ល្បឿននៃរង្វិលជុំរបស់ផែនដី លឿនជាងមុន ធ្វើឱ្យឆ្នាំ ២០២១ ក្លាយជាឆ្នាំដែលខ្លីជាងមធ្យមភាគ ប្រមាណ ៦៥ មិល្លីវិនាទី។
មនុស្សជាច្រើនប្រហែលជាមិនបានដឹងថា ឆ្នាំ ២០២១ គឺជាឆ្នាំដែលមានរយៈពេលខ្លីជាងគេ ធៀបនឹងធម្មតា។ អ្នកសារព័ត៌មានដែលមានជំនាញខាងវិទ្យាសាស្ត្រ Graham Jones ធ្វើការឱ្យក្រុមហ៊ុន TimeAndDate បានប្រាប់ Newsweek កាលពីថ្ងៃទី ៣១ ធ្នូ ២០២១ ថា ឆ្នាំ ២០២១ ដែលបានកន្លងផុតទៅ មានរយៈពេលខ្លីជាងមធ្យមភាគប្រហែល ៦៥ មិល្លីវិនាទី និងជាឆ្នាំខ្លីបំផុតក្នុងប្រវត្តិសាស្ត្រ។
មូលហេតុដែលនាំឱ្យមានប្រការខាងលើគឺដោយសារល្បឿននៃរង្វិលជុំរបស់ផែនដី។ ការប្រែប្រួលយ៉ាងតិចតួចបំផុតនៅក្នុងល្បឿននៃរង្វិលជុំរបស់ផែនដី ក៏អាចធ្វើឱ្យ ១ ថ្ងៃមានរយៈពេលវែង ឬខ្លីជាងមួយផ្នែកតូចរបស់វិនាទី ធៀបនឹងមធ្យមភាគ ៨៦,៤០០ វិនាទី។
និយាយរួម ក្រុមអ្នកវិទ្យាសាស្ត្រយល់ថា ផែនដី បានគោចរយឺតជាមុនក្នុងមួយរយៈពេលយូរ ធ្វើឱ្យឆ្នាំនានាចេះតែយឺតទៅៗ នេះបើតាម Graham។ ពួកគេយល់ឃើញដូច្នេះ តាមរយៈកត្តាជាច្រើនដូចជា លក្ខណៈភូមិសាស្ត្រ ឬការសង្កេតមើលបាតុភូតសូរ្យគ្រាស។
«ប្រការដ៏គួរឱ្យចាប់អារម្មណ៍ចំពោះឆ្នាំ ២០២០ នោះគឺយើងសង្កេតឃើញថា ការបង្កើនល្បឿននៃការគោចររបស់ផែនដីបានថយចុះ ប៉ុន្តែ វានៅតែមានរង្វិលជុំលឿន ទើបឆ្នាំ ២០២១ កើតឡើងលឿនជាងធម្មតា។ ឆ្នាំនេះក៏អាចនឹងខ្លីជាងមុនបន្តិច ប៉ុន្តែមិនអាចអះអាងប្រាកដប្រជានោះទេ» Graham បកស្រាយដូច្នេះ។
ទិន្នន័យផ្លូវការស្ដីពីកម្រិតនៃភាពយូររបស់ ១ ថ្ងៃ ត្រូវបានប្រកាសដោយការិយាល័យរង្វិលជុំផែនដីអន្តរជាតិ (IERS)។ នេះក៏ជាអង្គការគ្រប់គ្រងលើការកំណត់បង្គ្រប់វិនាទី បើសិនជាល្បឿនរង្វិលជុំរបស់ផែនដី លើស ឬយឺតជាងឆ្ងាយ ធៀបនឹងកាលវិភាគ៕