ទ័ពអាកាសអាម៉េរិក បានប្រគល់កិច្ចព្រមព្រៀងរយៈពេល ៥ ឆ្នាំ ឱ្យ SpaceX ដើម្បីអភិវឌ្ឍមធ្យោបាយដឹកទំនិញ និងជំនួយដោយប្រើប្រាស់រ៉ុក្កែត។
កិច្ចព្រមព្រៀងដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី ១៤ មករា ប៉ុន្តែ ទើបត្រូវបាន AviationWeek ចុះផ្សាយកាលពីពេលថ្មីៗនេះ គឺស្ថិតក្នុងកម្មវិធីដឹកជញ្ជូនតាមរ៉ុក្កែតរបស់បន្ទប់ពិសោធន៍-ស្រាវជ្រាវនៃកងទ័ពអាកាសអាម៉េរិក (AFRL) ដើម្បីទាញយកអត្ថប្រយោជន៍នៃរ៉ុក្កែតពាណិជ្ជកម្មខ្នាតធំសម្រាប់កិច្ចការដឹកជញ្ជូនសកលរបស់ក្រសួងការពារជាតិសហរដ្ឋអាម៉េរិក។
ដោយមានតម្លៃឡើងដល់ ១០២ លានដុល្លារ នេះគឺជាកិច្ចព្រមព្រៀងធំបំផុតមិនធ្លាប់មានពីមុនមក ចំពោះការដឹកជញ្ជូនទំនិញតាមរ៉ុក្កែត នេះបើតាមប្រធានកម្មវិធី លោក Greg Spanjers ដែលបានប្រាប់ Space News កាលពីពេលថ្មីៗនេះ។
កិច្ចព្រមព្រៀងនេះមិនបាននិយាយលម្អិតថានឹងប្រើប្រាស់មធ្យោបាយមួយណារបស់ SpaceX ប៉ុន្តែ កន្លងមក SpaceX ធ្លាប់បានប្រើប្រាស់រ៉ុក្កែត Falcon 9 និង Falcon Heavy នៅក្នុងបេសកកម្មយោធា ស្រាបពេលដែល ប្រធាននាយកប្រតិបត្តិរបស់ SpaceX គឺមហាសេដ្ឋី Elon Musk បាននិយាយថា លោកចាត់ទុក Starship ជាយានរបស់អនាគត។
AFRL មិនទាន់បង្ហើបឱ្យដឹងអំពីពេលវេលាដែលជើងហោះហើរដំបូងត្រូវបានធ្វើឡើង ប៉ុន្តែ មានផែនការបន្ថែមក្រុមហ៊ុនជាច្រើនផ្សេងទៀតទៅក្នុងកម្មវិធីនេះ ទៅតាមពេលវេលាជាក់ស្ដែង៕