ប្រជាជនអាល្លឺម៉ង់ អាចទទួលការចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ-១៩ នៅតាមឱសថស្ថាន នៅ ២ សប្ដាហ៍ខាងមុខ។
នេះគឺជាលើកដំបូងដែល អាល្លឺម៉ង់ អនុវត្តរូបមន្តនេះ បន្ទាប់ពីការកំណត់របស់រដ្ឋាភិបាលដែលបានកែប្រែ អនុញ្ញាតឱ្យឱសថស្ថាននានា បើកយុទ្ធនាការចាក់វ៉ាក់សាំងជូនអតិថិជនរបស់ពួកគេ។
យោងតាមប្រភពព័ត៌មានពីរដ្ឋធានីប៊ែឡាំង (Berlin) ក្រោយពីទទួលបានការអនុញ្ញាត ឱសថស្ថានជាច្រើននៅទូទាំងប្រទេស កំពុងត្រៀមដើម្បីអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំង។ លោក Thomas Preis សមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមឱសថការីអាល្លឺម៉ង់ បានឱ្យដឹងថា នឹងត្រូវចំណាយពេលប្រហែលពី ១ ទៅ ២ សប្ដាហ៍ទៀត មុនពេលឱសថស្ថាននានាអាចចាប់ផ្ដើមការចាក់វ៉ាក់សាំង។ បច្ចុប្បន្ន ឱសថស្ថានទាំងឡាយ កំពុងតែធ្វើការបញ្ជាទិញវ៉ាក់សាំង។
លោក Preis បានវាយតម្លៃខ្ពស់ចំពោះយុទ្ធនាការខាងលើ នៅក្នុងគ្រាដែលប្រទេសនេះកំពុងរងការរាតត្បាតខ្លាំងពី កូវីដ-១។ យោងតាមបទបញ្ជាថ្មី បុគ្គលិកនៃឱសថស្ថានត្រូវតែជាមនុស្សដែលមានការបណ្ដុះបណ្ដាលអំពីការចាក់វ៉ាក់សាំង។ ក្រៅពីនេះ ឱសថការីដែលចាក់វ៉ាក់សាំងក៏ទទួលបានប្រាក់កម្រៃដូចទៅនឹង វេជ្ជបណ្ឌិត ផងដែរ។
កាលពីខែធ្នូ ២០២១ អាល្លឺម៉ង់ បានធ្វើវិសោធនកម្មច្បាប់ស្ដីពីការទប់ស្កាត់ កូវីដ-១៩ ដើម្បីបើកផ្លូវឱ្យទីតាំង និងអ្នកជំនាញនានាដូចជា ឱសថស្ថាន ទន្តពេទ្យ និងបសុពេទ្យ អាចចាក់វ៉ាក់សាំងដល់អតិថិជនរបស់ពួកគេ។
គិតមកដល់បច្ចុប្បន្ន ប្រជាជនអាល្លឺម៉ង់ ប្រមាណ ៧២% បានទទួលការចាក់វ៉ាក់សាំងពេញលេញ និង ៤៣.៥% បានទទួលការចាក់វ៉ាក់សាំងដូសជំរុញ៕