Skip to content

ព្រឹល​ធ្លាក់​យ៉ាង​ក្រាស់​មិន​ធ្លាប់មាន គ្រប​ដណ្ដប់​ពាសពេញ​ផ្ទៃ​ប្រទេស​នៅ សហរដ្ឋ​អាម៉េរិក និង​ជប៉ុន

ព្រឹល​ធ្លាក់​យ៉ាង​ក្រាស់​មិន​ធ្លាប់មាន​ក្នុង​រយៈពេល​ច្រើន​ទសវត្សរ៍​កន្លង ធ្វើឱ្យ​រដ្ឋ​មួយចំនួន​របស់ សហរដ្ឋ​អាម៉េរិក និង​បណ្ដា​ខេត្ត​ភាគ​ខាងលិច​របស់ ប្រទេស​ជប៉ុន ក្លាយជា​ពណ៌​សក្បុស ប៉ះពាល់​ដល់​ការធ្វើដំណើរ​របស់​ប្រជាជន។

ក្រោយ​បាតុភូត​ក្ដៅ​ហួតហែង​អស់​រយៈពេល​ច្រើន​ខែ បង្កឱ្យមាន​ភ្លើង​ឆេះ​ព្រៃ​ជាច្រើន​ករណី បច្ចុប្បន្ន ដល់​វេន​ព្រឹល​វិញ​ម្ដង ដែល​ធ្លាក់​យ៉ាង​ក្រាស់​នៅលើ​តំបន់​ជួរ​ភ្នំ Sierra Nevada លាតសន្ធឹង​ពីរ​ដ្ឋ Nevada ទៅ​រដ្ឋ California របស់ សហរដ្ឋ​អាម៉េរិក។ ក្រុម​អ្នកវិទ្យាសាស្ត្រ​ព្រមាន​ថា សកម្មភាព​ធ្វើដំណើរ​នៅក្នុង​តំបន់ Sierra Nevada អាច​ជួប​ការលំបាក​ខ្លាំង​នៅក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ ដោយសារតែ​ព្រឹល​ធ្លាក់​ក្រាស់​ខ្លាំងពេក។

ព្រឹល​ដែល​បាន​ធ្លាក់ថ្មីៗនេះ​នៅ Sierra Nevada មាន​កម្រាស់ ៤.៩ ម៉ែត្រ ក្រាស់​ជាង​ឆ្ងាយ​ធៀប​នឹង ៤.៦ ម៉ែត្រ ក្នុង​ខែធ្នូ កាលពី​ឆ្នាំ ១៩៧០។

បាតុភូត​ធ្លាក់​ព្រឹល​ដែល​បោកបក់​ពី​ឈូង​សមុទ្រ Alaska ចូលមក​កាន់​តំបន់​ពាយព្យ​របស់ សហរដ្ឋ​អាម៉េរិក កាលពី​ថ្ងៃទី ២៦ ធ្នូ ២០២១ បានធ្វើឱ្យ​ស្រទាប់​ព្រឹល​ឡើងដល់​កម្រាស់ ១៥ សម នៅ​តំបន់ Seattle រដ្ឋ​វ៉ា​ស៊ី​ង​តោន បង្កឱ្យមាន​ការកកស្ទះ​ចរាចរណ៍។

នាយកដ្ឋាន​អាកាសធាតុ​របស់ សហរដ្ឋ​អាម៉េរិក បានឱ្យដឹងថា សីតុណ្ហភាព​ទាប​បំផុត​នៅ Seattle កាលពី​ថ្ងៃទី ២៦ ធ្នូ គឺ -៦.៧ អង្សា​សេ ខណៈដែល​នៅ Bellingham គឺ -១២.៨ អង្សា​សេ ត្រជាក់​ជាង ១.៧ អង្សា​សេ បើ​ធៀប​នឹង​ឆ្នាំ ១៩៧១។

នៅក្នុង​រដ្ឋ​វ៉ា​ស៊ី​ង​តោន និង Oregon តំបន់​ជ្រក​បណ្ដោះអាសន្ន​ជាច្រើន​ត្រូវបាន​បើក បន្ទាប់ពី​នាយកដ្ឋាន​អាកាសធាតុ​ប្រកាសថា សីតុណ្ហភាព​ត្រជាក់​ខ្លាំង​អាច​អូស​បន្លាយពេល​រហូតដល់​ចុង​សប្ដាហ៍។ រដ្ឋ Oregon បានប្រកាស​អាសន្ន​ដោយសារតែ​ភាព​ត្រជាក់ និង​ព្រឹល​ធ្លាក់​យ៉ាង​ក្រាស់។

នៅ ប្រទេស​ជប៉ុន អាកាសធាតុ​ត្រជាក់​ខ្លាំង និង​ព្រឹល​ធ្លាក់​ក៏បាន​ធ្វើឱ្យមាន​បញ្ហា​ជាច្រើន ពិសេស​គឺ​ការកកស្ទះ​ចរាចរណ៍​នៅ ទីក្រុង Hikone ខេត្ត Shiga ភាគ​ខាងលិច​ប្រទេស។ អាជ្ញាធរ​ជប៉ុន បាន​ណែនាំ​ឱ្យ​ប្រជាជនមាន​ការប្រុងប្រយ័ត្ន​ខ្ពស់។

ផ្លូវដែក​នៅ​ភាគ​កណ្ដាល​របស់ ជប៉ុន ក៏ត្រូវ​ផ្អាក​ដំណើរការ​ដោយសារតែ​ព្រឹល​ធ្លាក់​ក្រាស់។ យោងតាម Kansai Electric Power ប្រជាជន​ជប៉ុន ជាង ៣,២០០ គ្រួសារ ត្រូវ​ដាច់​ភ្លើង។

មធ្យោបាយ​ធ្វើដំណើរ​នៅលើ​ដងផ្លូវ​នៅក្នុង ទីក្រុង Hikone ខេត្ត Shiga កាលពី​ថ្ងៃទី ២៧ ធ្នូ ២០២១ ត្រូវ​ជាប់គាំង​ដោយសារតែ​ព្រឹល​កម្រាស់ ៦៨ សម ខ្ពស់ជាង​មធ្យមភាគ​ជិត ៣០ ដង។ នេះ​បើតាម​ទូរទស្សន៍ NHK។

ព្រឹល​ដែល​ក្រាស់​បំផុត​ត្រូវបាន​កត់ត្រា​នៅក្នុង​តំបន់ Aomori ខេត្ត Aomori ភាគ​ឦសាន ប្រទេស​ជប៉ុន ដោយមាន​កម្រ​ស់ ២០០ សម។ ព្រឹល​ក៏​ធ្លាក់​យ៉ាង​ក្រាស់​នៅក្នុង​បណ្ដា​ទីក្រុង ដូចជា Kyoto, Nagota និង Hiroshima។

ក្រុមហ៊ុន​ផ្លូវដែក​ជប៉ុន កាលពី​ថ្ងៃទី ២៧ ធ្នូ បាន​ផ្អាក​ដំណើរការ​រថភ្លើង​ល្បឿន​លឿន​ជា​បណ្ដោះអាសន្ន ក្នុងនោះ​មាន​ទាំង​ខ្សែ​រថភ្លើង​ទៅកាន់​ទីក្រុង Kyoto, Nagota និង Kanazawa ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *