Skip to content

ក្រុម​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង និង​ក្រុម​នាវា​វាយ​ឡើង​ច្រាំង​របស់ សហរដ្ឋ​អាម៉េរិក ធ្វើ​សមយុទ្ធ​នៅ សមុទ្រ​ចិន​ខាងត្បូង

ក្រុម​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង Carl Vinson និង​ក្រុម​នាវា​វាយ​ឡើង​ច្រាំង Essex កំពុង​ធ្វើ​សមយុទ្ធ​រួមគ្នា​នៅលើ សមុទ្រ​ចិន​ខាងត្បូង ដើម្បី​លើកកម្ពស់​សក្ដានុពលរ​បស់ កងទ័ពជើងទឹក​សហ​រដ្ឋ​អាម៉េរិក នៅក្នុង​តំបន់​នេះ។

កងទ័ពជើងទឹក​សហ​រដ្ឋ​អាម៉េរិក ទើបតែ​បានប្រកាសថា ក្រុម​ប្រយុទ្ធ​នៃ​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង Carl Vinson និង​ក្រុម​ប្រយុទ្ធ​នៃ​នាវា​វាយ​ឡើង​ច្រាំង Essex ទើបតែ​បានធ្វើ​សមយុទ្ធ​វាយលុក​នៅលើ សមុទ្រ​ចិន​ខាងត្បូង។ សមយុទ្ធ​នេះ​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង ២ គ្រឿង បាន​ចូលមក​កាន់​តំបន់ សមុទ្រ​ចិន​ខាត​ត្បូង កាលពី​ថ្ងៃទី ១១ មករា និង​បញ្ចប់​កាលពី​ថ្ងៃទី ១៦ មករា។

វិញ្ញាសា​នៃ​សមយុទ្ធ​នេះ​រួមមាន ការវាយប្រហារ​ដែនសមុទ្រ​ដោយមាន​ការសម្របសម្រួល ការ​ជ្រៀតចូល​តំបន់​សមុទ្រ​របស់​សត្រូវ ការ​ប្រមាញ់​នាវាមុជទឹក ការផ្គត់ផ្គង់​ប្រេង​លើ​សមុទ្រ និង​ការ​ចល័ត​ជា​ទម្រង់។

ប្រកាស​របស់ កងទ័ពជើងទឹក​អាម៉េរិក ឱ្យដឹងថា នេះ​គឺជា​សកម្មភាព​ថ្មី​បំផុត​ដើម្បី​លើកកម្ពស់​លទ្ធភាព​នៃ​ការប្រុងប្រៀប និង​ការសហការ​នៃ​កងទ័ពជើងទឹក នៅក្នុង​តំបន់ ឥណ្ឌូ-ប៉ាស៊ីហ្វិក។

នាវា​ផ្ទុក​យន្តហោះ USS Carl Vinson

នាវា​ផ្ទុក​យន្តហោះ​ចម្បាំង Carl Vinson និង​នាវា​វាយ​ឡើង​ច្រាំង Essex គឺជា​នាវា​ធំ​បំផុត​ក្នុងចំណោម​នាវាចម្បាំងធំៗជាងគេ​របស់ កងទ័ពជើងទឹក​សហ​រដ្ឋ​អាម៉េរិក។

ក្រុម​នាវា Carl Vinson រួមមាន នាវា​ផ្ទុក​យន្តហោះ USS Carl Vinson, នាវា​ល្បាត​មាន​កាំជ្រួច​នាំ​ផ្លូវ​ដោយ​ប្រព័ន្ធ​កំណត់​ទិស USS Lake Champlain, នាវា​ពិឃាត ៣ គ្រឿង​ដែល​រួមមាន USS Michael Murphy, USS O’Kane និង USS Chafee។ ក្រុម​សហការ​ជាមួយ​នាវា Carl Vinson គឺ​ក្រុម​ហោះហើរ​នៅលើ​នាវា​លេខ២ រួមមាន ៩ ក្រុម ដែលមាន​យន្តហោះ​ចម្បាំង​រាប់សិប​គ្រឿង ក្នុងនោះ​មាន​ទាំង​អង្គភាព​យន្តហោះ​បំបាំងកាយ F-35C ផងដែរ។

នាវា​​ផ្ទុក​យន្ត​ហោះ​ វាយប្រហារ​ឡើង​ច្រាំង USS Essex

ក្រុម​ប្រយុទ្ធ Essex រួមមាន នាវា​វាយប្រហារ​ឡើង​ច្រាំង USS Essex ដែលមាន​ផ្ទុក​យន្តហោះ F0-35C និង​ឧទ្ធម្ភាគចក្រ, នាវា​ផែ​វាយ​ឡើង​ច្រាំង USS Pearl Harbor និង​អង្គភាព​វាយ​ឡើង​ច្រាំង​ក្រៅប្រទេស​លេខ ១។

សហរដ្ឋ​អាម៉េរិក និង​បណ្ដា​ប្រទេស​លោកខាងលិច មានដូចជា អង់គ្លេស បារាំង និង អាល្លឺម៉ង់ ជាដើម ថ្មីៗនេះ​បាន​បង្កើន​វត្តមាន​កង​ទ័ព​របស់ខ្លួន​នៅ សមុទ្រ​ចិន​ខាងត្បូង ក្នុង​គ្រា​ដែល​ភាព​តានតឹង​រវាង ចិនដីគោក និង​បណ្ដា​ប្រទេស​នៅជាប់ សមុទ្រ​ចិន​ខាងត្បូង កំពុង​កើនឡើង​ខ្ពស់ ទាក់ទិន​នឹង​ជម្លោះ​ដណ្ដើម​ដែនទឹក និង​កោះ​ទាំងឡាយ​នៅ​តំបន់​នេះ៕

 

Leave a Reply

Your email address will not be published. Required fields are marked *