Skip to content

សម្លាប់​មនុស្ស​ដើម្បី​បន្លំ​ខ្លួន​ជា​អ្នកស្លាប់ ក្រោយពី​ត្រូវបាន​ដោះលែង​ពីមន្ទីរ​ឃុំ​ឃាំង​ ព្រោះ​មិន​ចង់​ត្រលប់​ចូល​​ពន្ធនាគារ

(ឥណ្ឌា)-ជនសង្ស័យ​ឈ្មោះ Sudesh Kumar ដែល​ត្រូវបាន​ចាប់ខ្លួន​ពីបទ​សម្លាប់​កូន​ខ្លួនឯង ត្រូវបាន​ដោះលែង​ពី​ពន្ធនាគារ​ដោយសារតែ​បញ្ហា កូ​វីដ-១៩ ប៉ុន្តែ បន្ទាប់ពី​បានចេញ​ពី​មន្ទីរឃុំឃាំង ជននេះ​បានសម្លាប់​មនុស្សម្នា​ក់ទៀត ដើម្បីឱ្យ​ខ្លួន​អាច​បន្លំ​ជា​អ្នកស្លាប់។

Sudesh Kumar ជនសង្ស័យ​ដែល​កំពុង​រង់ចាំ​ការកាត់ក្ដី​នៅ​តុលាការ ព្រោះតែ​បានសម្លាប់​កូន​កាលពី​ឆ្នាំ ២០១៨ ត្រូវបាន​ចាប់ខ្លួន​ជាថ្មី​កាលពី​ថ្ងៃទី ១០ ធ្នូ ក្រោយពី​បាន​ប្រព្រឹត្ត​អំពើ​មនុស្សឃាត​មួយ​ករណី​បន្ថែមទៀត និង​បាន​ព្យាយាម​បន្លំ​ខ្លួន​ជា​សាកសព​ជនរងគ្រោះ ក្នុង​បំណង​បានរស់នៅ​ក្រៅ​ឃុំ​ដោយ​លាក់បាំង។

Kumar ត្រូវបាន​ដោះលែង​កាលពី​ឆ្នាំមុន នៅពេល​អាជ្ញាធរ​ធ្វើ​យុទ្ធនាការ​ទប់ស្កាត់ កូ​វីដ-១៩ ដោយ​ការកាត់បន្ថយ​អ្នកទោស​នៅក្នុង​ពន្ធនាគារ។ សមត្ថកិច្ច​បាន​រកឃើញ​សាកសព​របស់​មនុស្សម្នា​ក់​ដែល​ស្លៀកពាក់​ខោអាវ​របស់ Kumar និង​កាន់​អត្តសញ្ញាណប័ណ្ណរ​បស់ជនស​ង្ស័​យ​នេះ នៅ​តំបន់ Ghaziabad ជាយក្រុង New Delhi កាលពី​ខែ​មុន។

«សាកសព​ត្រូវគេ​ដុត​មួយផ្នែក មិនអាច​កំណត់​អត្តសញ្ញាណ​នៅលើ​ផ្ទៃមុខ។ យើង​បាន​ទៅដល់​ផ្ទះ​របស់ Kumar ដើម្បីឱ្យ​ភរិយា​ជននេះ​បញ្ជាក់។ ស្ត្រី​ជា​ភរិយា​បាន​អះអាងថា នេះ​គឺជា​សាកសព​ប្ដី​របស់​នាង ប៉ុន្តែ​មិនអាច​ធ្វើឱ្យ​សមត្ថកិច្ច​ទុកចិត្តបាន នេះ​បើតាម មេ​ប៉ូលិស​ប្រចាំ​តំបន់ Ghaziabad លោក Iraj Raja។

បន្ទាប់មក សមត្ថកិច្ច​ក៏បាន​ទទួល​ព័ត៌មាន​ថា Kumar នៅមាន​ជីវិត។ កាមេរ៉ា​សន្តិសុខ​នៅ​តំបន់​ដែល​ប្ដី​ប្រពន្ធ Kumar រស់នៅ បាន​បង្ហាញថា មនុស្សម្នា​ក់មាន​រូបរាង​ដូច​ជនសង្ស័យ បាន​ដឹក​អ្វីមួយ​ដែល​ដូច​ទៅនឹង​សាកសព ដោយ​ដាក់​នៅលើ​កង់។ ប៉ូលិស​បាន​ចាប់ខ្លួន​ជនសង្ស័យ​នៅ​ខាងក្រៅ​ផ្ទះ​កាលពី​ថ្ងៃទី ១០ ខែធ្នូ។

«ក្នុងពេល​សួរចម្លើយ ជនសង្ស័យ​បាន​ក៏បាន​សារភាព» លោក Raja និយាយ​ដូច្នេះ និង​បន្ថែមថា Kumar និង​ប្រពន្ធ​សុទ្ធតែ​ត្រូវបាន​ចោទប្រកាន់​ពីបទ​មនុស្សឃាត។

Kumar ឱ្យដឹងថា ព្រោះតែ​ខ្លាច​បទបញ្ជា​ដោះលែង​បណ្ដោះអាសន្ន​ដោយសារ​បញ្ហា​កូ​វីដ-១៩ នឹងត្រូវ​បញ្ចប់ឆាប់ៗ ហើយ​អាច​ត្រូវបាន​ចោទ​ពីបទ​មនុស្សឃាត ទើប​ប្រើ​ល្បិចកល​សម្លាប់​មនុស្ស បន្លំ​ខ្លួន​ជា​អ្នក​ដែល​បាន​ស្លាប់ ដើម្បី​មិនត្រូវ​ត្រលប់​ចូល​ពន្ធនាគារ។ ជនសង្ស័យ​បាន​បង្កើត​ទំនាក់ទំនង​មិត្តភក្ដិ​ជាមួយនឹង​ជាងសំណង់​ម្នាក់ រួច​ក៏​ហៅ​ជនរងគ្រោះ​មក​ផ្ទះ​ដើម្បី​ជួសជុលផ្ទះ និង​បាន​យក​ខោអាវ​ឱ្យ​ជនរងគ្រោះ​ស្លៀកពាក់ ហើយក៏​ធ្វើ​សកម្មភាព​សម្លាប់ ក្រោយពី​ជននេះ​ស្រវឹងស្រា។ បន្ទាប់មក ជនសង្ស័យ​បាន​ដុត​ភ្លើង​លើ​ផ្ទៃមុខ​របស់​សាកសព​ដើម្បី​មិនឱ្យ​សមត្ថកិច្ច​អាច​កំណត់​អត្តសញ្ញាណ​ជនរងគ្រោះ៕

Leave a Reply

Your email address will not be published. Required fields are marked *