Skip to content

ឯកអគ្គរដ្ឋទូត​អ៊ីរ៉ង់ ស្លាប់​ដោយសារ ជំងឺ​កូ​វីដ-១៩! អ៊ីរ៉ង់ ទម្លាក់កំហុស​ដាក់​ប្រទេស​ផ្សេង

ក្រសួងការបរទេស​អ៊ីរ៉ង់ បានឱ្យដឹងថា ឯកអគ្គរដ្ឋទូត​រប​ស់​ខ្លួន​ប្រចាំ ប្រទេស​យេ​ម៉ែន បាន​បាត់​បង់ជីវិត​ដោយសារតែ ជំងឺ​កូ​វីដ-១៩ និង​បាន​ចោទប្រកាន់​ប្រទេសមួយ​ចំនួន​ថា បាន​បង្ក​ការលំបាក​ក្នុង​ការនាំ​មន្ត្រី​រូបនេះ​ត្រលប់មក​ប្រទេស។

«Irloo បាន​លាចាក​លោក បន្ទាប់ពី​ត្រូវបាន​បញ្ជូន​ត្រលប់មក ប្រទេស​អ៊ីរ៉ង់ ក្នុង​សភាព​ធ្ងន់ធ្ងរ​បំផុត ព្រោះតែ​ការសហការ​យឺតយ៉ាវរ​បស់​ប្រទេស​មួយចំនួន» ក្រសួងការបរទេស​អ៊ីរ៉ង់ ប្រកាស​កាលពី​ថ្ងៃទី ២១ ធ្នូ ដូច្នេះ។

សារព័ត៌មាន Aljazeera បាន​រាយការណ៍​ថា លោក Irloo ត្រូវបាន​នាំ​ត្រលប់​មកកាន់ ទីក្រុង​តេ​ហេ​រ៉ង់ កាលពី​ថ្ងៃទី ១៨ ខែធ្នូ បន្ទាប់ពី អ៊ីរ៉ង់ និង​ប្រទេស​ជាច្រើន បានដាក់​សម្ពាធ បង្ខំ​ឱ្យ អា​រ៉ា​ប៊ី​សា​អូឌីត ជា​ប្រទេស​ដែល​កំពុង​បិទ​ខ្ទប់​ដែនអាកាស​របស់ យេ​ម៉ែន អនុញ្ញាតឱ្យ​យន្តហោះ​ដឹក​លោក Irloo ហោះ​មកកាន់ អ៊ីរ៉ង់។

សារព័ត៌មាន Wall Street Journal មុន​នោះ បាន​ដកស្រង់​សម្ដី​ក្រុមមន្ត្រី​ក្នុង​តំបន់ ឱ្យដឹងថា អា​រ៉ា​ប៊ី​សា​អូឌីត បានស្នើ​ដល់​ក្រុម​ប្រដាប់អាវុធ Houthi ឱ្យ​ដោះលែង​ទាហាន​មួយចំនួន​របស់ អា​រ៉ា​ប៊ី​សា​អូឌីត ដែល​ត្រូវ​ក្រុម​នេះ​ចាប់​ឃាត់ខ្លួន ដើម្បី​ដោះដូរ​ជាមួយនឹង​ការអនុញ្ញាតឱ្យ​នាំ​ឯកអគ្គរដ្ឋទូត Irloo ត្រលប់​ទៅ អ៊ីរ៉ង់។

ក្រុមមន្ត្រី​របស់ អា​រ៉ា​ប៊ី​សា​អូឌីត និង សហរដ្ឋ​អាម៉េរិក យល់ថា អ៊ីរ៉ង់ ផ្គត់ផ្គង់​កាំជ្រួច​ផ្លោង និង​យន្តហោះ​គ្មាន​មនុស្ស​បើក (UAV) ដល់​ក្រុម Houthi រួម​នឹង​ការបណ្ដុះបណ្ដាល និង​ផ្ដល់​ប្រឹក្សា​ដល់​កងកម្លាំង​នេះ​ផងដែរ។ ក៏ប៉ុន្តែ ភាគី​ខាង អ៊ីរ៉ង់ បាន​បដិសេធ​ការចោទប្រកាន់​នេះ។

អ៊ីរ៉ង់ និង អា​រ៉ា​ប៊ី​សា​អូឌីត បាន​បើក​ការចរចា​ជាច្រើនលើក​នៅក្នុង​ឆ្នាំនេះ ដោយមាន អ៊ីរ៉ាក់ ជា​អ្នកសម្របសម្រួល ដើម្បី​កាត់បន្ថយ​ភាព​តានតឹង ប៉ុន្តែ រហូតមកដល់​បច្ចុប្បន្ន ពុំទាន់​មាន «ផ្លែផ្កា» ល្អ​ណាមួយ​នៅឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *