ជនរងគ្រោះនៅ ប្រទេសហ្វ៊ីលីពីន ដែលបានបាត់បង់ជីវិតដោយសារតែព្យុះសង្ឃរាធំបំផុតប្រចាំឆ្នាំ បានកើនឡើងដល់ ២០៨ នាក់ទៅហើយ។
យ៉ាងហោចណាស់មានអ្នករងរបួស ២៣៩ នាក់ និង ៥២ នាក់ទៀត នៅតែបាត់ខ្លួន បន្ទាប់ពីព្យុះសង្ឃរា Rai បានវាយប្រហារតំបន់ភាគខាងត្បូង និងភាគកណ្ដាលរបស់ប្រជុំកោះ នេះបើតាមអាជ្ញាធរ ហ្វ៊ីលីពីន ដែលបានឱ្យដឹងនៅថ្ងៃនេះ។
ព្យុះកំណាចនេះ បាននាំឱ្យមនុស្សជាង ៣០០,០០០ នាក់ ត្រូវរត់ទៅរកទីសុវត្ថិភាព នៅពេលវាបានបោកបក់ចូលដីគោកកាលពីថ្ងៃទី ១៦ ធ្នូ ២០២១។
គិតត្រឹមថ្ងៃទី ១៩ ធ្នូ ទាហាន ប៉ូលិស កងកម្លាំងល្បាតសមុទ្រ និងក្រុមពន្លត់អគ្គិភ័យរាប់ពាន់នាក់ ត្រូវបានបញ្ជូនទៅកាន់តំបន់រងគ្រោះដើម្បីជួយសង្គ្រោះ និងស្វែងរកប្រជាជនដែលកំពុងបាត់ខ្លួន។
ព្យុះ Rai បានបោកបក់ចូលកោះ Siargao ក្នុងល្បឿន ១៩៥ គីឡូម៉ែត្រ/ម៉ោង ហើយ ១ ថ្ងៃក្រោយមក បានថយចុះមកត្រឹម ១៥០ គីឡូម៉ែត្រ/ម៉ោង។ នេះគឺជាព្យុះទី ១៥ និងជាព្យុះដែលបង្កការស្លាប់ធ្ងន់ធ្ងរបំផុតនៅ ប្រទេសហ្វ៊ីលីពីន ក្នុងឆ្នាំនេះ៕