រដ្ឋមន្ត្រី Lloyd Austin បានទទួលលទ្ធផលវិជ្ជមាននឹង កូវីដ-១៩ បន្ទាប់ពីបានធ្វើតេស្ត និងកំពុងធ្វើចត្តាឡីស័ក ៥ ថ្ងៃ ហើយលោកក៏បានបញ្ជាក់ថា មានអាការស្រាល ដោយសារបានចាក់វ៉ាក់សាំងដូសទី ។
រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាម៉េរិក លោក Lloyd Austin បានប្រកាសដូចខាងលើកាលពីថ្ងៃទី ២ មករា។ លោកថ្លែងថា នឹងចូលរួមកិច្ចប្រជុំនានាតាមរយៈប្រព័ន្ធវីដេអូក្នុងរយៈពេលនៃការធ្វើចត្តាឡីស័ក ៥ ថ្ងៃ។ លោក Austin បន្ថែមថា លើកចុងក្រោយដែលលោកបានជួបប្រធានាធិបតី Joe Biden គឺថ្ងៃទី ២១ ធ្នូ ២០២១ ពោលគឺជាង ១ សប្ដាហ៍មុនពេលមានរោគសញ្ញាដំបូង។
«វេជ្ជបណ្ឌិតសង្កត់ធ្ងន់ថា ការដែលបានចាក់វ៉ាក់សាំងពេញលេញ រួមនឹងដូសជំរុញកាលពីខែតុលា ២០២១ បានជួយឱ្យអាការរោគរបស់ខ្ញុំ ស្រាលជាងឆ្ងាយ ធៀបនឹងការដែលមិនបានចាក់» រដ្ឋមន្ត្រីការពារជាតិអាម៉េរិក ឱ្យដឹងដូច្នេះ។
នេះគឺជាមន្ត្រីមួយរូបក្នុងចំណោមក្រុមមន្ត្រីជាន់ខ្ពស់បំផុតរបស់រដ្ឋាភិបាលលោក Biden ដែលបានឆ្លងវីរុសកូវីដ-១។ កាលពីខែតុលា ឆ្នាំ ២០២១ រដ្ឋមន្ត្រីក្រសួងសន្តិសុខបាតុភូមិ លោក Alejandro Mayorkas ក៏បានឆ្លង កូវីដ-១៩។
ព័ត៌មានខាងលើត្រូវបានលើកឡើងនៅក្នុងគ្រាដែល សហរដ្ឋអាម៉េរិក រឹតបន្តឹងវិធានការទប់ស្កាត់ កូវីដ-១៩ ដោយសារមានការព្រួយបារម្ភអំពី អូមីក្រុង ខណៈដែលប្រទេសនេះក៏ជួបឧបសគ្គក្នុងការធានាលើសមត្ថភាពប្រយុទ្ធដល់ក្រុមទាហាននៅចំពោះមុខជំងឺរាតត្បាតនេះ៕