Skip to content

កម្ពស់​ទឹកសមុទ្រ​អាច​កើនឡើង​ថែម ៥ ម៉ែត្រ​ទៀត និង​ធ្វើឱ្យ​តំបន់​ក្បែរ​សមុទ្រ​ត្រូវ​លិចលង់​នៅ​ឆ្នាំ ៣០០០

ការ​រលាយ​នៃ​ផ្ទាំង​ទឹកកក​ប៉ូល​ខាងត្បូង អាច​បណ្ដាលឱ្យ​កម្ពស់​ទឹកសមុទ្រ​ឡើង​ខ្ពស់ជាង​បច្ចុប្បន្ន ៥ ម៉ែត្រ នៅ​ឆ្នាំ ៣០០០ បើសិនជា​និន្នាការ​កើនឡើង​នៃ​កំដៅ​របស់​ផែនដី​ដូច​បច្ចុប្បន្ន នៅតែ​បន្ត​កើតឡើង។

ព័ត៌មាន​មិនល្អ​ខាងលើនេះ​ត្រូវ​ប្រកាស​ដោយ​សាកលវិទ្យាល័យ Hokkaido កាលពី​ថ្ងៃទី ២២ ធ្នូ ២០២១ នៅលើ​ទស្សនាវដ្ដី Glaciology ដោយយោង​ទៅតាម​ការសិក្សា​ស្រាវជ្រាវ​របស់​ពួកគេ។

ក្រុម​ស្រាវជ្រាវ​បាន​ព្យាករ​ថា បើសិន​មិន​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ បាតុភូត​រលាយ​ផ្ទាំង​ទឹកកក នឹង​រួមចំណែក​ធ្វើឱ្យ​កម្ពស់​ទឹកសមុទ្រ​កើនឡើង​ពី ៧.៨ ដល់ ៣០ សម នៅ​ឆ្នាំ ២១០។ ការ​គណនា​ថ្មី​ស្ដីអំពី​ផ្ទាំង​ទឹក​រលាយ​ជា​បន្តបន្ទាប់​បង្ហាញថា ដល់​ឆ្នាំ ៣០០០ ស្ថានភាព​អាកាសធាតុ​ចេះតែ​ក្ដៅឡើងៗ នឹង​នាំឱ្យ​កម្ពស់​ទឹកសមុទ្រ​កើនឡើង​ថែម​ពី ១.៥ ដល់ ៥.៤ ម៉ែត្រ។

ប្រការ​ខាងលើនេះ​នឹងធ្វើ​ឱ្យ​តំបន់​ប្រជុំជន​នៅក្បែរ​សមុទ្រ ក្លាយជា​ទីតាំង​ដែល​មិនអាច​រស់នៅ​បាន។ កត្តា​សំខាន់បំផុត​ដែល​នៅ​ពីក្រោយ​បាតុភូត​អាក្រក់​បំផុត​ស្ដីពី​កម្ពស់​ទឹកសមុទ្រ​នេះ​គឺ ហានិភ័យ​នៃ​ការ​រលាយ​ផ្ទាំង​ទឹកកក​នៅ​ភាគ​និ​រតិ​នៃ​ប៉ូល​ខាងត្បូង។ ផ្ទាំង​ទឹកកក​នេះ​ស្ថិតនៅក្នុង​តំបន់​ដែល​ទំនងជា​ទាប​ជាង​កម្ពស់​នៃ​ទឹកសមុទ្រ មានន័យថា លំហូរ​ទឹកសមុទ្រ​អាច​នាំយក​ទឹក​ក្ដៅ​ចូលមក​តំបន់​របស់​ផ្ទាំង​ទឹកកក​នេះ។

យោងតាម​ទីភ្នាក់ងារ​អវកាស​អាម៉េរិក (NASA) នេះ​គឺជា​ជំហាន​ដំបូង​នៅក្នុង​ប្រតិកម្ម​ជា​បណ្ដាញ ក្នុងនោះ ទឹក​ក្ដៅ​នឹង​រំលាយ​ស្រទាប់​នៃ​ផ្ទាំង​ទឹកកក​បន្តិចម្ដងៗ ធ្វើឱ្យ​វា​ត្រូវ​រួម​តូច។ នៅពេល​ផ្ទាំង​ទឹកកក​រលាយ​បន្តិចម្ដងៗ ពួកវា​ក៏​លែងមាន​សមត្ថភាព​រក្សា​ទន្លេ​ទឹកកក។ ដូច្នេះ ទន្លេ​ទឹកកក​នឹង​អណ្ដែត​ចេញទៅ​សមុទ្រ​កាន់តែ​លឿន និង​កាន់តែ​សកម្ម។

ដំណើរការ​ខាងលើនេះ​អាច​កើតឡើង​ខ្លាំងក្លា​ជាង​បច្ចុប្បន្ន។ ពីមួយថ្ងៃ ទៅមួយថ្ងៃ ផ្ទាំង​ទឹកកក​អណ្ដែត​ចេញទៅ​សមុទ្រ​ក៏​ចេះតែ​កើនឡើង ធ្វើឱ្យ​ទឹកសមុទ្រ​ចេះតែ​ឡើង​ខ្ពស់។

អាជ្ញាធរ​គ្រប់គ្រង​ដែនអាកាស​និង​បរិយាកាស (NOAA) របស់ សហរដ្ឋ​អាម៉េរិក បានឱ្យដឹងថា កម្ពស់​ទឹកសមុទ្រ​បាន​កើនឡើង​ពី ២១ ទៅ ២៤ សម ចាប់ពី​ឆ្នាំ ១៨៨០។ ល្បឿន​នេះ​បាន​កើន​ទ្វេដង​ចាប់ពី ១.៤ សម/ឆ្នាំ ក្នុង​សតវត្សរ៍​ទី ២០ រហូតដល់ ៣.៦ ម​ម/ឆ្នាំ ចាប់ពី​ឆ្នាំ ២០០៦ ដល់​ឆ្នាំ ២០១៥៕

Leave a Reply

Your email address will not be published. Required fields are marked *