វរសេនីយ៍ទោ Damiba ដែលជាអ្នកទទួលខុសត្រូវក្នុងការការពាររដ្ឋធានី អៅហ្គាឌូហ្គូ (Ouagadougou) ប្រកាសទម្លាក់ប្រធានាធិបតី Roch Marc Christian Kabore រំលាយរដ្ឋាភិបាល និងសភា ព្រមទាំងបិទព្រំដែន។
ការប្រកាសនៅលើទូរទស្សន៍ជាតិ បួគីណា ហ្វាសូ (Burkina Faso) កាលពីយប់កន្លងទៅ ក៏បានឱ្យដឹងថា រដ្ឋប្រហារនេះកើតឡើងដោយមិនមានការបង្ហូរឈាម ហើយអ្នកដែលត្រូវបានចាប់ខ្លួន កំពុងស្ថិតក្នុងទីសុវត្ថិភាព។
នៅក្នុងវីដេអូដែលផ្សាយលើកញ្ចក់ទូរទស្សន៍ វរសេនីយ៍ទោ Paul-Henri Sandaogo Damiba ដែលជាមេរដ្ឋប្រហារ ស្លៀកពាក់ឈុតទាហាន និងមួកពណ៌ក្រហម សម្លឹងមើលត្រង់មកកាមេរ៉ា ក្នុងគ្រាដែលថ្នាក់ក្រោមកំពុងអានសេចក្ដីប្រកាស។
កងកម្លាំងរដ្ឋប្រហារដែលហៅខ្លួនឯងថា «ចលនាស្នេហាជាតិដើម្បីការពារ និងស្ដារប្រទេស» (MPSR) បានចោទប្រកាន់ប្រធានាធិបតីនៃប្រទេស បួគីណា ហ្វាសូ ថា បានបង្កឱ្យមានអំពើហិង្សាចំពោះក្រុមប្រដាប់អាវុធអ៊ីស្លាម និងបានសន្យាថា នឹងពន្លឿនដំណើរការផ្ទេរអំណាច។
មកដល់បច្ចុប្បន្ន មិនទាន់ដឹងច្បាស់ថា MPSR ទទួលបានការគាំទ្រពីសំណាក់កងទ័ព បួគីណា ហ្វាសូ ដែរ ឬយ៉ាងណានៅឡើយ។