Skip to content

ទារក​ទើប​កើត​ម្នាក់ ត្រូវគេ​យកទៅ​បោះចោល​ក្នុងព្រៃ​ជ្រៅ ២ ថ្ងៃ ប៉ុន្តែ សំណាងល្អ នៅមាន​ជីវិត

(ប្រទេស​ថៃ)-ទារិកា​ទើប​ចាប់កំណើត​ម្នាក់ ត្រូវបាន​ប្រជាជន​ក្នុង​ខេត្ត Krabi ប្រទះឃើញ​នៅមាន​ជីវិត​ក្នុងស្ថានភាព​ត្រូវ​សត្វល្អិត​រោម​ជិត បន្ទាប់ពី​ត្រូវគេ​បោះចោល​ក្នុងព្រៃ​អស់​រយៈពេល ២ ថ្ងៃ។

ទារិកា​នេះ​ត្រូវបាន​គេ​ប្រទះឃើញ​ក្នុង​សភាព​គ្មាន​ខោអាវ ស្ថិតនៅលើ​ស្លឹក និង​មែកឈើ​ក្នុងព្រៃ​ជ្រៅ កាលពី​ចុង​សប្ដាហ៍​មុន។ ពេល​ត្រូវគេ​ចាប់បី ទារិកា​នេះ​ក៏​បើកភ្នែក និង​ស្រែកយំ។ បន្ទាប់មក អ្នក​ដែល​បាន​ប្រទះឃើញ ក៏បាន​ដាក់​ទារិកា​នេះ​ទៅលើ​កន្លែង​ស្អាត និង​រង់ចាំ​ប៉ូលិស និង​រថយន្ត​សង្គ្រោះបន្ទាន់។

លើ​រាងកាយ​ទារិកា​នេះ គេ​ឃើញ​មាន​ស្នាម​ជាំ​នៅលើ​មុខ និង​ជន្លេន រួម​នឹង​សត្វល្អិតផ្សេងៗជាច្រើន វា​ពាសពេញ​ដងខ្លួន។ បន្ទាប់ពី​ត្រូវបាន​តាមដាន​នៅ​មន្ទីរពេទ្យ ទារិកា​នេះ​ត្រូវបាន​បញ្ជាក់ថា មាន​សុខ​ភាពល្អ និង​ពុំមាន​បញ្ហា​អ្វី​ធ្ងន់ធ្ងរ។

មនុស្សម្នា​មានការ​ភ្ញាក់ផ្អើល​ខ្លាំងណាស់ នៅពេល​ឃើញ​ទារិកា​ទើប​កើត​នេះ​នៅមាន​ជីវិត ក្រោយពី​ស្ថិតនៅ​តែម្នាក់ឯង​ក្នុងព្រៃ​ជ្រៅ​ដែល​សម្បូរ​សត្វ​សាហាវ​ដូចជា ពស់ថ្លាន់ ពស់វែក និង​កម្ដៅថ្ងៃ​ខ្លាំង។

អ្នកនាំពាក្យ​របស់​ប៉ូលិស​ក្នុង​តំបន់​បានឱ្យដឹងថា សមត្ថកិច្ច​កំពុង​តាមរក​ស្ត្រី​ជា​ម្ដាយ​របស់​ទារិកា​នេះ ប៉ុន្តែ ដោយសារ​ក្នុងព្រៃ​ពុំមាន​កាមេរ៉ា ដូច្នេះ​ការកំណត់​អត្តសញ្ញាណ​នឹង​ជា​រឿង​លំបាក។

ឯកសារ​នៅក្នុង​មន្ទីរពេទ្យ​ដែល​នៅក្បែរ​កន្លែងកើតហេតុ​បំផុត បាន​បង្ហាញថា ថ្មីៗនេះ​មិនមាន​ស្ត្រី​ណា​ម្នាក់​ឆ្លងទន្លេ​នោះទេ។

«ម្ដាយ​របស់​ទារិកា​នេះ​ទំនងជា​មកពី​តំបន់​ផ្សេង ហើយ​បាន​យក​កូន​មក​ចោល​ក្នុងព្រៃ​នេះ» វរ​សេនី​ឯក​ប៉ូលិស Prasit Yodthong បានបញ្ជាក់​ដូច្នេះ។

អាជ្ញាធរ​ថៃ បានប្រកាសថា នឹងដាក់​ពាក្យ​ប្ដឹង​ប្រឆាំងនឹង​អ្នក​ដែល​បាន​បោះបង់ចោល​ទារិកា​នេះ។ «អ្នក​ដែល​បាន​បោះបង់​ទារិកា​នេះ​គឺ​ដឹង​ច្បាស់​ថា ក្មេង​ទើប​កើត​នេះ​អាច​បាត់​បង់ជីវិត»។

ក្រោយពី​ខាង​មន្ទីរពេទ្យ Khao Phanom បញ្ចប់​ការតាមដាន​សុខភាព ពួកគេ​នឹង​ប្រគល់​ទារិកា​នេះ​ឱ្យទៅ​សមត្ថកិច្ច​ខេត្ត Krabi។ ប៉ូលិស​ក្នុង​តំបន់​ឱ្យដឹងថា ទារិកា​នេះ​ប្រហែលជា​អាច​ត្រូវបាន​នាំទៅ​កាន់​មណ្ឌលកុមារ​កំព្រា៕

Leave a Reply

Your email address will not be published. Required fields are marked *