យោងតាមប្រភពព័ត៌មានពី រដ្ឋធានី វៀងចន្ទន៍ ប្រទេសឡាវ នឹងជំរុញការផលិតថ្នាំ Molnupiravir (ឈ្មោះពាណិជ្ជកម្មនៅ ឡាវ គឺ Molacovir) ដើម្បីព្យាបាលអ្នកជំងឺកូវីដ-១៩ ដែលមានអាការស្រាល នៅចំពោះមុខតម្រូវការកាន់តែខ្ពស់របស់ប្រទេសនេះ។
ប្រធានរោងចក្រផលិតឱសថលេខ៣ របស់ ឡាវ វេជ្ជបណ្ឌិត Lahounh Chanthabout ឱ្យដឹងថា តួលេខអ្នកជំងឺកូវីដ-១៩ ដែលត្រូវការព្យាបាល បានកើនឡើងខ្ពស់ក្នុងមួយរយៈពេលចុងក្រោយនេះ។ រោងចក្រនេះបានចាប់ផ្ដើមផលិតថ្នាំ Molacovir តាំងពីខែធ្នូ ២០២១ ហើយមកដល់បច្ចុប្បន្ន បរិមាណថ្នាំដែលរោងចក្រនេះបានផលិត អាចព្យាបាលអ្នកជំងឺកូវីដ-១៩ ប្រហែល ១,០០០ នាក់។ បរិមាណនេះមិនទាន់គ្រប់គ្រាន់តាមតម្រូវការក្នុងស្រុកនៅឡើយ ដូច្នេះ រោងចក្រនឹងបង្កើនការផលិតរបស់ខ្លួន។
សម្រាប់អ្នកជំងឺកូវីដ-១៩ ម្នាក់ ត្រូវការព្យាបាលមួយជាដោយលេបថ្នាំ Molacovir ចំនួន ៤០ គ្រាប់ ហើយ ៤០ គ្រាប់ដែលត្រូវលេបក្នុងរយៈពេល ៥ ថ្ងៃនេះ មានតម្លៃ ៤០០.០០០ គីប ប្រហែល ៣៥.៧ ដុល្លារអាម៉េរិក។
បច្ចុប្បន្ន ដើម្បីប្រើប្រាស់ថ្នាំ Molacovir អ្នកជំងឺត្រូវតែមានអាយុលើសពី ១៨ ឆ្នាំ មានរោគសញ្ញាស្រាល ឬមធ្យម នៃជំងឺកូវីដ-១៩ និងកំពុងស្ថិតក្នុងដំណាក់កាលដំបូងនៃជំងឺ ពិសេសគឺមិនត្រូវមានរោគសញ្ញារលាកសួត ឬខ្វះអុកស៊ីសែន៕