រថយន្តចំនួន ៨៧៤ គ្រឿង នៅពាសពេញទឹកដីរបស់ បារាំង ត្រូវបានដុតបំផ្លាញចោលនៅក្នុងរាត្រីឆ្លងឆ្នាំ ជាផ្នែកមួយនៃ «ទំនៀមទម្លាប់» ដែលបានកើតមានតាំងតែពីរាប់ទសវត្សរ៍មុននៅប្រទេសនេះ។
ការដុតរថយន្តនេះ ត្រូវបានធ្វើឡើងនៅក្នុងទីក្រុងជាច្រើនរបស់ប្រទេស បារាំង ធ្វើឱ្យក្រុមសមត្ថកិច្ចពិបាកក្នុងការប្រមូលទិន្នន័យ និងស្រាវជ្រាវរកជនដៃដល់។ មកដល់ថ្ងៃទី ១ មករា រថយន្តដែលត្រូវបានគេដុតចោលថ្មីៗ ត្រូវបាននាំមកកន្លែងប្រមូលផ្ដុំដើម្បីធ្វើបច្ចុប្បន្នភាពនៃការខាតបង់។
ដោយសារតែមានការរឹតត្បិតលើការដើរហើរក្នុងបំណងទប់ស្កាត់ កូវីដ-១៩ ចំនួនរថយន្តដែលត្រូវគេដុតនៅក្នុងឆ្នាំនេះ ទាបជាងធៀបនឹងឆ្នាំមុន។ ឆ្នាំ ២០១៩ មានរថយន្ត ១,៣១៦ គ្រឿងត្រូវបានគេដុត និងមនុស្សចំនួន 376 នាក់ត្រូវបានប៉ូលិសសួរនាំ ខណៈដែលឆ្នាំ ២០២១ ចំនួនមនុស្សដែលត្រូវប៉ូលិសសួរនាំ មានចំនួន ៤៤១ នាក់។
ការដុតរថយន្តបានក្លាយជាសកម្មភាពប្រចាំឆ្នាំនៅតំបន់ជាយក្រុងមួយចំនួនរបស់ បារាំង រាប់ចាប់តាំងពីក្រោយអំពើហិង្សាមួយចំនួនដែលកើតឡើងកាលពីឆ្នាំ ២០០៥ នៅក្នុងទីក្រុងមួយចំនួនរបស់ប្រទេសនេះ។ សារព័ត៌មានក្នុងស្រុកបានរាយការណ៍ថា ប៉ូលិស និងកងអាវុធហត្ថប្រមាណ ៩៥,០០០ នាក់ ត្រូវបានដាក់ពង្រាយនៅក្នុងរាត្រីឆ្លងឆ្នាំនៃឆ្នាំនេះ ដើម្បីការពារសន្តិសុខ៕