Skip to content

ត្រូវ​ឪពុកម្ដាយ​បោះបង់ចោល​​ឱ្យ​នៅ​កណ្ដាលវាល ទារក​ទើប​កើត​ម្នា​ក់នៅ ឥណ្ឌា រស់រានមានជីវិត​ព្រោះ​ភាពកក់ក្ដៅ​​បាន​ពី​សុនក

ទារិកា​ទើប​កើត​ម្នា​ក់នៅ ប្រទេស​ឥណ្ឌា ត្រូវបាន​អ្នកភូមិ​ប្រទះឃើញ​នៅ​កណ្ដាល​វាលស្រែ ហើយ​នៅ​ជុំវិញ​មាន​សត្វ​សុនក ១ ក្រុម កំពុងផ្ដល់​ភាពកក់ក្ដៅ។

សារព័ត៌មាន​របស់ ឥណ្ឌា សប្ដាហ៍​នេះ​បាន​រាយការណ៍​ថា ទារិកា​ទើប​កើត​ម្នាក់​ត្រូវបាន​អ្នកភូមិ Saristal ក្នុង​ខេត្ត Chhattisgarh រកឃើញ ដោយសារតែ​សំឡេង​យំ។ ទារិកា​នេះ​ត្រូវគេ​ទុកចោល​លើ​វាលស្រែ ក្នុង​សភាព​គ្មានអ្វី​ដណ្ដប់​កាយ ប៉ុន្តែ មិនមាន​របួសស្នាម និង​មាន​សុនក​តូច​ប៉ុន្មាន​ក្បាល​នៅ​ជុំវិញ។

មេ​សុនក​ត្រូវគេ​ជឿថា ជា​អ្នក​ដែល​បានឃើញ​ទារិកា​នេះ​មុនគេ ហើយក៏​ដេក​នៅក្បែរនោះ នាំឱ្យ​កូន​សុនក​ធ្វើតាម។ អ្នកភូមិ​និយាយថា ទារិកា​នេះ​នៅមាន​ជីវិត​ក៏​ប្រហែលជា​ដោយសារ​ទទួលបាន​ភាព​កក់ក្ដៅ​ពី​សុនក នៅក្នុង​គ្រា​ដែល​សីតុណ្ហភាព​ក្នុង​តំបន់​នេះ ថយចុះ​ទាប​ខ្លាំង​នៅពេល​យប់។

ទារិកា​ទើប​កើត​នេះ ត្រូវបាន​គេ​ដាក់ឈ្មោះ​ឱ្យ​ថា Akanksha។ អ្នកភូមិ និង​មន្ត្រី​មូលដ្ឋាន​បាន​រាយការណ៍​ដល់​ប៉ូលិស និង​ទាក់ទង​មន្ត្រី​សុខាភិបាល ដើម្បី​នាំ Akanksha ទៅកាន់​មន្ទីរពេទ្យ។

អ្នកភូមិ​ម្នាក់​ឈ្មោះ Premnath ឱ្យដឹងថា ក្មេង​ទើប​កើត​ដែល​អាច​នៅមាន​ជីវិត​ឆ្លង​រាត្រី​បាន គឺជា «អព្ភូតហេតុ» ព្រោះថា ឆ្កែព្រៃ​ជាច្រើន​ក្បាល​អាចមាន​ភាព​សាហាវ និង​ស្រេកឃ្លាន។

«ពួកគេ​មិនមែនជា​ឪពុកម្ដាយ​ទេ ពួកគេ​គឺជា​ជនល្មើស» Premnath ថ្កោលទោស​អ្នក​ដែល​បាន​បោះបង់ចោល​ទារិកា​ទើប​កើត​នេះ។

ក្រុមមន្ត្រី​មាន​សមត្ថកិច្ច​ក្នុង​តំបន់ បានប្រកាសថា កំពុង​ស៊ើបអង្កេត និង​ស្រាវជ្រាវ​រក​ឪពុកម្ដាយ​របស់​ទារិកា​រូបនេះ ដើម្បី​យកមក​ផ្ដន្ទាទោស​តាមច្បាប់៕

Leave a Reply

Your email address will not be published. Required fields are marked *