(ឥណ្ឌូណេស៊ី)-ស្ត្រីម្នាក់នៅក្នុងខេត្ត Aceh ត្រូវទទួលទណ្ឌកម្មចំនួន ១០០ រំពាត់ ដោយសារតែល្មើសនឹងច្បាប់ឯកព័ន្ធភាពរបស់សាសនាអ៊ីស្លាម គ្រាដែលបុរសដែលត្រូវគេសង្ស័យថាជាសហាយរបស់នាង ត្រូវបានដាក់ពិន័យត្រឹមតែ ១៥ រំពាត់។
Ivan Najjar Alavi មេដឹកនាំនៃអង្គភាពស៊ើបអង្កេតរបស់ស្ថាប័នរដ្ឋអាជ្ញាក្នុងតំបន់ Aceh ខាងកើត កាលពីថ្ងៃទី ១៣ មករា បានឱ្យដឹងថា ស្ត្រីម្នាក់ដែលមានស្វាមីរួចហើយ នៅមូលដ្ឋាន ត្រូវបានដាក់ទណ្ឌកម្មនៅទីសាធារណៈ ចំនួន ១០០ រំពាត់ បន្ទាប់ពីបានសារភាពកំហុស។
ចំណែកបុគ្គលដែលត្រូវបានសង្ស័យថាជាសហាយរបស់នាង ដែលជាប្រធានស្ថាប័ននេសាទនៅមូលដ្ឋាន និងជាអ្នកដែលមានភរិយារួចហើយ ត្រូវទទួលការពិន័យត្រឹមតែ ១៥ រំពាត់ ដោយសារតែបុគ្គលនេះបដិសេធការចោទប្រកាន់។ Ivan Najjar Alavi បញ្ជាក់ថា ចៅក្រមពិតជាមាន «ការពិបាក» ក្នុងការកាត់ទោសបុរសនេះ។
«ក្នុងសវនាការ បុរសនេះមិនបានសារភាពអ្វីទាំងអស់ ហើយបានបដិសេធរាល់ការចោទប្រកាន់។ ដូច្នេះ ចៅក្រមមិនអាចបង្ហាញថា បុរសនេះមានកំហុស ឬអត់» Ivan Najjar Alavi បានប្រាប់ក្រុមអ្នកយកព័ត៌មានដូច្នេះ។
ជំនួសឱ្យ «បទល្មើសមានសហាយ» បុរសនេះត្រូវបានពិន័យពីបទ «បង្ហាញមនោសញ្ចេតនាជាមួយស្ត្រីដែលមិនមែនជាភរិយា»។ ដំបូងឡើយ បុរសជាប់ចោទត្រូវបានកាត់ទោស វាយ ៣០ រំពាត់ ប៉ុន្តែ ជននេះតវ៉ាបានជោគជ័យ និងត្រូវបន្ថយមកនៅត្រឹម ១៥ រំពាត់។
ជនរំលោភច្បាប់ទាំងពីរខាងលើ ត្រូវបានអ្នកស្រុកចាប់បាត់ភ័ស្ដុតាងជាលើកដំបូងនៅក្នុងចំការដូងប្រេងមួយកន្លែងកាលពីឆ្នាំ ២០១៨។
Aceh គឺជាតំបន់តែមួយគត់របស់ ឥណ្ឌូណេស៊ី ដែលជាប្រទេសមានប្រជាជនភាគច្រើនកាន់សាសនាអ៊ីស្លាម អនុវត្តច្បាប់ Sharia អនុញ្ញាតឱ្យមានការដាក់ទណ្ឌកម្មដោយការវាយនឹងរំពាត់ជាសាធារណៈ ចំពោះស្ត្រីដែលល្មើស «ច្បាប់ក្បត់ប្ដី លេងល្បែងស៊ីសង ផឹកស្រា និងមានទំនាក់ទំនងផ្លូវភេទជាមួយមនុស្សភេទដូចគ្នា»៕