កាលពីថ្ងៃទី ៥ មករា ជើងហោះហើរ VN5311 របស់ក្រុមហ៊ុន Vietnam Airlines ដែលហោះពីព្រលាន ណារីតា (Narita) នៅ តូក្យូ មកកាន់ទីក្រុងហាណូយ (Hanoi) ប្រទេសវៀតណាម ត្រូវបានបុរសម្នាក់គំរាម «បាញ់ទម្លាក់ នៅពេលហោះឆ្លងកាត់ឈូងសមុទ្រតូក្យូ»។
នាយកដ្ឋានអាកាសចរណ៍វៀតណាម បានឱ្យដឹងថា កាលពីព្រលប់ថ្ងៃទី ៥ មករា ជើងហោះហើរ VN5311 ពី ណារីតា មកកាន់ ហាណូយ ដែលចេញដំណើរនៅវេលាម៉ោង ១០ កន្លះ (ម៉ោងនៅ ជប៉ុន) មានដឹកមនុស្សចំនួន ៦២ នាក់ ក្នុងនោះមានក្រុមហោះហើរ ១៥ នាក់ និងអ្នកដំណើរ ៤៧ នាក់។
ម៉ោង ១១:១០ នាទី ក្រុមហ៊ុន Vietnam Airlines ប្រចាំ ប្រទេសជប៉ុន បានទទួលទូរស័ព្ទពីមនុស្សម្នាក់ដែលអះអាងថា ជាជនជាតិអាម៉េរិក ហើយនិយាយភាសាជប៉ុន ថា៖ «ជើងហោះហើរ VN5311 ល្អបំផុតគឺត្រលប់មក ណារីតា មិនដូច្នេះទេនឹងត្រូវបានបាញ់ទម្លាក់នៅពេលឆ្លងកាត់ឈូងសមុទ្រតូក្យូ»។
ពេលត្រូវបានសួរជាថ្មី បុរសនោះបញ្ជាក់ថា៖ «ខ្ញុំកំពុងត្រៀមបាញ់ទម្លាក់ VN5311 ពេលហោះឆ្លងឈូងសមុទ្រតូក្យូ ល្អបំផុតគួរតែត្រលប់ក្រោយ»។
ពេលនោះ យន្តហោះចេញដំណើរបានប្រហែល ៤០ នាទីទៅហើយ និងកំពុងត្រៀមឆ្លងកាត់ឈូងសមុទ្រតូក្យូ។ សាខា Vietnam Airlines ប្រចាំ ប្រទេសជប៉ុន ក៏បានរាយការណ៍ដល់សមត្ថកិច្ច និងភាគីពាក់ព័ន្ធនៅ ជប៉ុន និងនៅ វៀតណាម។
ម៉ោងប្រហែល ១៣:០២ នាទី ជើងហោះហើរ VN5311 ក៏បានចុះចតដោយសុវត្ថិភាព និងស្ថិតនៅរយៈពេល ២ ម៉ោង នៅព្រលានយន្តហោះ ហ្វ៊ូគូអូកា (Fukuoka) បន្ទាប់ពីទទួលបានការអនុញ្ញាត។
ក្រោយពីបានកំណត់ច្បាស់ថា យន្តហោះនេះពុំមានសញ្ញាខុសប្រក្រតី អាជ្ញាធរព្រលានយន្តហោះ ហ្វ៊ូគូអូកា ក៏បានប្រកាសអនុញ្ញាតឱ្យជើងហោះហើរ VN5311 ចេញដំណើរមកកាន់ ហាណូយ។ VN5311 បានចេញដំណើរនៅវេលាម៉ោង ១៥:៤៨ នាទី ពី Fukuoka និងមកដល់ ហាណូយ នៅវេលាម៉ោង ១៨:១២ នាទី (ម៉ោងនៅ វៀតណាម) នៃថ្ងៃទី ៥ មករា ដោយចុះចតលើព្រលានយន្តហោះ ណូយបាយ (Noi Bai)។
បច្ចុប្បន្ន ភាគីពាក់ព័ន្ធនៅប្រទេសវៀតណាម និងនៅប្រទេសជប៉ុន កំពុងសហការគ្នាដើម្បីស៊ើបអង្កេតលើករណីនេះ។
VN5311 គឺជាជើងហោះហើរពាណិជ្ជកម្មដំបូងពី វៀតណាម ទៅកាន់ ជប៉ុន នៃក្រុមហ៊ុន Vietnam Airlines រាប់ចាប់តាំងពីប្រទេសទាំងពីរបានបើកឱ្យមានការហោះហើរដូចធម្មតាឡើងវិញ៕