កងអនុសេនាធំរថក្រោះយុទ្ធសាស្ត្រចំនួន ២ ក្រុមរបស់ កងទ័ពតៃវ៉ាន់ ធ្វើសមយុទ្ធបាញ់គ្រាប់ពិតប្រឆាំងនឹងការវាយប្រហារឡើងច្រាំង នៅភាគពាយព្យនៃកោះនេះ។
កងរថក្រោះចម្បាំងយុទ្ធសាស្ត្រ CM-11 និង M60A3 របស់ កងទ័ពកោះតៃវ៉ាន់ កាលពីថ្ងៃទី ២១ ធ្នូ បានហ្វឹកហាត់បាញ់គ្រាប់ពិតប្រឆាំងការវាយឡើងច្រាំង នៅឯមជ្ឈមណ្ឌលហ្វឹកហ្វឺន Kengzikou ភាគពាយព្យនៃ កោះតៃវ៉ាន់។
មន្ត្រីយោធាតៃវ៉ាន់ ឱ្យដឹងថា សមយុទ្ធនេះត្រូវបានធ្វើឡើងដើម្បីបង្កើនសមត្ថភាពក្នុងការសហការរវាងកងកម្លាំងរថក្រោះ កែលម្អយុទ្ធវិធីក្នុងបេសកកម្មប្រយុទ្ធរវាងក្រុមរថក្រោះ ទីបញ្ជាការ និងកងអនុសេនាធំ។
សកម្មភាពក្នុងវីដេអូ បង្ហាញថា ក្រុមរថក្រោះរបស់ កងទ័ពតៃវ៉ាន់ ត្រូវបានបញ្ជាឱ្យចូលកាន់ទីតាំង និងបើកការវាយប្រហារទៅលើគោលដៅដែលជា «កងកម្លាំងវាយឡើងច្រាំង» រួមនឹងវិញ្ញាសាស្ដីពីយុទ្ធវិធីជាច្រើនផ្សេងទៀតផងដែរ។
កងទ័ពតៃវ៉ាន់ មានរថក្រោះប្រភេទ M60A3 ប្រមាណ ៤៨០ គ្រឿង, ប្រភេទ CM-11 ចំនួន ៤៥០ គ្រឿង និង CM-12 ចំនួន ២៥០ គ្រឿង។
តៃវ៉ាន់ បានអនុម័តថវិកាប្រមាណ ១.៤៥ ពាន់លានដុល្លារអាម៉េរិក ដើម្បីទិញរថក្រោះយុទ្ធសាស្ត្រ M1A2T Abrams របស់ សហរដ្ឋអាម៉េរិក ចំនួន ១០៨ គ្រឿង ដើម្បីបន្ថែមទៅលើចំនួនរថក្រោះ រថពាសដែកជាង ១,០០០ គ្រឿងដែល កោះនេះកំពុងប្រើប្រាស់ ក្នុងបំណងបង្កើនកម្លាំងការពារខ្លួនពីការវាយលុកណាមួយពីខាងក្រៅ៕