អាចម៍ផ្កាយមួយដុំដែលមានអង្កត់ផ្ចិតពី ៣៣០ ដល់ ៧៥០ ម៉ែត្រ នឹងគោចរមកក្បែរផែនដី នៅថ្ងៃទី ៧ មករា ខាងមុខ ក្នុងរយៈចម្ងាយស្មើនឹង ១/៣ នៃគម្លាតរវាងផែនដី និងភពសុក្រ។
អាចម៍ផ្កាយដែលមានឈ្មោះថា 496860 (1999 XL136) នេះ នឹងហោះកាត់មុខផែនដី ក្នុងរយៈចម្ងាយ ១៣.៤ លានគីឡូម៉ែត្រ នៅថ្ងៃទី ៧ មករា ២០២២ នេះបើតាមមជ្ឈមណ្ឌលស្រាវជ្រាវវត្ថុអវកាសក្បែរផែនដី (CNEOS) នៃទីភ្នាក់ងារអវកាសអាម៉េរិក (NASA)។ ភពសុក្រដែលនៅក្បែរផែនដីបំផុត មានចម្ងាយឆ្ងាយជាងនេះ ៣ ដង ចំណែកភពអង្គារ (ចម្ងាយប្រហែល ២២៥ លានគីឡូម៉ែត្រ ពីផែនដី) ឆ្ងាយជាងនេះ ១៧ ដង។
អាចម៍ផ្កាយ 496860 (1999 XL136) ហោះហើរក្នុងល្បឿន ៦០,៣៥០ គីឡូម៉ែត្រ លឿនជាងប្រហែល ៣០ ដង ធៀបនឹងយន្តហោះប្រតិកម្ម និង ១៨ ដង ធៀបនឹងគ្រាប់កាំភ្លើងដែលបាញ់ចេញពីកាំភ្លើងវែង (rifle)។
កន្លងមក អាចម៍ផ្កាយនេះធ្លាប់បានហោះមកក្បែរផែនដីលើកចុងក្រោយកាលពីខែមេសា ២០១៧ ហើយបន្ទាប់ពីថ្ងៃទី ៧ មករា ឆ្នាំ ២០២២ វាត្រូវបានគេព្យាករថា នឹងហោះមកក្បែរផែនដីម្ដងទៀតនៅក្នុងខែកក្កដា ឆ្នាំ ២០៣។
អាចម៍ផ្កាយ 496860 (1999 XL136) មានអង្កត់ផ្ចិត ចាប់ពី ៣៣០ ដល់ ៧៥០ ម៉ែត្រ មានន័យថា វាអាចមានទំហំប្រហាក់ប្រហែលនឹងតួ Eiffel នៅប្រទេស បារាំង និងវែងជាងទ្វេដង ធៀបនឹងអគារ Empire State នៅ សហរដ្ឋអាម៉េរិក៕