជិក​រាជវង្ស​ព្រុយ​ណេ ក្នុង​ថ្ងៃ​ចុងក្រោយ​នៃ​ពិធី​រៀប​អភិសេក។

ព្រះ​នាង Fadzilah និង​ស្វាមី Al-Hashhimi គង់នៅ​ទី​កណ្ដាល​នៃ​ពិធីជប់លៀង ចំណែក​នៅ​សងខាង​គឺ​មហាក្សត្រ និង​អគ្គមហេសី៕

Leave a Reply

Your email address will not be published. Required fields are marked *