Skip to content

ក្រុមប្រឹក្សា​ជាតិ​សីលធម៌​វៀតណាម ៖ វ៉ាក់សាំង​ក្នុងស្រុក Nanocovax មាន​ប្រសិទ្ធភាព​ស្របតាម​លក្ខខណ្ឌ​របស់ WHO

ក្រុម​ប្រឹក្សាជាតិ​សីលធម៌​របស់ វៀតណាម បានប្រកាសថា វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩ ឈ្មោះ Nanocovax ដែល​អភិវឌ្ឍ​ក្នុងស្រុក មាន​ប្រសិទ្ធភាព​គ្រប់គ្រាន់​ដែល​អាចបំពេញ​តាម​លក្ខខណ្ឌ​របស់​អង្គការ​សុខភាព​ពិភពលោក (WHO)។

ការប្រកាស​នេះ​ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី ២៩ ធ្នូ ២០២១ បន្ទាប់ពី​កិច្ចប្រជុំ វាយតម្លៃ​លើ​ប្រសិទ្ធភាព​ផ្ទាល់​របស់​វ៉ាក់សាំង Nanocovax ដោយ​ប្រើប្រាស់​ទិន្នន័យ​ស្រាវជ្រាវ​ដែល​ត្រូវ​បានគិត​រហូតមកដល់​ថ្ងៃ ១៣ ធ្នូ ២០២១។ កាលពី​ថ្ងៃទី ១៦ ធ្នូ ២០២១ វ៉ាក់សាំង​របស់ វៀតណាម Nanocovax ក៏ត្រូវ​បាន​ក្រុម​ប្រឹក្សាជាតិ​សីលធម៌ របស់​ប្រទេស​នេះ វាយតម្លៃថា មាន​សុវត្ថិភាព​ផងដែរ។

ទោះជា​យ៉ាងនេះ​ក៏ដោយ ក្រុម​ប្រឹក្សាជាតិ​សីលធម៌​របស់ វៀតណាម ដែលមាន​សមាជិក​ចំនួន ១៥ រូប ត្រូវតែ​បំពេញបន្ថែម​របាយការណ៍​នានា និង​ការសន្យា​ទទួលខុសត្រូវ​ចំពោះ​សុចរិត​ភាព សុក្រឹតភាព និង​ទំនុកចិត្ត​របស់​ទិន្នន័យ និង​លទ្ធផល​នៃ​ការពិសោធ ស្រាវជ្រាវ លើ​មនុស្ស​ដែល​បាន​ប្រើប្រាស់​វ៉ាក់សាំង Nanocovax។

ក្រោយ​ការសម្រេចចិត្ត​ខាងលើ វ៉ាក់សាំង Nanocovax របស់ វៀតណាម អាចនឹងទទួល​បានកា​រ​អនុញ្ញាតឱ្យ​ធ្វើចរាច​រណ៍ និង​ប្រើប្រាស់​បន្ទាន់ នាពេលខាងមុខ។

បច្ចុប្បន្ន វៀតណាម មាន​វ៉ាក់សាំង​ចំនួន ៦ ប្រភេទ​ដែលជា​លទ្ធផល​នៃ​ការផ្ទេរ​បច្ចេកវិទ្យា​ពី​បរទេស និង​អភិវឌ្ឍ​ក្នុងស្រុក ក្នុងនោះ​ក៏មាន​វ៉ាក់សាំង​ Nanocovax របស់​ក្រុមហ៊ុន Nanogen ដែល​មាន​ទីស្នាក់​ការ​កណ្ដាល​នៅ​ទីក្រុង​ ហូជីមិញ ផងដែរ។ បើសិន​ទទួលបាន​ការអនុម័ត​ឱ្យប្រើ​ប្រាស់​បន្ទាន់ Nanocovax ក៏​អាច​នឹង​ត្រូវបាន​ប្រើប្រាស់​ជា​ដូ​ស​ទី ៣ សម្រាប់​ចាក់​ជូន​ពលរដ្ឋ​គោលដៅ​នៅ វៀតណាម៕

Leave a Reply

Your email address will not be published. Required fields are marked *