កងកម្លាំងប្រដាប់អាវុធអ៊ីស្លាម ហាម៉ាស (Hamas) ប្រកាសថា បានចាប់ខ្លួន «ត្រីផ្សោតស៊ើបការណ៍ និងជាឃាតករ» ដែលត្រូវបានបំពាក់អាវុធវាយប្រហាររបស់ ប្រទេសអ៊ីស្រាអែល នៅលំហសមុទ្រ ហ្គាហ្សា (Gaza)។
សារព័ត៌មាន Daily Mail (អង់គ្លេស) កាលពីថ្ងៃទី ១២ មករា បានរាយការណ៍ថា ហាម៉ាស បានបង្ហោះវីដេអូមួយនៅលើទំព័ររបស់ចលនានេះ បង្ហាញអំពីអាវុធដែលរឹបអូសបានពី «ត្រីផ្សោតស៊ើបការណ៍»។
អាវុធនេះមានរូបរាងដូចទៅនឹងឧបករណ៍ដែលត្រូវបានប្រើប្រាស់ក្នុងការពិសោធរបស់កងទ័ពជើងទឹករុស្ស៊ី អាម៉េរិក និង អ៊ុយក្រែន នៅក្នុងកម្មវិធីស្ដីពីថនិកសត្វនៅសមុទ្រ។ យោងតាមគេហទមព័រ Hisutton.com ឧបករណ៍ជាអាវុធនេះអាចត្រូវបានបំពាក់នៅលើច្រមុះរបស់សត្វផ្សោត។
ចលនា ហាម៉ាស បានឱ្យដឹងថា សត្វផ្សោតរបស់ កងទ័ពអ៊ីស្រែអែល បានដេញតាមពីក្រោយអង្គភាពប្រយុទ្ធលើសមុទ្ររបស់ពួកគេ។
អ៊ីស្រាអែល មានក្រុមនាវាមុជទឹកឈ្មោះ Dolphin (សត្វផ្សោត) ប៉ុន្តែ ហាម៉ាស យល់ថា កងកម្លាំងរបស់ខ្លួន បានរកឃើញភ្នាក់ងារជាសត្វផ្សោតពិត។
មកដល់បច្ចុប្បន្ន ភាគីខាង អ៊ីស្រាអែល មិនទាន់មានប្រតិកម្មណាមួយទៅនឹងការចោទប្រកាន់ពីសំណាក់ចលនា ហាម៉ាស របស់ ប៉ាឡេស្ទីន នៅឡើយ។
នេះមិនមែនជាលើកដំបូងទេដែលចលនា ហាម៉ាស បានចោទប្រកាន់អង្គភាពស៊ើបការណ៍សម្ងាត់របស់ អ៊ីស្រាអែល ម៉ូស្សាដ (Mossad) ទាក់ទងនឹងការប្រើប្រាស់សត្វផ្សោតសម្រាប់បេសកកម្មស៊ើបការណ៍សម្ងាត់។ កាលពីខែសីហា ២០១៥ ហាម៉ាស ក៏ធ្លាប់បានប្រកាសថា ចាប់បានសត្វផ្សោតមួយក្បាលក្នុងចំណោមក្រុមសត្វផ្សោតស៊ើបការណ៍របស់ អ៊ីស្រាអែល ផងដែរ៕