អាជ្ញាធរខេត្ត Shanxi ភាគខាងជើងនៃ ប្រទេសចិន នាថ្ងៃទី ១៧ ធ្នូ នេះ បានឱ្យដឹងថា កងកម្លាំងជួយសង្គ្រោះកំពុងដុតដៃ ដុតជើង សង្គ្រោះកម្មករ ២១ នាក់ ដែលជាប់នៅក្នុងអណ្ដូងរ៉ែធ្យូងថ្មកំពុងលិចទឹក មួយកន្លែងនៅខេត្តនេះ។
ក្រុមសង្គ្រោះដែលមានគ្នាជាង ៤០០ នាក់ កំពុងរត់ប្រណាំងនឹងពេលវេលាដើម្បីចូលទៅឱ្យដល់កន្លែងដែលកម្មករទាំងនេះកំពុងជាប់គាំង នេះបើតាមអាជ្ញាធរក្នុងតំបន់។ ពួកគេបានដំឡើងម៉ាស៊ីនបូមទឹកមួយចំនួនដើម្បីរំដោះទឹកចេញពីអណ្ដូងរ៉ែ ហើយមកដល់វេលាម៉ោង ៦ ព្រឹក ថ្ងៃទី ១៧ ធ្នូ ទឹកនៅក្នុងអណ្ដូងរ៉ែ បានថយចុះ ២.១ ម៉ែត្រ។
ហេតុការណ៍នេះបានកើតឡើងនៅម៉ោងប្រហែល ២៣ យប់ នៃថ្ងៃទី ១៥ ធ្នូ នៅក្នុងអណ្ដូងរ៉ែធ្យូងថ្មមួយ ក្នុងទីក្រុង Xiaoyi របស់ខេត្ត Shanxi។
យោងតាមការស្រាវជ្រាវដំបូង ការទាញយករ៉ែខុសច្បាប់គឺជាមូលហេតុដែលនាំឱ្យកើតមានគ្រោះថ្នាក់នេះ។ សីតុណ្ហភាពថយចុះ ខណៈដែលខ្យល់បក់ខ្លាំងគឺជាកត្តាដែលបណ្ដាលឱ្យបេសកកម្មជួយសង្គ្រោះប្រែជាលំបាកជាងមុន។
សមត្ថកិច្ចបាន និងកំពុងធ្វើការស៊ើបអង្កេតលើជនសង្ស័យ ៧ នាក់ ដែលទាក់ទិននឹងហេតុការណ៍នេះ និងកំពុងស្វែងរកជនមួយចំនួនទៀតដែលបច្ចុប្បន្នបានគេចខ្លួនបាត់ស្រមោលពីកន្លែងកើតហេតុ៕