ព្រះនាង Fadzilah នៃរាជាណាចក្រព្រុយណេ ប្រារព្ធព្រះរាជពិធីអភិសេករយៈពេលរហូតដល់ ១០ ថ្ងៃ ជាមួយគូដណ្ដឹង ឈ្មោះ Al-Hashimi។
ព្រះនាង Fadzilah Lubabul Bolkiah វ័យ ៣៦ វស្សា រួមនឹងគូដណ្ដឹង Abdullah Nabil Mahmoud Al-Hashimi ប្រារព្ធរាជពិធីអភិសេក ចាប់ពីថ្ងៃទី ១៦ មករា ដល់ ២៥ មករា។ យោងតាមគេហទំព័រ Hype របស់ ម៉ាឡេស៊ី ព្រះរាជពិធីនានាត្រូវបានប្រារព្ធនៅថ្ងៃដំបូងនៃពិធីអភិសេក ចំណែកពិធី «ចូលរោង» ត្រូវបានធ្វើឡើងមួយថ្ងៃបន្ទាប់ ហើយតមកទៀតគឺជារាជពិធីលៀងសាយភោជន និងចុងក្រោយគឺពិធី «ឆ្លងរោង»។
កាលពីម្សិលមិញ គ្រួសារខាងប្រុសបានបញ្ជូនប្រតិភូជាមេបា ចេញដំណើរពីគេហដ្ឋានរបស់កូនកំលោះ នៅ Darussidiq ក្នុងតំបន់ Jerudong នាំយកគ្រឿងភ័ស្ដុភារបណ្ណាការទៅកាន់រាជវាំង Nurul Iman ជាទីគង់ប្រថាប់របស់មហាក្សត្រព្រុយណេ ដើម្បីសម្ដែងការគោរព។
រាជពិធីត្រូវបានធ្វើឡើងក្រោមការយកចិត្តទុកដាក់ពីសំណាក់សមាជិករាជវង្សជាច្រើនអង្គ ក្នុងនោះក៏មានវត្តមានរបស់អង្គម្ចាស់ Abdul Mateen ដែលជាព្រះអនុជរបស់ព្រះនាង Fadzilah។
កាំភ្លើងធំចំនួន ១៧ គ្រាប់ ត្រូវបានបាញ់ដើម្បីបញ្ជាក់ថា រាជវង្សព្រុយណេ បានទទួលយកបណ្ណាការ។ ក្រុមប្រតិភូមេបាខាងកូនកំលោះ ក៏ត្រូវបានអញ្ជើញឱ្យចូលក្នុងបន្ទប់លៀងសាយភោជនរបស់រាជវាំង Nurul Iman និងត្រូវបានទទួលស្វាគមន៍ដោយសមាជិករាជវង្ស។
ព្រះនាង Fadzilah គឺជារាជបុត្រីរបស់មហាក្សត្រព្រុយណេ Hassanal Bolkiah ជាស្ដេចដែលគ្រងរាជសម្បត្តិបានយូរជាងគេលំដាប់ទី ២ ក្នុងពិភពលោក បន្ទាប់ពីម្ចាស់ក្សត្រី Elizabeth របស់ចក្រភពអង់គ្លេស៕