នាវាផ្ទុកយន្តហោះ Shandong ធ្វើលំហាត់សមយុទ្ធជាក់ស្ដែងនៅលើ សមុទ្រចិនខាងត្បូង ក្នុងគ្រាដែលនាវាផ្ទុកយន្តហោះ Liaoning ធ្វើសមយុទ្ធនៅ មហាសមុទ្រប៉ាស៊ីហ្វិក។
សារព័ត៌មានរដ្ឋចិន កាលពីថ្ងៃទី ១៩ ធ្នូ បានចេញផ្សាយថា នាវាផ្ទុកយន្តហោះ Shandong បានចាប់ផ្ដើមធ្វើដំណើរទៅកាន់ទីតាំងមិនទាន់បានកំណត់មួយ នៅលើ សមុទ្រចិនខាងត្បូង ដើម្បីធ្វើសមយុទ្ធហោះឡើង និងចុះចត ការគ្រប់គ្រងការខូចខាតនៅពេលមានហេតុការណ៍អាក្រក់ និងស្វែងរកជួយសង្គ្រោះនៅលើផ្ទៃសមុទ្រ។
កងទ័ពចិន បានហៅវាថាជាសមយុទ្ធ «ជាក់ស្ដែង» បំណងបង្កើនសក្ដានុពលសម្រាប់នាវាផ្ទុកយន្តហោះ Shandong ដើម្បី «ឆ្លើយតបនឹងតម្រូវការនៃការប្រយុទ្ធផ្នែកជើងទឹកក្នុងសតវត្សរ៍ទី ២១»។
នាវាផ្ទុកយន្តហោះ Shandong ធ្លាប់បានចូលរួមធ្វើសមយុទ្ធម្ដងរួចហើយ នៅ សមុទ្រចិនខាងត្បូង កាលពីខែឧសភា ឆ្នាំ ២០២។ សមយុទ្ធថ្មីបំផុតរបស់នាវាផ្ទុកយន្តហោះ Shandong ត្រូវបានធ្វើឡើងដំណាលគ្នានឹងក្រុមនាវាផ្ទុកយន្តហោះ Liaoning ដែលធ្វើសមយុទ្ធនៅតំបន់ភាគខាងលិចនៃ មហាសមុទ្រប៉ាស៊ីហ្វិក។
ក្រសួងការពារជាតិជប៉ុន កាលពីថ្ងៃទី ១៧ ធ្នូ ឱ្យដឹងថា នាវាផ្ទុកយន្តហោះ Liaoning និងក្រុមនាវាអមការពារ ធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Miyako និងឆ្ពោះទៅកាន់ មហាសមុទ្រប៉ាស៊ីហ្វិក ចាប់ពីថ្ងៃទី ១៦ ធ្នូ។ ក្នុងក្រុមនាវាផ្ទុកយន្តហោះ Liaoning រួមមាន នាវាពិឃាត Type-055, នាវាអមការពារខ្នាតតូច Type-054A, នាវាផ្ទុកឥន្ធនៈ Type-901 និងអាចមាននាវាពិឃាត Type-052D ផងដែរ។
លំហាត់សមយុទ្ធនេះត្រូវបានធ្វើឡើងនៅពេលដែលតំបន់ សមុទ្រចិនខាងត្បូង កំពុងមានភាពតានតឹងខ្លាំងទាក់ទិននឹងជម្លោះដណ្ដើមដែនសមុទ្រ រវាង មហាអំណាចចិន និងប្រទេសមួយចំនួនដែលមានដែនទឹកនៅលើ សមុទ្រចិនខាងត្បូង៕