Skip to content

ជាង ៤០ នាក់ បាន​ស្លាប់ ក្នុង​ហេតុ​ការណ៍​​លិច​ទូក​​នៅ​សមុទ្រ​របស់ ម៉ា​រ៉ុ​ក

ជន​ចំណាកស្រុក​ចំនួន ៤៣ នាក់ ក្នុងនោះ​មាន​ទារក ៣ នាក់ និង​ស្ត្រី ១៤ នាក់ បាន​បាត់​បង់ជីវិត នៅពេលដែល​​ទូក​​ដឹក​ពួកគេ​បាន​លិច​នៅឯ​សមុទ្រ Tarfaya ភាគខាងត្បូង​ប្រទេស​ម៉ា​រ៉ុ​ក។

ប្រភពព័ត៌មាន​ពី អាហ្វ្រិក​ខាងជើង បានឱ្យដឹងថា នៅក្នុង​ប្រកាស​កាលពី​ថ្ងៃទី ១៧ មករា អង្គការក្រៅរដ្ឋាភិបាល Caminando Fronteras របស់ អេ​ស្ប៉ា​ញ ឱ្យដឹងថា ហេតុការណ៍​ដ៏​សន្ធ​ត់​នេះ​កើតឡើង​មួយថ្ងៃ​មុន​នោះ ក្នុងនោះ​ជនរងគ្រោះ​ភាគច្រើន​មកពី​បណ្ដា​ប្រទេស​នៅ​ភាគខាងត្បូង​នៃ​សមុទ្រ​ខ្សាច់ សាហា​រ៉ា របស់ អាហ្វ្រិក។ ក្នុង​ហេតុការណ៍​នេះ មាន​មនុស្ស​ចំនួន ១០ នាក់ ត្រូវបាន​ជួយសង្គ្រោះ។

ក្រុម​ជន​ចំណាកស្រុក​ខាងលើ ត្រូវបាន​គេ​ជឿថា កំពុង​ស្វែងរក​វិធី​ទៅកាន់​ប្រជុំ​កោះ Canary របស់ អេ​ស្ប៉ា​ញ ដែលមាន​ចម្ងាយ​ពី Tarfaya ប្រហែល ១០០ គីឡូម៉ែត្រ។

ស្ថិតនៅ​ភាគ​ពាយព្យ​បង្អស់​របស់ ទ្វីបអាហ្វ្រិក ម៉ា​រ៉ុ​ក គឺជា​ប្រទេស​សម្រាប់​ដំណើរ​ឆ្លងដែន​របស់​ព​ល​រដ្ឋ​ចំណាកស្រុក​មកពី​បណ្ដា​ប្រទេស​នៅលើ​ឆ្នេរ​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក ឬ​តំបន់​មជ្ឈិម​បូ​ពា៍ ដែល​ស្វែងរក​ផ្លូវ​ទៅកាន់ ទ្វីបអឺរ៉ុប។

យោងតាម​របាយការណ៍​មួយ​ដែល​បានប្រកាស​កាលពី​ដើមខែ​នេះ Caminando Fronteras បានឱ្យដឹងថា ជន​ចំណាកស្រុក​ជាង ៤,០០០ នាក់ បាន​ស្លាប់ ឬ​បាត់​ខ្លួន ក្នុង​ឆ្នាំ ២០២១ នៅពេល​ព្យាយាម​ឆ្លង​សមុទ្រ​ទៅកាន់ ប្រទេស​អេ​ស្ប៉ា​ញ ។ តួលេខ​នេះ​គឺ​ច្រើនជាង​ទ្វេដង ធៀប​នឹង​ឆ្នាំ ២០២០។ ចំណែក​ទិន្នន័យ​ថ្មី​បំផុត​របស់​ក្រសួងមហាផ្ទៃ​អេ​ស្ប៉ា​ញ បានឱ្យដឹងថា ក្នុង​ឆ្នាំ ២០២១ មាន​ជន​ចំណាកស្រុក​ខុសច្បាប់​ជាង ៣៧៣,០០០ នាក់ ដែល​ភាគច្រើន​មកពី ម៉ា​រ៉ុ​ក បានមក​ដល់ អេ​ស្ប៉ា​ញ ដោយ​ឆ្លងកាត់​ប្រជុំ​កោះ Balearic និង Canary៕

Leave a Reply

Your email address will not be published. Required fields are marked *