Skip to content

ការិយាល័យ​រដ្ឋាភិបាល​របស់​កងទ័ព​រដ្ឋប្រហា​រ​នៅ មី​យ៉ាន​ម៉ា ត្រូវ​រង​ការវាយប្រហារ​ដោយ​គ្រាប់​រ៉ុក្កែត និង​គ្រាប់បែក

(មី​យ៉ាន​ម៉ា)-ប្រភពព័ត៌មាន​ជាច្រើន​បានឱ្យដឹងថា មានការ​ប្រយុទ្ធ​គ្នា​យ៉ាង​សាហាវ​រវាង​កងកម្លាំង​គាំទ្រ​រដ្ឋាភិបាល​ចាស់ និង​កងទ័ព​រដ្ឋប្រហា​រ​មី​យ៉ាន​ម៉ា នៅក្នុង​ទីក្រុង ឡូយខាវ (Loikaw) ក្នុង​រដ្ឋ កាយ៉ា (Kayah)។

កងកម្លាំង​ប្រឆាំង​រដ្ឋប្រហារ កាលពី​ថ្ងៃទី ១៩ មករា បាន​វាយប្រហារ​ទៅលើ​ការិយាល័យ​របស់​កងទ័ព​រដ្ឋប្រហារ ដោយ​ប្រើប្រាស់​គ្រាប់​រ៉ុក្កែត និង​គ្រាប់បែកដៃ បណ្ដាលឱ្យ​ទាហាន​រដ្ឋប្រហារ​យ៉ាងតិច ១៥ នាក់ បាន​បាត់​បង់ជីវិត នេះ​បើតាម​សារព័ត៌មាន AFP ដែល​បាន​ដកស្រង់​ប្រភពព័ត៌មាន​ពី​កងកម្លាំង​ប្រឆាំង​រដ្ឋប្រហារ និង​សារព័ត៌មាន​ក្នុងស្រុក។

ការប៉ះទង្គិច​គ្នា​រវាង​កម្លាំង​រដ្ឋប្រហា​រ និង​សមាជិក​នៃ​កងកម្លាំង​ការពារ​ប្រជាជន (PDF) បានកើត​ឡើង​អស់​ជាច្រើន​ថ្ងៃ​មកហើយ នៅក្នុង​ទីក្រុង​រដ្ឋបាល​របស់រ​ដ្ឋ កាយ៉ា។ កងកម្លាំង​រដ្ឋប្រហារ​បាន​បញ្ជូន​យន្តហោះ​ចម្បាំង និង​កាំភ្លើង​ធំ ទៅ​ជួយ​ដល់​ទាហាន​របស់​ពួកគេ​នៅ​ទីនោះ។

ប៉ូលិស​មី​យ៉ាន​ម៉ា ឱ្យដឹងថា ក្រុម​ទាហាន​ប្រឆាំង​រដ្ឋប្រហារ​ដណ្ដើម​កាន់​កាប់​វិហារ និង​ផ្ទះ​ជាច្រើន​ខ្នង​នៅក្នុង​ទីក្រុង ឡូយខាវ និង​បាន​វាយប្រហារ​លើ​ពន្ធនាគារ​មួយ​ផងដែរ។

ក្នុង​ថ្ងៃទី ១៩ មករា កងកម្លាំង​មួយចំនួន​របស់ PDF បាន​វាយប្រហារ​លើ​ការិយាល័យ​រដ្ឋ​មួយ​នៅក្នុង​ខណ្ឌ​មួយ​នៃ​រដ្ឋ កាយ៉ា បណ្ដាលឱ្យ​ទាហាន​រដ្ឋប្រហារ ១៥ នាក់ បាត់បង់​ជីវិត នៅក្នុង​ការប្រយុទ្ធ​គ្នា​រយៈពេល​ប្រហែល ១ ម៉ោង នេះ​បើតាម​អ្នកនាំពាក្យ​មួយរូប​របស់ រណសិរ្ស​ប្រជាធិបតេយ្យ ការ៉ែន (Karen)។ ក្រុម​នេះ​បាន​ប្រើប្រាស់​គ្រាប់​រ៉ុក្កែត និង​គ្រាប់បែកដៃ​ក្នុងការ​ប្រយុទ្ធ​លើក​នេះ។

សារព័ត៌មាន​ក្នុងស្រុក​ឱ្យដឹងថា ការប៉ះទង្គិច​គ្នា​ខាងលើ បាន​បណ្ដាលឱ្យ​ផ្ទះ​ជាច្រើន​ខ្នង​ត្រូវ​ក្លាយជា​គំនរ​បាក់បែក ដោយសារ​ការវាយប្រហា​រ​ពី​កម្លាំង​រដ្ឋប្រហារ។

អ្នកនាំពាក្យ​របស់​រដ្ឋា​ភិ​បាល​រដ្ឋប្រហារ ហ្ស មីន ទុន (Zaw Min Tun) បានឱ្យដឹងថា កម្លាំង PDF បាន​យក​មូលដ្ឋាន​នានា​របស់​កងទ័ព​មី​យ៉ាន​ម៉ា នៅ ឡូយខាវ និង​ប៉ុស្ដិ៍​មួយចំនួន​ក្នុង​ទីក្រុង ជា​គោលដៅ​សម្រាប់​ការវាយប្រហារ ក្នុង​រយៈពេល​ច្រើន​ថ្ងៃ​មកនេះ៕

 

Leave a Reply

Your email address will not be published. Required fields are marked *