Skip to content

ត្រូវ​រលក​យក្ស​កួច​ចូល​សមុទ្រ បុរស​ម្នាក់​ហែល ២៧ ម៉ោង ទើប​ចូលដល់​ឆ្នេរ

(តុង​ហ្គា)-បុរស​ពិការ​ម្នាក់ អាយុ ៥៧ ឆ្នាំ បាន​ហែល​ទឹកសមុទ្រ​ចម្ងាយ​ប្រហែល ៧.៥ គីឡូម៉ែត្រ ក្នុង​រយៈពេល ២៧ ម៉ោង មុននឹង​បានមក​ដល់​ឆ្នេរ បន្ទាប់ពី​ត្រូវបាន​រលក​យក្ស​ដែល​កើតឡើង​ដោយសារ​ប​ន្ទុះ​ភ្នំភ្លើង​កាលពី​សប្ដាហ៍​មុន កួច​ចូល​សមុទ្រ។

Lisala Folau រស់​នៅលើ​កោះ Atata ត្រូវ​រលក​យក្ស​កួច​ចូល​សមុទ្រ​កាលពី​ថ្ងៃទី ១៥ មករា ក្រោយពី​ហេតុការណ៍​ផ្ទុះ​ភ្នំភ្លើង Hunga Tonga-Hunga Ha’apai បានកើត​ឡើង។ បុរស​នេះ​ឱ្យដឹង ប្អូន​គាត់​បាន​ប្រាប់​អំពី​រលក​យក្ស​នៅពេល​កំពុង​លាបថ្នាំ​ផ្ទះ ភ្លាមនោះ រលកធំៗក៏បាន​បោក​មកដល់។

«ខ្ញុំបោះបង់​គ្រប់យ៉ាង និង​ព្យាយាម​រត់គេចខ្លួន ប៉ុន្តែ ខ្ញុំ​គឺជា​ជនពិការ។ ខ្ញុំ​មិនអាច​ដើរ​បាន​ដូច​គេ ជើង​ទាំង ២ របស់ខ្ញុំ​មិន​ដំណើរការ​តាមចិត្ត​ចង់បាន។ សូម្បីតែ​ក្មេង​តូច​ក៏​អាច​ដើរ​លឿន​ជាង​ខ្ញុំ» លោក Folau រៀបរាប់​ដូច្នេះ។

Folau បាន​ឡើងដើមឈើ​ដើម្បី​សុវត្ថិភាព ប៉ុន្តែ នៅពេល​ចុះមក​វិញ ក៏​ស្រាប់តែ​រលក​ធំ​មួយទៀត​បាន​បោកបក់​មកដល់ ហើយក៏​បាន​កួច​គាត់​ទៅកាន់​សមុទ្រ។ លោក​និយាយថា៖ «ខ្ញុំ​អណ្ដែត​លើ​ផ្ទៃ​ទឹក ចំណែក​រលកធំៗក៏​ចេះតែ​បោក​មកកាន់​ខ្ញុំ»។ នៅពេល​ស្ថិត​លើ​ផ្ទៃ​ទឹកសមុទ្រ Folau បានឃើញ​នាវា​របស់​ប៉ូលិស​ដែល​ឆ្លងកាត់​ក្បែរ​នោះ គាត់​បាន​សុំ​ឱ្យជួយ ប៉ុន្តែ មនុស្ស​នៅលើ​នាវា​នោះ​មិនបាន​ឃើញ​គាត់​ឡើយ។

លោក Lisala Folau នៅ​ក្នុង​កិច្ច​សម្ភាស​ជាមួយ​​ទូរទស្សន៍ Broadcom

លោក Folau ត្រូវ​ប្រឹងប្រែង​អស់ពី​សមត្ថភាព​ដើម្បី​ហែល​ឱ្យដល់​ឆ្នេរ ព្រោះតែ​គិតដល់​គ្រួសារ។ ក្រោយ​ការតស៊ូ​ជិត ២៧ ម៉ោង ឆ្លងកាត់​ចម្ងាយ​ផ្លូវ ៧.៥ គីឡូម៉ែត្រ លោក​ក៏បាន​ហែល​ដល់​ឆ្នេរ​របស់​កោះ Tongatapu នៅវេលា​ម៉ោង​ប្រហែល ២២ យប់ នៃ​ថ្ងៃទី ១៦ មករា។ ពេល​ហែល​ដល់​ឆ្នេរ Folau ក៏បាន​សុំឱ្យ​បុរស​ម្នាក់​ជួយ​ទូរស័ព្ទ​ទៅកាន់​គ្រួសារ​គាត់។

កូនស្រី​របស់លោក Folau បាន​បង្ហោះ​រឿងរ៉ាវ​នៃ​ហេតុការណ៍​របស់​ឪពុក​ខ្លួន​នៅលើ​បណ្ដាញ​សង្គម។ នាង​បាន​រៀបរាប់ថា ពេញ​មួយ​យប់ គ្រួសារ​របស់​នាង​រន្ធ​ត់​ចិត្ត​ខ្លាំងណាស់​នៅពេល​ដឹងថា ឪពុក​នាង​បាន​បាត់​ខ្លួន ប៉ុន្តែ ក៏មាន​មោទកភាព​បំផុត​ចំពោះ​ការតស៊ូ និង​ភាពក្លាហាន​របស់​ឪពុក។

រឿងរ៉ាវ​របស់លោក Folau ក៏​ត្រូវបាន​អ្នកលេង​បណ្ដាញ​សង្គម​នៅ តុង​ហ្គា ចែករំលែកតៗគ្នា។ Reuters មិនទាន់​អាច​បញ្ជាក់បាន​អំពី​ការរៀបរាប់​របស់លោក Folau នៅឡើយ។

ភ្នំភ្លើង Hunga Tonga-Hunga Ha’apai បាន​ផ្ទុះ​កាលពី​ថ្ងៃទី ១៥ មករា ២០២២ បង្កើតបានជា​ករណី​ផ្ទុះ «ពាន់​ឆ្នាំមាន​ម្ដង» ដោយ​វា​មាន​កម្លាំង​ប្រហាក់ប្រហែល​នឹង​គ្រាប់បែក​នុយ​ក្លេ​អែរ ៦៦៦ គ្រាប់​បូក​ចូលគ្នា នាំឱ្យមាន​ផេះ ធូលី ខ្ពស់​កប់​អាកាស និង​ធ្វើឱ្យមាន​រលក​យក្ស​វាយប្រហារ​លើ ប្រទេស​តុង​ហ្គា សម្លាប់​មនុស្ស ៣ នាក់ ចំណែក​ការ​ខូច​ខាត់​ទ្រព្យសម្បត្តិ ក៏ត្រូវ​គេ​ជឿថា ច្រើន​រាប់មិនអស់៕

Leave a Reply

Your email address will not be published. Required fields are marked *