Skip to content

វរសេនីយ៍ទោ​ដែល​បានធ្វើ​រដ្ឋប្រហារ​ទម្លាក់​ប្រធានាធិបតី​របស់ បួ​គី​ណា ហ្វា​សូ ទើបតែ​ត្រូវបាន​ដំឡើង​ឋានន្តរសក្ដិថ្មីៗ

វរសេនីយ៍ទោ Damiba ត្រូវបានតែងតាំង​ជា​មេបញ្ជាការ​ភូមិភាគ​មួយ​ក្នុងចំណោម ៣ របស់​កងទ័ព បួ​គី​ណា ហ្វា​សូ ២ ខែ​មុន​អំពើ​រដ្ឋប្រហារ​ទម្លាក់​ប្រធានាធិបតី Karobe។

វរសេនីយ៍ទោ Paul-Henri Sandaogo Damiba រួម​នឹង​ក្រុមមន្ត្រី​យោធា​ជាច្រើនរូប កាលពី​ថ្ងៃទី ២៤ មករា បានបង្ហាញ​ខ្លួន​លើ​កញ្ចក់​ទូរទស្សន៍​ជាតិ ប្រកាសថា ពួកគេ​បាន​ទម្លាក់​ប្រធានាធិបតី Karobe និង​កំពុង​កាន់កាប់​អំណាច។

Damiba ធ្លាប់ជា​ទាហាន​មួយរូប​នៃ​កង​អង្គរក្ស​ផ្ទាល់​របស់​អតីត​ប្រធានាធិបតី Blaise Compaore។ នេះ​គឺជា​អង្គភាព​សន្តិសុខ​ស្នូល​របស់លោក Compaore ប៉ុន្តែ​ត្រូវបាន​រំសាយ បន្ទាប់ពី​លោក​បាន​ចាក​ចេញពី​កៅអី​ប្រធានាធិបតី កាលពី​ឆ្នាំ ២០១៤។

ក្រោយមក Damiba ក៏ត្រូវ​បាន​បញ្ចូល​ទៅក្នុង​ជួរ​កងទ័ព​ជាតិ ហើយ​ក្រោយមកទៀត​ក៏ត្រូវ​បាន​ដំឡើង​ឋានន្តរសក្ដិ។ កាលពី​ខែវិច្ឆិកា ២០២១ ពោលគឺ​មុន​រដ្ឋប្រហារ ២ ខែ លោក​វរសេនីយ៍ទោ Damiba ត្រូវបាន​ប្រគល់​តំណែង​ជា​មេបញ្ជាការ​ភូមិភាគ​មួយ​ក្នុងចំណោម ៣ របស់ ប្រទេស បួ​គី​ណា ហ្វា​សូ ទទួលបន្ទុក​សន្តិសុខ​របស់​រដ្ឋធានី អួ​ហ្គា​ឌូ​ហ្គូ (Ouagadougou) ដែល​នេះ​បាន​ជួយ​ឱ្យ​លោក​មានអំណាច​កាន់តែខ្លាំង។

ការប្រឹងប្រែង​របស់​ប្រធានាធិបតី នៃ​ប្រទេស បួ​គី​ណា ហ្វា​សូ ដើម្បី​ស្វែងរក​ការគាំទ្រ​បន្ថែម​ពី​កងទ័ព ក្រោយ​ករណី​វាយប្រហារ​របស់​ក្រុម​ប្រដាប់អាវុធ​អ៊ីស្លាម សំដៅលើ​បន្ទាយ​ទាហាន​នៅ​ទីរួមស្រុក Inata ដែល​បានសម្លាប់​ទាហាន ៤៩ និង​ប្រជាជន ៤ នាក់ បាន​បង្កឱ្យមាន​រលក​នៃ​ការប្រឆាំង​រដ្ឋាភិបាល និង​ការអំពាវនាវ​ឱ្យ​លោក Karobe ចុះ​ចេញពី​តំណែង។

Damiba កម្រ​បង្ហាញខ្លួន​ជា​សាធារណៈ និង​ធ្លាប់​ទទួល​ការបណ្ដុះបណ្ដាល​ផ្នែក​យោធា​នៅ ប្រទេស​បារាំង ទទួលបាន​សញ្ញាបត្រ​អនុបណ្ឌិត​ផ្នែក​ឧក្រិដ្ឋកម្ម​វិទ្យា នៅ វិទ្យាស្ថាន​ជាតិ​សិល្បៈ និង​វិជ្ជាជីវៈ​របស់​ប្រទេស​នេះ។ កាលពី​ឆ្នាំមុន លោក Damiba បាន​បញ្ចេញ​សៀវភៅ​មួយ​ក្បាល​វិភាគ​អំពី «ចំណុច​ពិសេស​របស់​លទ្ធិ​ភេរវកម្ម​នៅ អាហ្វ្រិក​ខាងលិច»។

ប្រធាន​វិទ្យាស្ថាន​យុទ្ធសាស្ត្រ និង​ទំនាក់ទំនង​អន្តរជាតិ នៅ​រដ្ឋធានី អៅ​ហ្គា​ឌូ​ហ្គូ លោក Paul Koalaga ឱ្យដឹងថា វរសេនីយ៍ទោ Damiba ទំនងជា​នៅតែមាន​ភក្ដីភាព​ចំពោះ​អតីត​ប្រធានាធិបតី Compaore រួម​នឹង​សម្ព័ន្ធមិត្ត​របស់លោក ក្នុងនោះ​មាន​ឧ​ត្ត​ម​សេនីយ៍ Gilbert Diendere ផងដែរ។

ឧ​ត្ត​ម​សេនីយ៍ Diendere ធ្លាប់​ដឹកនាំ​រដ្ឋប្រហារ​មិនបាន​សម្រេច​កាលពី​ឆ្នាំ ២០១។ លោក​កំពុង​ត្រូវបាន​កាត់ទោស​ទាក់ទង​នឹង​មរណភាព​របស់លោក Thomas Sankara ដែលជា​អតីត​ប្រធានាធិបតី កាន់អំណាច​មុន​លោក Compaore។

ក្រោយ​រដ្ឋប្រហារ ដំណឹង​អំពី​ប្រធានាធិបតី Karobe មិនទាន់​ត្រូវបាន​គេ​បង្ហើប​ឱ្យដឹង​នៅឡើយ។ មន្ត្រី​សន្តិសុខ ២ រូប បាន​និយាយថា លោក Karobe និង​សមាជិក​មួយចំនួន​នៃ​គណៈរដ្ឋមន្ត្រី កំពុង​ត្រូវបាន​ឃាត់ខ្លួន​នៅក្នុង​បន្ទាយ Sangoule Lamizana ក្នុង​រដ្ឋធានី អៅ​ហ្គា​ឌូ​ហ្គូ។ ចំណែក​ប្រភពព័ត៌មាន​ពី​រដ្ឋាភិបាល​និយាយថា លោក Kabore ត្រូវបាន​នាំចេញ​ពី​ភូមិគ្រឹះ​កាលពី​យប់​ថ្ងៃទី ២៣ មករា មុនពេល​ក្រុម​ប្រដាប់អាវុធ​មកដល់ និង​បាញ់រះ​ទៅលើ​រថយន្ត​នានា​នៃ​ក្បួន​រថយន្ត​របស់លោក។

សហគមន៍​សេដ្ឋកិច្ច​អាហ្វ្រិក​ខាងលិច (ECOWAS) បាន​ថ្កោលទោស​ចំពោះ​រដ្ឋប្រហារ​នៅ បួ​គី​ណា ហ្វា​សូ ដោយ​យល់ថា កងទ័ព​ប្រទេស​នេះ ទទួលខុសត្រូវ​ក្នុងការ​ការពារ​សន្តិសុខ​ជូន​ប្រធានាធិបតី Kabore៕

Leave a Reply

Your email address will not be published. Required fields are marked *